ដោយៈ រ៉ាណេត
ភ្នំពេញៈ តើគួរទិញដីនៅទីតាំងណា ប្រសិនជាស្ថានភាពអចលនទ្រព្យ និងសេដ្ឋកិច្ចដាំក្បាលចុះ? ចម្លើយគឺគួរទិញនៅទីតាំងណាមួយ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរាជធានីមែនទេ? ។
លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងមកថា នៅពេលដែលស្ថានភាពអាក្រក់ ការទិញ-លក់ មានភាពស្ងប់ស្ងាត់ ដែលអាចឱ្យតម្លៃនៅទ្រឹងឬចុះថោក ការវិនិយោគដីធ្លីគួរធ្វើនៅតំបន់ជាយក្រុង ឬតំបន់ផ្លូវក្រវ៉ាត់ក្រុងនានា។
លោកបន្តថា “ប្រសិនជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកទិញក៏អាចមានឱកាសចរចាតម្លៃទាបជាងទីផ្សារ ដែលអាចលក់យកចំណេញ នៅក្រោយពេលស្ថានភាពល្អប្រសើរឡើងវិញ” ។
ទោះជាយ៉ាងណា លោកឧកញ៉ាតេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា នៅមានពេលរក្សាបានលំនឹងយូរទៀត ដោយមិនទាន់មានសញ្ញាណាមួយបង្ហាញពីចំណុចអវិជ្ជមាននោះទេ ប៉ុន្តែប្រសិនបើស្ថានភាពអាក្រក់ក្នុងវិស័យមួយនេះកើតមានមែន សំណួរសួរថា តើគួរទិញដីទុក ឬទេ ហើយបើទិញ គួរទិញនៅតំបន់ណា? ក្នុងស្ថានភាពជាប់គាំង វាក៏អាចជាឱកាសល្អសម្រាប់អ្នកវិនិយោគឆ្លៀតឱកាសផងដែរ។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងផងដែរថា សកម្មភាពទិញលក់ អចលនទ្រព្យ និងការសាងសង់សំណង់អាគារពាណិជ្ជកម្មនានា នៅតែមានសកម្មភាព និងបន្តកើនឡើង ដោយមិនមានសញ្ញាអ្វីធ្វើឲ្យវិស័យនេះ ជាប់គាំងនៅឡើយទេ ព្រោះស្ថានភាពសេដ្ឋកិច្ច និងនយោបាយកម្ពុជានៅតែមានស្ថេរភាព និងសេដ្ឋកិច្ចនឹងបន្តរក្សាបានកំនើន ទោះជាកម្ពុជាប្រឈមការដកប្រព័ន្ឋអនុគ្រោះពន្ឋលើគ្រប់មុខទំនិញ លើកលែងតែអាវុធ (EBA) ក៏ដោយ ក៏រដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ និងធ្វើពិពិធកម្មទីផ្សាររួចទៅហើយ។
លោកបន្តថា “ខ្ញុំឧទាហរណ៍ថាសេដ្ឋកិច្ចកម្ពុជា និងពិភពលោកធ្លាក់ចុះ ពិតណាស់វិស័យនេះនឹងរងផលប៉ះពាល់ដោយជៀសមិនរួច ហើយផលប៉ះពាល់កម្រិតណា វាអាស្រ័យលើភាពឆ្លាតវៃរបស់រដ្ឋាភិបាល” ។ លោកបន្តថា “សំរាប់អ្នកវិនិយោគ ពួកគេមានការគិតគូរវែងឆ្ងាយណាស់ ហេតុនេះផលប៉ះពាល់តិចឬច្រើន អាស្រ័យលើគុណភាពនៃការគិត និងការសម្រេចចិត្តរបស់ពួកគេ” ។
លោកយិន លាងគង់ បានបន្តថា បើសិនជាសេដ្ឋកិច្ចធ្លាក់ចុះ អចលនទ្រព្យជាប់គាំងគួរទិញដីទុកឬទេ? គឺគួរតែបន្តទិញ ព្រោះការទិញដីនៅតែមានឳកាសចំណេញ សំរាប់អ្នកវិនិយោគឆ្លាតវៃ គឺបើទិញដីឡូត៍គួរទិញដីរមណីយដ្ឋាន បើទិញដីគួរទិញដីនៅក្នុងទីក្រុង និងតំបន់ជាយក្រុងនានា ព្រោះតំបន់ទាំងនេះមានសកម្មភាពសេដ្ឋកិច្ចនៅតែរសរវើក តំបន់ទាំងនេះមានមនុស្សច្រើនរស់នៅ តំបន់ទាំងនេះមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដែលហុចផលវិជ្ជមានដល់ការវិនិយោគ និងសកម្មភាពទិញលក់នៅតែបន្តកើតមាន។
អគ្គនាយកក្រុមហ៊ុន Premium Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ឲ្យដឹងផងដែរថា បើមើលតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ការទិញ-លក់ ដីធ្លី ហាក់មានៅភាពស្ងប់ស្ងាត់បន្តិចមែន ជាពិសេសលើផ្នែកដីឡូតិ៍ ប៉ុន្តែមិនមែនន័យថា វិស័យអចលនទ្រព្យនៅកម្ពុជា បានជួបភាពជាប់គាំងនោះទេ។
លោកបានបញ្ជាក់ថា “បើតាមខ្ញុំមើលឃើញពេលនេះ វាមិនមានសញ្ញាណាមួយដែលបង្ហាញថា វិស័យអលចនទ្រព្យនៅកម្ពុជាបានជាប់គាំងនោះទេ តើយកអ្វីមកអះអាងដែលអាចបញ្ជាក់ថាវិស័យមួយនេះជាប់គាំង?” ។ លោកពន្យល់ថា “អ្វីជាការសំអាង គឺយើងឃើញសកម្មភាពសាងសង់ សំណង់អគារតូចធំជាច្រើន ដូចជាសំណង់ខុនដូ អាផាតមិន ឬអគារមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម គឺកំពុងតែមានសកម្មភាពយ៉ាងសកម្ម ជាពិសេសលើវិស័យសំណង់លំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដែលទីផ្សារកំពុងតែមានតម្រូវខ្ពស់” ៕