ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកវិភាគ និងការព្យាករន៍របស់សេដ្ឋវិទូនានាបានរកឃើញថា ការកើនឡើងនៃផលទុនជាតិសរុបរបស់ប្រទេសចិនដ៏លឿន កំពុងធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ ខណៈប្រទេសភាគច្រើន កំពុងជួបវិបត្តិនៅឡើយ។
អ្នកវិភាគបានពន្យល់ថា ការកើនឡើងនៃសេដ្ឋកិច្ច របស់មហាយក្សចិននៅឆ្នាំ២០២១នេះ ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន ទី៣ អំណាចនៃការទិញក្នុងស្រុក ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចចិន មានរង្វង់៥ភាគរយនៅចុងត្រីមាសទី៤កាលពីឆ្នាំមុន ទី២ កំនើននៃការវិនិយោគពីបរទេសមកកាន់ប្រទេសចិន ទី៣ កំនើននៃការនាំចេញ ពិសេសទំហំពាណិជ្ជកម្មរបស់ចិន ជាមួយបណ្តាប្រទេស្ថិតក្នុងសហគមន៍គឺរ៉ុប បាន វ៉ាដាច់សហរដ្ឋអាមរិក។
ទី៤ ការកើនឡើងនូវកម្រិតជីវភាពររបស់ប្រជាជនចិន ពោលគឺជីវភាពរបស់ប្រជាជនចិនកាន់តែមានភាពល្អប្រសើរឡើង និងការដាក់ចេញគោលនយោបាយអាទិភាព ដោយពង្រឹង និងកាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាជនចិន និងទី៥ ការគ្រប់គ្រងបានល្អបំផុតនៃជំងឺកូវីដ១៩ ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចមហាយក្សចិននឹងកើនឡើង ក្នុងរង្វង់ជាង៨ភាគរយនៅឆ្នាំ២០២១នេះផងដែរ។
ជាមួយគ្នានឹងការកើនឡើង នូវឥទ្ឋិពលសេដ្ឋកិច្ចរបស់ចិននៅលើពិភពលោក សេដ្ឋវិទូនានាក៏បានព្យាករណ៍ថា សេដ្ឋកិច្ចចិន នឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៨ខាងមុខនេះ។
អ្នកជំនាញសេដ្ឋកិច្ចមួយរូបមកពី Bank of America ដែលជាធនាគារវិនិយោគពហុជាតិសាសន៍ និងជាក្រុមហ៊ុនហិរញ្ញវត្ថុ ដ៏ធំរបស់សហរដ្ឋអាមេរិកបានលើកឡើងថា មហាយក្សចិន មានឱកាសដ៏ល្អ ក្នុងការបង្កើនទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេដង និងវ៉ាឈ្នះសហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក។
ខណៈប្រទេសចិន កំពុងព្យាយាមធ្វើយ៉ាងណា ឱ្យក្លាយខ្លួនជាប្រទេសជឿនលឿន ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ថា វាអាចទៅរួចក្នុងការបង្កើនទ្វេដង នូវផលិតផលក្នុងស្រុកសរុប (GDP) និងចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់ប្រទេសចិន នៅត្រឹមឆ្នាំ២០៣៥ ។
ការបង្កើនទំហំទ្វេដងនូវ GDP របស់ប្រទេសចិន តម្រូវឱ្យសេដ្ឋកិច្ចទទួលបានកំនើនប្រចាំឆ្នាំជាមធ្យម ៤.៧% សម្រាប់រយៈពេល ១៥ឆ្នាំខាងមុខ ដែលអ្នកសង្កេតការណ៍មួយចំនួនជឿថាពិតជាពិបាកសម្រេចបានណាស់។
ទោះជាយ៉ាងណា លោកស្រី Helen Qiao ប្រធានផ្នែកសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចអាស៊ី ប្រចាំស្ថាប័នសិក្សាស្រាវជ្រាវ BofA Global Research ដែលជាផ្នែកមួយរបស់ Bank of America បានលើកឡើងថា វិធានការកែទម្រង់មួយចំនួន នឹងជួយរុញច្រានប្រទេសចិនឱ្យទៅដល់ចំណុចនោះ៕