ដោយស៊ីវ ម៉េង
ភ្នំពេញៈ ការទិញអចលនទ្រព្យ ពិសេសដីធ្លីតែងតែមានផលចំណេញ ប៉ុន្តែក៏អាចកប់ដើម មិនឡើងថ្លៃតាមការចង់បានរបស់អ្នកវិនិយោគផងដែរ ហេតុនេះលោក អ្នកគួរតែចេះវិភាគទៅលើអចលនទ្រព្យរបស់ខ្លួន។
តើគេវិភាគទៅលើកត្តាអ្វីខ្លះ ដើម្បីដឹងថាអចលនទ្រព្យរបស់ខ្លូន នឹងឡើងថ្លៃខ្ពស់នាពេលអនាគត?។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល ជាសហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើអចលនទ្រព្យ ទាំងដីធ្លី ផ្ទះសម្បែង តែងតែមានផលចំណេញនាពេលអនាគត ប្រសិនជាអ្នកទិញបានក្នុងតម្លៃសមរម្យ ទីតាំងត្រឹមត្រូវ ជាតំបន់ដែលស្ថិតក្នុងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាលជាដើម។
លោកបន្តថា ប៉ុន្តែដើម្បីទិញដីធ្លី ឬផ្ទះត្រូវ និងឡើងថ្លៃខ្ពស់នាពេលអនាគត អ្នកវិនិយោគត្រូវសម្លឹងលើកត្តាមួយចំនួន ដូចជា ពេលវេលាសមស្រប កត្តាសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍ គោលនយោបាយរបស់រដ្ឋាភិបាលជាដើម។
ពេលវេលាសមស្រប
ពេលវេលាសមស្រប គឺសំដៅដល់ការទិញដីឬផ្ទះ នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ច ដែលតម្លៃដីធ្លី ឬផ្ទះសម្បែងតែងតែចុះថ្លៃ ឬស្ថិតក្នុងតម្លៃទ្រឹង។ ហេតុនេះការវិនិយោគដីធ្លីក្នុងកំឡុងពេលបែបនេះ នឹងមានឳកាសចំណេញខ្ពស់ ពិសេសនៅពេលសេដ្ឋកិច្ចងើបឡើងវិញឆាប់រហ័ស។
ការវិនិយោគដីធ្លី ឬអចលនទ្រព្យដទៃទៀត សម្រាប់អ្នកវិនិយោគឆ្លាតវៃ ពួកគេមិនសូវទុកយូរពេកនោះទេ នៅពេលចំណេញបាន៥០ភាគរយ ឬមួយគុណនឹងពីរ គេលក់ចេញ ដើម្បីទៅវិនិយោគនៅកន្លែងដទៃទៀតហើយ។ លើកលែងតែអ្នកវិនិយោគប្រើយុទ្ឋសាស្ត្រ Land Banking ឬ House Banking។
កត្តាសេដ្ឋកិច្ច
នៅពេលសេដ្ឋកិច្ចមានភាពរសរវើក និងកំណើនល្អប្រសើរ វាតែងតែមានរយៈពេលកំណត់របស់វា។ ហេតុនេះអ្នកវិនិយោគត្រូវតែតាមដានព៌តមាន និងវដ្តនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលតែងតែកើតមានស្ទើរតែរៀងរាល់១០ឆ្នាំម្តង។ ហេតុនេះ បើសិនជាស្ថានភាពសេដ្ឋកិច្ចមានកំណើនល្អប្រសើរ រយៈពេល៣ទី៥ឆ្នាំ តម្លៃដីរបស់អ្នកបានហក់ឡើងខ្ពស់រួចទៅហើយ។ វាជាពេលវេលាសមស្រប ដែលអ្នកគួរបញ្ចេញ ដើម្បីកុំឲ្យមានភាពស្តាយក្រោយ ដូចករណីអ្នកនៅក្រុងព្រះសីហនុជាដើម។
ហេតុនេះ សេដ្ឋកិច្ចគឺជាប់ពាក់ព័ន្ឋនឹងតម្លៃដីធ្លី ឬអចលនទ្រព្យដទៃទៀត ដូច្នេះអ្នកវិនិយោគឆ្លាតវៃ ត្រូវតែតាមដានស្ថានភាពសេដ្ឋកិច្ចពិភពលោក ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្តត្រឹមត្រូវ។
ផែនការអភិវឌ្ឍន៍និងគោលនយោបាយរដ្ឋាភិបាល
រដ្ឋាភិបាលកម្ពុជា តែងតែដាក់ចេញផែនការអភិវឌ្ឍន៍ជាតិ រយៈពេលមធ្យម(5ឆ្នាំ) ផែនការអភិវឌ្ឍន៍ជាតិរយៈពេលវែងមានចំនួន១០ឆ្នាំ ដែលផែនការនេះជាការធ្វើពិពិធកម្មនូវមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរៀបចំប៉ូលសេដ្ឋកិច្ចរបស់ជាតិ។
ឧទាហរណ៍ នៅឆ្នាំ២០២០កន្លងមក រដ្ឋាភិបាលបានប្រកាសពីការវិនិយោគព្រលានយន្តហោះខេត្តមណ្ឌលគិរី ពីផែនការអភិវឌ្ឍន៍សាងសង់់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតជាដើម។
ដូច្នេះ ប្រសិនជាអ្នកទិញដីនៅតំបន់ស្ថិត នៅក្នុងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល តម្លៃដីរបស់អ្នកនឹងឡើងថ្លៃនៅក្នុងរយៈពេលកំណត់មួយ។ ហេតុនេះការវិនិយោគដីធ្លីឬអចលនទ្រព្យដទៃទៀត អ្នកវិនិយោគដែលតែងតែទុកដីបានយូរ ចំណេញច្រើន តែងតែជាអ្នកសក្តាប់បាននូវទិសដៅ ផែនការអភិវឌ្ឍន៍របស់ជាតិ ពិសេសអានព៌តមានជាប្រចាំ៕