អ្នកជំនាញ ៖ បន្តិចទៀតទីផ្សារខុនដូកម្រិតសមរម្យកាន់តែមានតម្រូវការសម្រាប់ជនជាតិខ្មែរក្នុងរាជធានីភ្នំពេញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដោយសារទំហំនៃទីក្រុងភ្នំពេញកំពុងតែមានការរីកធំឡើងៗ ខណៈពេលប្រជាជននៅក្នុងក្រុងមានកំនើនជាបន្តបន្ទាប់នាំឱ្យមានតំរូវការលំនៅដ្ឋានខ្ពស់កាន់តែច្រើន ហើយតម្លៃកាន់តែឡើងថ្លៃ រហូតធ្វើឱ្យអ្នកដែលមានចំណូលមធ្យមមិនអាចមានលទ្ធភាពទិញលំនៅដ្ឋានជាន់ផ្ទាល់ដីនោះឡើយ ក្រៅតែពីជម្រើសទិញលំនៅដ្ឋានសហកម្មសិទ្ធិតម្លៃសមរម្យក្រោម១០ដុល្លារសម្រាប់រស់នៅ។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន KW SAM SN បានមានប្រសាសន៍ថា តម្រូវការទីផ្សារខុនដូតម្លៃសមរម្យក្នុងក្រុងភ្នំពេញកំពុងតែមានការកើនឡើងសម្រាប់អតិថិជនជនជាតិខ្មែរ។

លោកបានបន្ថែមទៀតថា មូលហេតុដែលកំណើនខុនដូតម្លៃសមរម្យកំពុងមានការកើនឡើង ព្រោះបណ្តាលមកពីកត្តា៤សំខាន់ៗ: ទី១ បុរីថ្មីៗកាន់តែឆ្ងាយពីក្រុងហើយមានតម្លៃខ្ពស់ទៅៗ ដែលធ្វើអោយអ្នកស្នាក់នៅក្នុងបុរីត្រូវចំណាយពេលវេលា ក្នុងការចូលមកក្នុងទីក្រុងដើម្បីបំពេញការងារ។ ទី២ ដោយសារតែប្រជាជនក្នុងក្រុងមានការកើនឡើងនាំឱ្យមានការស្ទះចរាចរណ៍ ទី៣ ដោយសារតែប្រជាជនខ្មែរ មានការយល់ដឹងពីរបៀបរស់នៅដែលមានស្តង់ដារប្រសើរជាងមុន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ។ល។ ហើយទី៤ និន្នាការរបស់អតិថិជនដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតម្លៃសមរម្យវិញ ដោយហេតុថាការទិញខុនដូមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ដែលអាចអោយពួកគាត់យកលុយពីការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការទិញខុនដូវិញ។

លោកបានបន្តថា “ការទិញខុនដូគឺជាការទិញផ្ទះសម្រាប់រស់នៅតែម្តង អាចឱ្យគាត់មានស្ថេរភាព និងផាសុកភាពសំរាប់គ្រួសារ ជាពិសេស គាត់អាចបំពេញភារកិច្ចក្នុងទីក្រុងភ្នំពេញបានយ៉ាងងាយស្រួល និងចំណេញពេលវេលា ថែមទាំងកូនៗរបស់គាត់អាចមានឱកាសក្នុងការចូលរៀនសាលាល្អៗក្នុងក្រុងភ្នំពេញទៀតផង”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ផងដែរថា “បច្ចុប្បន្ននេះខុនដូដែលតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដោយសារពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅច្រើន ជាងទិញសម្រាប់ទុកវិនិយោគបន្ត”។

លោកស្រីបានបន្តទៀតថា “និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានទីផ្សារទាំងពេលនេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ”។

លោកស្រីបានបញ្ជាក់ថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here