វឌ្ឍនភាពៈលោកស៊ុន ចាន់ថុលចុះពិនិត្យផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាបខណៈការ​សាងសង់សម្រេបាន១៨ភាគរយ

0

ដោយ:គង់ សូរិយា

សៀមរាបៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យស្ថានភាព នៃការស្ថាបនាផ្លូវ ប្រព័ន្ឋលូ ទាំង៣៨ខ្សែនៅក្រុងសៀមរាប ដែលរហូតមកទល់ពេលនេះ ការសាងសង់សម្រេចបាន១៨ភាគរយហើយ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេក​ទេ​សសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តន៍ ឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជា ដើម្បីពិនិត្យគុណភាពនៃការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ។​ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់ការដ្ឋាន​ ក៏ជាបញ្ហាដែលត្រូវបានយកចិត្តទុកដាក់ផងដែរ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹក ភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

គំរោងនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប ដើម្បី ពិនិត្យលើ លក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដាបច្ចេកទេស ធានា បាននូវ គុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន ប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន វឌ្ឍន ភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀម​រាប គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន១៨%ហើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹក កខ្វក់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសុវត្ថិភាព សុខ ភាពសាធារណៈ និងការអភិរក្សជីវចម្រុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here