តម្លៃលំនៅដ្ឋាននៅចំកណ្តាលទីក្រុងឡុងដ៍ធ្លាក់ចុះ ខណៈតម្រូវការងាកទៅកាន់តំបន់ជាយក្រុង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅចំកណ្តាលទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសបានធ្លាក់ចុះ៣,៧ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីបានថយចុះក្នុងអត្រាប្រចាំត្រីមាសចំនួន១,៥ភាគរយ ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។

លោក Alex Christian នាយក និងជាសហប្រធានរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills UK បានអះអាងថា យើងមិនទាន់សង្កេតឃើញមានការផ្គត់ផ្គង់លំនៅដ្ឋានថ្មីចូលមកកាន់តំបន់កណ្តាលទីក្រុងឡុងដ៍នៅឡើយទេ ខណៈលំនៅដ្ឋានភាគច្រើនលក់មិនដាច់ក្នុងរយៈពេលយូរជាងធម្មតា។

ទោះជាយ៉ាងណា លំនៅដ្ឋាននៅតំបន់ភាគនិរតីនៃទីក្រុងឡុងដ៍នៅតែបន្តមានភាពធន់។ តួយ៉ាង តម្លៃផ្ទះនៅសង្កាត់ចំនួន៣ ដូចជាសង្កាត់ Clapham សង្កាត់ Putney និងសង្កាត់ Wimbledon បន្តរក្សាបានស្ថិរភាព ដោយសារអំណាចនៃការទិញមានសភាពរឹងមាំ។

តម្រូវការលំនៅដ្ឋានបានងាកទៅកាន់តំបន់ជាយទីក្រុងឡុងដ៍។ លោក Lucian Cook ប្រធានផ្នែកស្រាវជ្រាវលំនៅដ្ឋាននៅក្រុមហ៊ុន Savills អះអាងថា “ភាពមិនប្រាកដប្រជាសេដ្ឋកិច្ច និងការព្រួយបារម្ភអំពីការដំឡើងពន្ធលើអចលនទ្រព្យបានធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្ន និងមានប្រៀបក្នុងចរចាតម្លៃ”។

ជាមួយគ្នានេះ ការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្លៃអចលនទ្រព្យលំនៅដ្ឋានធ្លាក់ចុះ ដោយសារអ្នកទិញជួបការលំបាកក្នុងការខ្ចីប្រាក់។នាពេលបច្ចុប្បន្ន ក្រុមអ្នកទិញមានការប្រុងប្រយ័ត្ន និងផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាពនៃការចំណាយរបស់ពួកគេ៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here