ដោយ:គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ការបើកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ បើរង់ចាំយកកម្រៃសេវាមមកចិញ្ចឹមបុគ្គលិក មិនអាចរស់បានទេ បើសិនជាគ្មានការវិនិយោគនៅពីក្រោយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មទាក់ទងនឹងការទិញ លក់ ជួលមិនអាចធ្វើឲ្យក្រុមហ៊ុនភ្នាក់ងារអាចធំធាត់ និងឆ្ពោះទៅមុខបានទេ វាប្រឈមមុខនឹងស្លាប់ ឬបិទក្រុមហ៊ុន បើសិនជាក្រុមហ៊ុនណាមួយនោះគ្មានការវិនិយោគដោយខ្លួនឯង ដើម្បីគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនខ្លួនទេនោះ។
លោកបន្តថា “ក្រុមហ៊ុនធំៗដែលអាចឈរជើងបានក្នុងវិស័យនេះ សុទ្ឋតែមានការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅពីក្រោយ ដើម្បីអាចទទួលបានធនធាន យកមកពង្រីកអាជីវកម្មឬក្រុមហ៊ុនសេវាកម្មរបស់ខ្លួនបាន”។ លោកបន្តថា “មានវិធីសាស្រ្តជាច្រើន ដែលអ្នកវិនិយោគ បានប្រើប្រាស់ ដើម្បីបានទទួលជោគជ័យ និងរក្សាបាននូវនិរន្តរភាពក្រុមហ៊ុនរបស់ខ្លួន”។
ជាមួយគ្នានេះ លោកColor Tanអគ្គនាយកក្រុមហ៊ុនYOUNGSEAR Real Estateបានមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា តាមធម្មតាម្ចាស់ក្រុមហ៊ុន ដែលមានទុនវិនិយោគ ពួកគេតែងវិនិយោគលើគម្រោងរបស់ខ្លួន ដើម្បីយកមកចិញ្ចឹមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ព្រោះការរង់ចាំយកសេវាកម្មពីអតិថិជន មិនអាចធ្វើឲ្យក្រុមហ៊ុនឈរជើងបានយូរនៅក្នុងទីផ្សារនេះឡើយ។
លោកបានលើកឡើងនូវឧទាហរណ៍ជាក់ស្តែងមកបញ្ជាក់ថា ដូចជា ក្រុមហ៊ុនភ្នាក់ងារលក់ខុនដូ ម្ចាស់ក្រុមហ៊ុនតែងតែកាត់យកចំណែកណាមួយនៃខុនដូ នោះមកលក់ ដើម្បីទទួលបានកម្រៃសេវាកម្មផង ប្រាក់ចំណេញផង ពិសេសអាចបញ្ចុះតម្លៃជូនអតិថិជនបានច្រើន។
លោកបន្តថា“បើយើងមានតែភ្នាក់ងារអចលនវត្ថុ ចាំលក់ខុនដូមិនទទួលបានជោគជ័យនោះទេ ព្រោះពួកគេនឹងមិនទទួលបានសេវាកម្មបញ្ចុះតម្លៃច្រើន ដូចក្រុមហ៊ុនដែលបានទិញខុនដូក្នុងចំណែកណាមួយយកមកលក់នោះទេ”។ លោកបន្តថា “ក្រុមហ៊ុនមានលទ្ឋភាពវិនិយោគបែបនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស លើសពីក្រុមហ៊ុនភ្នាក់ងារធម្មតា ដោយសារពួកគេបានធ្វើការក្នុងភាពជាដៃគូ និងជាអ្នកវិនិយោគរួមគ្នាក្នុងគំរោងណាមួយនោះ”៕