ដោយៈសុខុម
ព្រុសសែល: ទីភ្នាក់ងារស្ថិតិ Eurostat របស់សហភាពអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃច័ន្ទ ទី១៥ កុម្ភៈថា ប្រទេសចិន កាលពីឆ្នាំមុនបានវ៉ាដាច់សហរដ្ឋអាមេរិក ដោយបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។
ទីភ្នាក់ងារនេះលើកឡើងទៀតថា សហរដ្ឋអាមេរិក បានធ្លាក់មកត្រឹមជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់សហភាពអឺរ៉ុប ហើយប្រទេសអង់គ្លេស ដែលបានចាកចេញពីសហភាពអឺរ៉ុប ទៅហើយនោះគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ ។
ការវ៉ាដាច់សហរដ្ឋអាមេរិកនេះបានកើតឡើង ក្រោយសេដ្ឋកិច្ចរបស់ប្រទេសចិន ទទួលរងផលប៉ះពាល់ខ្លាំង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ អំឡុងត្រីមាសទី១ ប៉ុន្តែបានងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយនៅដំណាច់ឆ្នាំ២០២០ តម្រូវការប្រើប្រាស់បានកើនឡើងលើសកម្រិតក្នុងឆ្នាំ២០១៩ ទៅទៀត។
កត្តានេះបានជួយជំរុញការលក់ផលិតផលអឺរ៉ុប ជាពិសេសនៅក្នុងវិស័យរថយន្ត និងទំនិញប្រណីត ខណៈការនាំចេញរបស់ប្រទេសចិន ទៅកាន់អឺរ៉ុប ទទួលផលពីតម្រូវការឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងអេឡិចត្រូនិកកើនឡើងខ្លាំង។
ការធ្លាក់តំណែងរបស់សហរដ្ឋអាមេរិក ពីឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប កើតមានឡើង ខណៈសហភាពអឺរ៉ុប និងប្រទេសចិន កំពុងស្វះស្វែងផ្ដល់សច្ចានុមតិ (អនុម័ត) កិច្ចព្រមព្រៀងវិនិយោគរយៈពេលវែងមួយ ដែលនឹងជួយឱ្យក្រុមហ៊ុននានារបស់សហភាពអឺរ៉ុប ចូលមកក្នុងទីផ្សារចិនកាន់តែទូលំទូលាយ។
ទីភ្នាក់ងារស្ថិតិ Eurostat និយាយថា ទំហំពាណិជ្ជកម្មជាមួយចិន បានឈានដល់ ៥៨៦ ពាន់លានអឺរ៉ូ (៧១១ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២០ បើធៀបនឹងទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលមានត្រឹម៥៥៥ពាន់លានអឺរ៉ូ (៦៧៣ ពាន់លានដុល្លារអាមេរិក) ។
ទីភ្នាក់ងារនេះបានបន្តថា ការនាំចេញរបស់សហភាពអឺរ៉ុប បានកើនឡើង២,២% ដល់២០២,៥ពាន់លានអឺរ៉ូ (២៤៥,៥ ពាន់លានដុល្លារ) ហើយទន្ទឹមនេះការនាំចូលពីប្រទេសចិន បានកើនឡើង៥,៦% ដល់ ៣៨៣,៥ ពាន់លានអឺរ៉ូ (៤៦៥ ពាន់លានដុល្លារអាមេរិក) ។
ការនាំចេញរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១៣,២% ក្នុងរយៈពេលដូចគ្នា ហើយការនាំចូលធ្លាក់ចុះ៨,២% ។
ទីភ្នាក់ងារស្ថិតិ Eurostat និយាយថា ពាណិជ្ជកម្មជាមួយប្រទេសអង់គ្លេស បានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២០ ជាឆ្នាំដែលប្រទេសអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ជាផ្លូវការ ប៉ុន្តែត្រូវស្ថិតក្នុងរយៈពេលអន្តរកាលរហូតដល់ថ្ងៃទី៣១ ធ្នូ។ ការនាំចេញរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសអង់គ្លេស បានធ្លាក់ចុះ១៣,២% ចំណែកឯការនាំចូលឆ្លងព្រែកជីកអង់គ្លេស បានធ្លាក់ចុះ ១៣,៩% ៕