ដោយៈរ៉ាណេត
ភ្នំពេញៈ ដីធ្លីនៅតាមតំបន់ជាយក្រុងនៃខេត្តកំពង់ស្ពឺង បាននិងកំពុងមានសន្ទុះរីកចំរើនដីធ្លី តាមរយៈការពុះដីឡូតិ៍លក់ និងដីគម្រោងធំៗ សម្រាប់សាងសង់រោងចក្រសហគ្រាសផ្សេងៗ ខណៈខេត្តមួយនេះ ត្រូវបានគេចាត់ទុកជាខេត្តដែលមានសក្តានុពលខ្ពស់លើការទាក់វិនិយោគ។
លោកស៊ិន សុផា អ្នកលក់ដីឡូតិ៍ប្រចាំក្រុងកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការពុះដីឡូតិ៍លក់ និងដីសម្រាប់វិនិយោគនៅតាមជាយក្រុងខេត្តកំពង់ស្ពឺ មានការរីកចំរើនយ៉ាងខ្លាំង ខណៈបច្ចុប្បន្ននេះ តម្លៃដីឡូតិ (៥mx២០m) ជាមធ្យមតម្លៃជិត៤ពាន់ដុល្លារអាមេរិក ជាពិសេសនៅតាមបណ្តោយផ្លូវចេញពីក្រុង។
លោកស៊ិន សុផា ពន្យល់ថា “មូលហេតុដែលធ្វើឱ្យដែលធ្វើឱ្យដីធ្លី នៅតាមជាយក្រុងនេះ មានសក្តានុពលខ្ពស់ដោយសារ មានគម្រោងសាងសង់រោងចក្រ សហគ្រាស ឃ្លាំង និងគម្រោងវិនិយោគផ្សេងៗ ដែលបង្កភាពងាយស្រួល និងផ្តល់ឱកាសការងារធ្វើជូនប្រជាពលរដ្ឋ” ។
លោកថ្លែងថា បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើន បាននិងកំពុងមានវត្តមាននៅតាមជាយក្រុងកំពង់ស្ពឺនេះ ហើយអនាគត តំបន់ជាយក្រុងនេះ នឹងបន្តមានសក្តានុពលថែមទៀត ហើយតម្លៃវិញក៏នឹងបន្តឡើងថ្លៃទៀត នៅពេលមនុស្សមករស់នៅកាន់ច្រើន។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយនៅជាប់នឹងទីក្រុងភ្នំពេញ ហើយមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធផ្លូវជាតិ ឆ្លងកាត់ជាច្រើនតភ្ជាប់ទៅកាន់ខេត្តក្រុងសំខាន់នានា និងជាចរន្តសេដ្ឋកិច្ចដ៏សំខាន់ ដែលធ្វើឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យ ជាច្រើនជាពិសេសគម្រោងដីឡូតិ៍។
លោកថ្លែងថា “គម្រោងវិនិយោគ កើតមានជាបន្តបន្ទាប់នេះ បានជំរុញនិងលើកមុខមាត់ខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានសក្តានុពល ប្រែក្លាយជាតំបន់ប្រមូលផ្តុំដោយ រោងចក្រ ឧស្សាហកម្ម ស្របពេលដែលអ្នក ជំនាញអចលនទ្រព្យលើកឡើងថាចរន្តទិញ លក់ដីធ្លី ក៏មានការកើនឡើងផងដែរ” ។
លោកវ៉ី សំណាង បន្តថា បច្ចុប្បន្ននេះ ចំពោះសក្តានុពលខេត្តកំពង់ស្ពឺ ទាំងកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្របានទាក់ទាញអ្នកវិនិយោគទុន មកបណ្ដាក់ទុនវិនិយោគកាន់តែច្រើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកវ៉ី សំណាង បានបន្ថែមថា សក្តានុពលនេះ គឺដោយចង់បង្ហាញពីបុគ្គលិកលក្ខណៈរបស់ប្រជាជនខេត្តកំពង់ស្ពឺ ដោយមានចរិតស្លូតបូត និងខិតខំអំណត់តស៊ូធ្វើការងារ ព្រមទាំងមានភាពស្មោះត្រង់ ហើយកត្តាភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាខេត្តមួយមានផ្លូវជាតិឆ្លងកាត់ជាច្រើន ពិសេសផ្លូវជាតិលេខ៤ ឆ្លងកាត់ដែលបង្កលក្ខណៈងាយស្រួលនាំផលិតផលចេញនិងនាំចូល៕