ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា អ្នកអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីត ឬមានតម្លៃថ្លៃ បាននិងកំពុងបាញ់ឆ្ពោះ ទៅកាន់តំបន់ជាយរាជធានីភ្នំពេញ ស្ទើរតែគ្រប់ទិស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីរកផលចំណេញ ខណៈដីនៅកណ្តាលក្រុងចាប់ផ្តើមចង្អៀត និងមានតម្លៃថ្លៃសម្រាប់ការអភិវឌ្ឍ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងប្រាប់កាលពីថ្មីៗនេះថា ការអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីត ទៅកាន់ជាយរាជធានី ដោយសារតែតម្លៃដីនៅក្បែរៗ ឬកណ្ដាលរាជធានី ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។
លោកបានថ្លែងថា “ពួកគេត្រូវការតម្លៃដីទាបល្មម ដែលអាចឱ្យពួកគេចំណេញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានី ក៏មិនមានដីទូលាយ សម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ” ។
លោកច្រឹក សុខនីមបានបន្តថា នៅតំបន់ជាយរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុង សម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន។
លោកបានថ្លែងថា “តាមផែនការមេរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្រាប់តម្លៃត្រឹម២០ ឬ៣០ម៉ឺនដុល្លារអាមេរិក នៅតំបន់ជាយរាជធានី បច្ចុប្បន្ន គឺនៅមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ព្រោះថាវាក៏មិនទាន់ថាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញដែរ” ។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយក និងស្ថាបនិកក្រុមហ៊ុនអ៊ែតវ៉ាន់ស៍ រៀលអ៊ីស្ទេតបានថ្លែងប្រាប់កាលពីថ្មីៗនេះថា សញ្ញាវិជ្ជមានសម្រាប់ វិស័យអចលនទ្រព្យចាប់ ផ្តើមមានឡើងវិញជាបណ្តើរៗ ហើយទន្ទឹមនឹងនេះ លំនៅដ្ឋានបែបប្រណីតក្នុងគម្រោងបុរីថ្មីៗមួយចំនួន ត្រូវបានដាក់ដំណើរការសាងសង់នៅដើមឆ្នាំ២០២១នេះ។
លោកបានឱ្យដឹងថា “តម្រូវការលំនៅដ្ឋានបែបប្រណីតភាគច្រើន ជាតម្រូវការសំរាប់ប្រជាជនក្នុងស្រុករបស់យើង ហើយមួយភាគតូច ក៏ត្រូវបានវិនិយោគិនទិញសម្រាប់ជួលទៅឱ្យអ្នកប្រធានអង្គការធំៗ និងប្រធានក្រុមហ៊ុនធំៗពីបរទេស ដើម្បីទទួលបានផលចំណេញផងដែរ” ។
លោកបានថ្លែងថា “យើងឃើញថាតម្រូវការលំនៅដ្ឋានបែបប្រណីត នៅដើមឆ្នាំ២០២១ នៅតែមានកំណើន ដោយសារអ្នកមានចំណូលខ្ពស់ និងអ្នករកស៊ីមានរំហូរសាច់ល្អ នៅតែត្រូវការលំនៅដ្ឋានបែបប្រណីត” ។
លោកបានបន្តថា លំនៅដ្ឋានបែបប្រណីត មានតម្លៃចាប់ពី ១០ម៉ឺនដុល្លារ ទៅដល់ជាង១លានដុល្លារ ហើយលំនៅដ្ឋានបែបប្រណីតភាគច្រើន ត្រូវបានអភិវឌ្ឍន៍ក្នុងគម្រោងបុរី៕