ដោយ:ស៊ីវ ម៉េង
សៀមរាបៈ រដ្ឋាភិបាលបាន និងកំពុងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ខេត្តសៀមរាប ដើម្បីកាត់បន្ថយការពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានរងគ្រោះដោយជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។
វិបត្តិជំងឺកូវីដ១៩ បានផ្តល់នូវមេរៀនមួយ ដែលបានធ្វើឲ្យរដ្ឋាភិបាល និងវិស័យឯកជនចាំបាច់ត្រូវគិតគូរឡើងវិញ ពីការធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្តនេះបន្តរសរវើក ជាជាងពឹងផ្អែកតែវិស័យទេសចរណ៍ ដែលមានភាពផុយស្រួយដោយសារវិបត្តិនានា។
បច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងកសាងផ្លូវចំនួន៣៨ខ្សែ កែលំអស្ទឹងសៀមរាប ដើម្បីលើកកំពស់សោភ័ណភាពខេត្តនេះ ដែលបបញ្ហានេះត្រូវបានគេបំភ្លេចរាប់ឆ្នាំមកហើយ។
ជាមួយនឹងផែនការដាក់ចេញរបស់រដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគក្នុងស្រុកលំដាប់ជាតិ និងអន្តរជាតិជាច្រើនបាននិងកំពុងសម្លឹងឃើញសក្តានុពលនៅក្នុងខេត្តនេះ ដូចជាបុរីឡេងណាវ៉ាត្រា បុរីបាគង បុរីទេសចរណ៍ គំរោងAngkor Landmark និងការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត ដូចជា ក្រុមហ៊ុនយូណានរបស់ចិនបាន និងកំពុងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ក្រុមហ៊ុនវិនិយោគកោះសង្សារ កំពុងរៀបចំផែនការអភិវឌ្ឍន៍នៅស្រុកបន្ទាយស្រី ក្រុមហ៊ុនNaga Corp កំពុងរៀបចំបោះទុនវិនិយោគ៣៥០លានដុល្លារ សាងសង់ផ្សារបណ្តែតទឹក សាងសង់រមណីយដ្ឋាន សាងសង់ទីក្រុងចិន (China Town)ជាដើម ក្រុមហ៊ុនជប៉ុនសាងសង់កន្រ្តកវិញដ៏ធំមួយ នៅក្បែរទីក្រុងសៀមរាប និងគំរោងវិនិយោគជាច្រើនទៀតរបស់ក្រុមហ៊ុនអន្តរជាតិនានា។
រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ក៏បានរៀបចំផែនការមេ ដើម្បីលើកកំពស់វិស័យទេសចរណ៍ក្នុងខេត្តនេះឡើងវិញ តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្តល់សេវាកម្មបដិសណ្ឋារកិច្ចកាន់តែល្អប្រសើរ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍៍ដល់សហគមន៍ទេសចរណ៍ និងប្រជាពលរដ្ឋក្នុងខេត្តនេះ ដែលជាខេត្តមានប្រជាពលរដ្ឋក្រីក្រច្រើនជាងគេ ក្នុងចំណោមរាជធានីខេត្តទាំង២៥។
ក្រសួងទេសចរណ៍ក៏បានរៀបចំផែនការមេកសាងទីក្រុងថ្មីមួយ ដោយដាក់ឈ្មោះថា Grand Siem Reap City នៅក្បែរព្រលានយន្តហោះលំដាប់អន្តរជាតិខេត្តសៀមរាប ដែលអនុញ្ញាតឲ្យអ្នកវិនិយោគជាតិ អន្តរជាតិសាងសង់អាគារខ្ពស់ៗផងដែរ។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ១៩បានផ្តល់មេរៀន និងឳកាសផងដែរសំរាប់ខេត្តសៀមរាប តាមរយៈការចាប់ផ្តើមកែលំអរ និងពង្រីកកសាងហេដ្ឋារចនាសម្ព័ន្ឋខេត្តនេះ ដែលមានការរៀបចំផ្លូវថ្មើជើង និងប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីលើកកំពស់សោភ័ណភាពខេត្តផង និងទាក់ទាញទេសចរណ៍ផង ហើយបើគ្មានជំងឺកូវីដ១៩ ប្រហែលជាគំរោងនេះមិនលេចរូបរាងនោះទេ។
លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ជាការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ ពិតជាការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត ហើយយើងរំពឹងថាខេត្តនេះ នឹងទាក់ទាញវិនិយោគិនបានច្រើនថែមទៀត”។ លោកបន្តថា “បច្ចុប្បន្នមានគំរោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តច្រើន មានររោងចក្រ សហគ្រាសកើតថ្មីៗច្រើន ដែលជួយដល់សេដ្ឋកិច្ចមូលដ្ឋាន ហេតុនេះបើជំងឺកូវីដបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកបើកជើងហោះហើរឡើងវិញ ខេត្តសៀមរាបនឹងផ្តល់សក្តានុពលខ្លាំង ដល់វិស័យទេសចរណ៍ និងការវិនិយោគ”។
ទោះជាយ៉ាងណាលោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាពកម្ពុជាបានមានប្រសាសន៍ថា ខេត្តសៀមរាបមានសក្តានុពលច្រើន ក្រៅពីវិស័យទេសចរណ៍គឺមានវិស័យកសិកម្ម សិប្បកម្មដែលត្រូវពង្រីក និងររៀបចំជាតំបន់កសិទេសចរណ៍ ប៉ុន្តែខេត្តនេះ នៅតែមិនអាចកាត់ផ្តាច់មូលដ្ឋាននៃការរីកចម្រើន និងមូលដ្ឋានសេដ្ឋកិច្ចចេញពីវិស័យទេសចរណ៍បាននៅឡើយទេ។
លោកបន្តថា “យើងឃើញមានការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្ត ប៉ុន្តែដំណើរការយឺតៗ ព្រោះវិស័យនេះរស់រវើក និងរីកចម្រើនបានទាល់តែវិស័យទេសចរណ៍មានភាពរីកចម្រើន ដែលធ្វើឲ្យប្រជាជនមានប្រាក់ចំណូលកើនឡើង ដើម្បីឲ្យពួកគេអាចចំណាយប្រាក់ទិញអចលនទ្រព្យនានា”៕