ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ទៅលើទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស បានចំណាយថវិកាជាង២៣០លានដុល្លារលើការបើកជូនគ្រួសារក្រីក្រដែលជួបការលំបាកនៅក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩កាលពីពេលកន្លងទៅនេះ។
តាមរយៈរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ (ទាំងក្រីក្រកម្រិត១ និងក្រីក្រកម្រិត២) ដែលទទួលបានការឧបត្ថម្ភមាន ៦៨៨ ៥៣៩គ្រួសារ។ ក្នុងនោះគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ រាជរដ្ឋាភិបាល បានផ្ដល់ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំណាយថវិការដ្ឋចំនួន ៩២២ ៣១៥ ៨៤៤ ០០០រៀល (ប្រាំបួនរយម្ភៃពីរប៊ីលាន បីរយដប់ប្រាំលាន ប្រាំបីរយសែសិបបួនពាន់រៀល) ស្មើនឹង២៣០.៥៨លានដុល្លារអាមេរិក។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្ដើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន៤ជុំ មាន៨លើករួចមកហើយ។
ពាក់ព័ន្ធទៅនឹងភាពប្រឈមនៃវិបត្តិរីករាលដាលជំងឺកូវីដ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈដែលកំពុងផ្ទុះនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន បានទទូចស្នើដល់ប្រជាជនទូទាំងប្រទេសឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំ៣ការពារ និង៣កុំ ដើម្បីចូលរួមជួយទប់ស្កាត់ការរាលដាលកាន់តែធ្ងន់ធ្ងរជាងនេះ៕