ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតស៊ីវិល័យរបស់ខេត្តព្រះសីហនុដែលលម្អទៅដោយសំណង់អគារខ្ពស់ជាច្រើនស្អេកស្កះបម្រើដល់វិស័យពាណិជ្ជកម្ម សេវាកម្ម និងជាលំនៅដ្ឋានបែបទំនើប និងប្រណីតភាព រួមជាមួយវិថី និងមហាវិថីធំៗជាច្រើនខ្សែដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសាខាងមុខនេះ ខេត្តព្រះសីហនុនឹងក្លាយជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈគណនីទំនាក់ទំនងផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតនៃទិដ្ឋភាពក្រុងព្រះសីហនុជាច្រើនទីតាំង។
ជាមួយនឹងការបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃសំណង់អាគារខ្ពស់យ៉ាងស្អេកស្កះរួមជាមួយហេដ្ឋារចនាសម្ព័ន្ធទាំង៣៤ខ្សែដែលនឹងត្រូវរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសាខាងមុខនេះ សម្ដេចក៏បានសរសេរសារផងដែរថា “ពិតជាប្លែកភ្នែកមែនសម្រាប់ក្រុងព្រះសីហនុនៃប្រទេសកម្ពុជាក្រោយពីការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៤ខ្សែរួចរាល់នោះ!”។
សម្ដេចបានបន្តទៀតថា “ក្រោយពីការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៤ខ្សែរួចរាល់ហើយនោះ នឹងធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះមានភាពស៊ីវិល័យ ទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ”។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍បញ្ជាក់នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែខាងលើនេះថា សមិទ្ធផលថ្មីៗនៅលើទឹកដីខេត្តព្រះសីហនុ គឺជាផលប្រយោជន៍របស់បងប្អូនដែលរស់នៅខេត្តព្រះសីហនុផង ហើយក៏ជាផលប្រយោជន៍រួមរបស់ប្រទេសជាតិផង។ រាជរដ្ឋាភិបាលកម្ពុជាហ៊ានដាក់ទុនអភិវឌ្ឍននៅក្នុងខេត្តព្រះសីហនុ ដោយសារតែខេត្តព្រះសីហនុអាចប្រមូលថវិកាជូនទៅជាតិ ហើយជាតិក៏ត្រូវបែងចែកថវិកានោះទៅកាន់ខេត្តដទៃផ្សេងទៀតដើម្បីដើម្បីវិនិយោគបន្ត។ តាមរយៈកិច្ចអភិវឌ្ឍន៍ទាំងនេះនឹងធ្វើឱ្យខេត្តព្រះសីហនុប្រែមុខប្រែមាត់ ហើយក៏ជាទីកន្លែងសម្រាប់ទាក់ទាញមនុស្សឱ្យមកកាន់ខេត្តព្រះសីហនុផងដែរ។
ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវត្តមាននៃសំណង់អគារធំៗ ខ្ពស់ៗចាប់ផ្តើមរីកដុះដាលនៅក្នុងក្រុងព្រះសីហនុ ត្រូវទាមទារនូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៃផ្នែកខាងក្រោមឱ្យមានភាពល្អប្រសើរដើម្បីបម្រើដល់សចេក្ដីត្រូវការចាំបាច់ ពិសេសបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ក្នុងខេត្តក៏មានសក្ដានុពលមួយនេះ។
ដោយឡែកផ្លូវទាំង៣៤ខ្សែដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យប្រចាំខេត្តព្រះសីហនុ និងលើកដំបូងរបស់ប្រទេសកម្ពុជានេះបានចំណាយពេលត្រឹម៨ខែសម្រាប់សាងសង់ ពោលគឺនៅពេលបច្ចុប្បន្ននេះជាលទ្ធផលស្ទើរតែរួចរាល់ទាំងស្រុងនៅសល់តែការសម្អាត តុបតែង និងការបំពាក់ភ្លើងបំភ្លឺបន្តិចបន្តួចតែប៉ុណ្ណោះ។
ចង់ដឹងទេថា ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងព្រះសីហនុមានភាពទាក់ទាញ និងអស្ចារ្យដល់កម្រិតណានោះសូមទៅកម្សាន្តទាំងអស់គ្នា៕