ដោយ:គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Chevron (Cambodia) Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្ម Chevron មានមូលដ្ឋាននៅអាមេរិក បានបង្ហាញពីផែនការពង្រីកមូលដ្ឋានចែកចាយប្រេងកាន់តែច្រើននៅកម្ពុជា។
ក្រុមហ៊ុននេះកំពុងដំណើរការស្ថានីយ៍ប្រេងCaltex នៅកម្ពុជា ពិសេសក្រុងភ្នំពេញ ដែលមានស្ថានីយ៍ច្រើនជាងគេ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួ បានប្រាប់កាសែតក្នុងស្រុកមួយ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមកថា ក្នុងជំនួបរវាង លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាមួយលោកPongtorn Tangma-nuswong ប្រធានក្រុមហ៊ុន Chevronប្រចាំកម្ពុជា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ក្រុមហ៊ុន Chevron បានឱ្យដឹងថា ខ្លួនមានផែនការពង្រីកស្ថានីយឱ្យបានដល់១០០ ដើម្បីឆ្លើយតបនឹងតម្រូវការនៅប្រទេសកម្ពុជា។
ទោះយ៉ាងណាលោកអះអាងថា ក្រុមហ៊ុនមិនបានបញ្ជាក់នូវពេលវេលាជាក់លាក់ថា តើក្នុងរយៈពេលប៉ុន្មានឆ្នាំនោះទេ។
លោកបានបន្តថា “នេះគ្រាន់តែជាផែនការប៉ុណ្ណោះ ដោយគាត់មិនបានបញ្ជាក់ថា ១០០ ស្ថានីយនោះនឹងសាងសង់ក្នុងឆ្នាំនេះទេ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះទើបតែមាន៣៥ស្ថានីយ៍នៅកម្ពុជា”។លោកបន្តថា “រដ្ឋាភិបាល ស្វាគមន៍រាល់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន បើទីតាំងដែលក្រុមហ៊ុនស្នើសុំ មានការអនុញ្ញាតពីអាជ្ញាធរដែនដី ហើយការរៀបចំបច្ចេកទេសរបស់គាត់ស្រប តាមសារាចររបស់យើង ដែលបានកំណត់ពាក់ព័ន្ធនឹងសុវត្ថិភាព”។
លោកបន្ថែមទៀតថា សម្រាប់ការពង្រីកស្ថានីយនេះ ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំម្តងមួយៗ ដោយវាទាមទារឱ្យយើងត្រូវត្រួតពិនិត្យមើលទីតាំង និងសុវត្ថិភាពនៃការរៀបចំ។ អាជីវកម្មស្ថានីយប្រេងឥន្ធនៈ គឺខុសពីអាជីវកម្មផ្សេងៗ ដោយសារវាតម្រូវឱ្យយើងចុះទៅអង្កេត និងវាយតម្លៃលើផែនការសុវត្ថិភាព និងទីតាំងជាក់ស្តែង។
កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយនៅលើពិភពលោក និងជាប្រទេសទី៨ ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសឡាវ និងសិង្ហបុរី) បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន KrisEnergy Ltd របស់សិង្ហបុរីបានទាញយកតំណក់ប្រេងលើកដំបូងនៅប្លុកA៕