ដោយៈ ប៊ី
ក្រុងឡុងដ៏ៈ ភ្នាក់ងារអចលនទ្រព្យជាច្រើនបាននិយាយថា ប្រជាជនហុងកុងកំពុងទិញផ្ទះ និងអាផាតមិនជាច្រើន ដើម្បីជួលបន្ត ក្នុងការរកប្រាក់ចំណូលនៅអង់គ្លេស ដែលជានិន្នាការមួយ ស្របគ្នានឹងអ្វីដែលមនុស្សជាច្រើនរំពឹងថា នឹងក្លាយជារលកនៃការធ្វើចំណាកស្រុក បន្ទាប់ពីចិនបានអនុម័តច្បាប់សន្តិសុខជាតិកាលពីឆ្នាំមុន។
យោងតាមការចេញផ្សាយរបស់សារព័ត័ត៌មាន CNA នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រជាជនហុងកុងបានក្លាយជាវិនិយោគិនបរទេស ធំជាងគេទី៥នៅកណ្តាលទីក្រុងឡុងដ៏ កាលពីខែសីហាឆ្នាំមុន ហើយបាននិងកំពុងជំរុញឱ្យតម្លៃអចលនទ្រព្យឡើងថ្លៃ នៅតាមបណ្តាតំបន់មួយចំនួន ដែលមានការពេញនិយម នៅខាងក្រៅរាជធានីរបស់ចក្រភពអង់គ្លេស។
ប៉ុន្តែរលកថ្មីនៃការទិញអចលនទ្រព្យនេះ ក៏រួមបញ្ចូលផងដែរនូវប្រជាជនហុងកុងមួយចំនួន ដែលកំពុងប្រមូលលុយដើម្បីវិនិយោគ ដែលនេះជានិន្នាការមួយ ដែលភ្នាក់ងារអចលនទ្រព្យរំពឹងថា នឹងបន្តកើនឡើង ខណៈប្រជាជនហុងកុង ដែលមានជីវភាពមធ្យមកាន់តែច្រើន បានពិចារណាចាកចេញទៅចក្រភពអង់គ្លេស ហើយសម្លឹងមើល និងបង្កើតប្រភពប្រាក់ចំណូល មុនចាកចេញពីហុងកុង។
លោក Guy Bradshaw ប្រធានក្រុមហ៊ុន Sotheby’s International Realty បានប្រាប់សារព័ត៌មានរ៉យទ័រថា “វាក្លាយជានិន្នាការមួយទៅហើយ ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។ ខ្ញុំបានចូលរួមនៅក្នុងការសន្ទនាគ្នា និងការហៅទូរស័ព្ទបន្ថែមជាមួយប្រជាជននៅហុងកុង ទាក់ទងទុនវិនិយោគនអង់គ្លេស” ។
រដ្ឋាភិបាលអង់គ្លេសកំពុងផ្តល់ទិដ្ឋាការថ្មី ដល់អ្នកកាន់លិខិតឆ្លងដែនហុងកុង ដែលផ្តល់ឱ្យពួកគេនូវឱកាស ដើម្បីក្លាយជាពលរដ្ឋអង់គ្លេស ដែលជាការផ្លាស់ប្តូរមួយ បន្ទាប់ពីច្បាប់សន្តិសុខជាតិរបស់ចិន បានធ្វើឡើងសម្រាប់ទីក្រុងហុងកុង។
ប្រាក់ចំណូលថេរពីការជួលអចលនត្រព្យ នឹងមានប្រយោជន៍ក្នុងការដាក់ពាក្យសុំសញ្ជាតិ ព្រោះអ្នកកាន់លិខិតឆ្លងហុងកុង ត្រូវការបញ្ជាក់ថា ពួកគេអាចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនគេ យ៉ាងហោចណាស់រយៈពេល ៦ខែ។
ទីក្រុងឡុងដ៏បានប៉ាន់ប្រមាណថា ប្រជាជនហុងកុងជាង ៣០ម៉ឺននាក់ អាចធ្វើអន្តោប្រវេសន៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយធនាគារអាមេរិករំពឹងថា ការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជនហុងកុង ទៅអង់គ្លេស អាចនឹងធ្វើឱ្យមានរំហូរមូលធន ចេញពីទីក្រុងហុងកុងចំនួន៣៦ពាន់លានដុល្លារនៅឆ្នាំ២០២១ ។
ខណៈប្រជាជនហុងកុង បានក្លាយជាអ្នកទិញផ្ទះយ៉ាងសកម្មនៅអង់គ្លេស ភ្នាក់ងារអចលនទ្រព្យនិយាយថា ថ្មីៗនេះមានការចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការជួលអាផាតម៉ិននិងផ្ទះចាស់៕