ប្រទេស​ចិន​វ៉ា​ដាច់​សហរដ្ឋអាមេរិក ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប

0

ដោយៈ​សុខុម

ព្រុស​សែ​ល:  ទីភ្នាក់ងារ​ស្ថិតិ Eurostat របស់​សហភាព​អឺរ៉ុប បានបញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ ទី១៥ កុម្ភៈ​ថា ប្រទេស​ចិន កាលពី​ឆ្នាំមុន​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក ដោយបាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល។

ទីភ្នាក់ងារ​នេះ​លើកឡើង​ទៀតថា សហរដ្ឋអាមេរិក បាន​ធ្លា​ក់មក​ត្រឹម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី២ របស់​សហភាព​អឺរ៉ុប ហើយ​ប្រទេស​អង់គ្លេស ដែល​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ទៅហើយនោះ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី៣ ។

ការ​វ៉ា​ដាច់​សហរដ្ឋអាមេរិក​នេះ​បានកើត​ឡើង ក្រោយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ទទួលរង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ អំឡុង​ត្រីមាស​ទី១ ប៉ុន្តែ​បាន​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ដោយនៅ​ដំណាច់ឆ្នាំ២០២០ តម្រូវការ​ប្រើប្រាស់​បាន​កើនឡើង​លើស​កម្រិត​ក្នុង​ឆ្នាំ២០១៩ ទៅទៀត។

កត្តា​នេះ​បាន​ជួយ​ជំរុញ​ការលក់​ផលិតផល​អឺរ៉ុប ជាពិសេស​នៅក្នុង​វិស័យ​រថយន្ត និង​ទំនិញ​ប្រណីត  ខណៈ​ការនាំចេញ​របស់​ប្រទេស​ចិន ទៅកាន់​អឺរ៉ុប ទទួលផល​ពី​តម្រូវការ​ឧបករណ៍​វេជ្ជសាស្ត្រ និង​គ្រឿង​អេឡិចត្រូនិក​កើនឡើង​ខ្លាំង។

ការធ្លាក់​តំណែង​របស់​សហរដ្ឋអាមេរិក ពី​ឋានៈ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប កើតមានឡើង ខណៈ​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន កំពុង​ស្វះស្វែង​ផ្ដល់​សច្ចានុមតិ (អនុម័ត) កិច្ចព្រមព្រៀង​វិនិយោគ​រយៈពេល​វែង​មួយ ដែល​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​នានា​របស់​សហភាព​អឺរ៉ុប ចូលមកក្នុង​ទីផ្សារ​ចិន​កាន់តែ​ទូលំទូលាយ។

ទីភ្នាក់ងារ​ស្ថិតិ Eurostat និយាយថា ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន បាន​ឈានដល់ ៥៨៦ ពាន់​លាន​អឺរ៉ូ (៧១១ ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ២០២០ បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដែលមាន​ត្រឹម៥៥៥ពាន់​លាន​អឺរ៉ូ (៦៧៣ ពាន់​លាន​ដុល្លារ​អាមេរិក) ។

ទីភ្នាក់ងារ​នេះ​បាន​បន្តថា ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប បាន​កើនឡើង២,២% ដល់២០២,៥ពាន់​លាន​អឺរ៉ូ (២៤៥,៥ ពាន់​លាន​ដុល្លារ) ហើយ​ទន្ទឹមនេះ​ការនាំ​ចូល​ពី​ប្រទេស​ចិន បាន​កើនឡើង៥,៦% ដល់ ៣៨៣,៥ ពាន់​លាន​អឺរ៉ូ (៤៦៥ ពាន់​លាន​ដុល្លារ​អាមេរិក) ។

ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប ទៅកាន់​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ ១៣,២% ក្នុង​រយៈពេល​ដូចគ្នា ហើយ​ការ​នាំចូល​ធ្លាក់ចុះ៨,២% ។

ទីភ្នាក់ងារ​ស្ថិតិ Eurostat និយាយថា ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អង់គ្លេស បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០២០ ជា​ឆ្នាំ​ដែល​ប្រទេស​អង់គ្លេស បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ជា​ផ្លូវការ ប៉ុន្តែ​ត្រូវ​ស្ថិតក្នុង​រយៈពេល​អន្តរ​កាល​រហូតដល់​ថ្ងៃទី៣១ ធ្នូ។ ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប ទៅកាន់​ប្រទេស​អង់គ្លេស បាន​ធ្លាក់ចុះ១៣,២% ចំណែកឯ​ការនាំ​ចូល​ឆ្លង​ព្រែកជីក​អង់គ្លេស បាន​ធ្លាក់ចុះ ១៣,៩% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here