ដោយ:គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំ នៃគេហទំព័រPropertyarea.asia និង Facebook Page ឈ្មោះ Property Area Asia បានសម្រចបន្ថែមនូវមាតិកាព័ត៌មានសុខភាព និងការអប់រំដល់អ្នកអានជាតិ និងអន្តរជាតិ ដើម្បីផ្តល់ជូននូវព័ត៌មានកាន់តែសម្បូរបែបដល់អ្នកអានជាតិ និងអន្តរជាតិ។
សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ មិនានេះថា សុខភាព និងការអប់់រំមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សហគមន៍មួយ ប្រទេសជាតិមួយ ព្រោះវិស័យទាំងពីរនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការអភិវឌ្ឍរបស់ប្រទេសជាតិមួយ និងសង្គមមួយ ដែលមានអរិយធ៌មនោះទេ ។
លោកបន្តថា “សង្គម ដែលសម្បូរធនធានមនុស្សមានសុខភាពល្អ និងមានចំណេះដឹង ក្រមសីលធ៌ម ពិសេសគុណវុឌ្ឍិ នឹងជាសង្គមអរិយជន”។លោកបន្តថា “ការធ្វើពិពិធកម្មអត្ថបទរបស់យើង មិនមែនមានន័យថា យើងកាត់បន្ថយនូវតម្លៃស្នូលរបស់យើងនោះទេ គឺយើងនៅតែបន្តរក្សាភាពខ្លាំងរបស់យើង ក្នុងការផ្សព្វផ្សាយព៌តមានផ្នែកព៌តមានអចលនទ្រព្យ ការអភិវឌ្ឍន៍ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា”។
“ព័ត៌មានសុខភាព និងការអប់រំ នឹងកាន់តែបន្ថែមនូវគុណតម្លៃរបស់យើង និងធ្វើឲ្យគេហទំព័រនេះ មានព័ត៌មានកាន់តែសម្បូរបែបសម្រាប់មិត្តអ្នកអាន”។ លោកយិន លាងគង់បញ្ជាក់ឲ្យដឹង។
លោកបានបន្តថា ប្រទេសជាតិមួយរ៉ឹងមាំបាន និងអភិវឌ្ឍន៍បានលឿនអាស្រ័យលើកត្តាសំខាន់បំផុត គឺ “ធនធានមនុស្ស” ដែលធនធានមនុស្សពូកែ ត្រូវតែមានសុខភាពល្អ ធនធានមនុស្សមានចំណេះដឹង និងក្រមសីលធម៌ខ្ពង់ខ្ពស់។ ហេតុនេះការពង្រីកមូលដ្ឋាន ឬការធ្វើឲ្យគេហទំព័រនេះ កាន់តែមានព៌តមានកាន់តែសម្បូរបែប នឹងជាក្តីរីករាយមួយសម្រាប់ក្រុមការងាររបស់យើង ដែលអាចចែករំលែកព័ត៌មានដល់អតិថិជន ពិសេសអ្នកអានរបស់យើងនឹងទទួលបានព័ត៌មាន ចំណេះដឹងថ្មីៗបន្ថែមទៀត ទាក់ទងនឹងសុខភាព និងការអប់រំ ដែលជាតម្លៃស្នូលនៃមនុស្សជាតិ។
លោកលាងគង់បានបន្តថា ជាមួយនឹងការទទួលបានការគាំទ្រកើនឡើងជាប្រចាំ គេហទំព័រនេះ នឹងបន្តរក្សាការប្តេជ្ញាចិត្ត ក្នុងការផ្សព្វផ្សាយព័ត៌មានកាន់តែលឿន រហ័ស អាចទុកចិត្តបាន និងឈរលើមូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈជាចម្បង៕