ដោយ ៖ ឧត្តម
ភ្នំពេញ ៖ បើទោះបីជាជំងឺកូវីដចូលរាតត្បាតយ៉ាងក្តី ប៉ុន្តែកសិផលកម្ពុជា នៅតែបន្តការនាំចេញ គ្រាន់តែរយៈពេល២ខែដើមឆ្នាំ២០២១នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តជាតិសរុប ៧៦ ២២២តោន បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការធ្លាក់ចុះ ៤៤.១៦ភាគរយ ។ ដោយឡែកការនាំចេញស្រូវទៅលក់ប្រទេសវៀតណាម តាមខេត្តព្រៃវែង បានជាង៤០ម៉ឺនតោន ដែលគិតជាទឹកប្រាក់នៃការនាំចេញទាំង២ប្រភេទនេះសរុបជិត១៨០លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការនាំចេញអង្ករជាង៧ម៉ឺនតោន នៅរយៈពេល២ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជិត៦៥លានដុល្លារអាមេរិក។ ចំពោះទិសដៅទីផ្សារនៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ ៤៩.៣៧ភាគរយ គិតជាបរិមាណគឺមានចំនួន ៣៧,៦៣០ តោន។ ហើយទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤.៩១ភាគរយ គិតជាបរិមាណ មានចំនួន ១៨,៩៩៦ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន ៨,៨៥០ តោន។
ចំណែកទីផ្សារបន្ទាប់ ដែលមានចំណែក ៨ភាគរយ គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសង្ហបុរី ដែលមានចំនួន ៦,២២៩ តោន និងចំណែក ១៨ភាគរយ ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១៣,៣៦៧ តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេនជាដើម។
ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណែកធំជាងគេ គឺ៨៥.៧៧ភាគរយ ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល, ម្លិះ, សែនក្រអូបជាដើមនោះ ដែលគិតជាបរិមាណមានចំនួន ៦៥,៣៧៤តោន។ អង្ករស ត្រូវបាននាំចេញ ១០,១១៦ តោន និងអង្ករចំហុយ មាន៧៣២តោន ។
ដោយចំពោះ ការនាំចេញស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនក្នុងខេត្តព្រៃវែង ក៏កំពុងដំណើរការយ៉ាងរលូនផងដែរ ក្នុងនោះ រយៈពេល២ខែ ឆ្នាំ២០២១នេះ ទំនិញស្រូវនាំទៅលក់ បានចំនួន៤១៧,៤៣៦តោន គិតជាទឹកប្រាក់ស្មើនឹង១១១,០៩៦,០០២ដុល្លារ ខណៈអាជ្ញាធរខេត្តព្រៃវែង បានខិតខំចុះសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឲ្យទំនិញខ្មែរ ទៅលក់នៅក្នុងប្រទេសវៀតណាម បានដោយរលូន។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយថា ស្ថានភាពស្រូវនាំចេញតាមច្រកនីមួយៗ និងតម្លៃស្រូវក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្រូវនាំចេញតាមច្រកពាមន្ទា នៅស្រុកកំពង់ត្របែក ចំនួន២៦០តោន ក្នុងមួយថ្ងៃ និងតាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ចំនួន៨,៨៩៥តោន ក្នុងមួយថ្ងៃ និងតាមច្រកកោះរកា ស្រុកពាមជរ ចំនួន៤,០៤៥តោន ក្នុងមួយថ្ងៃ ហើយការនាំចេញស្រូវទូទាំងខេត្តព្រៃវែង សរុប១៣,២០០តោន ក្នុងមួយថ្ងៃ។ ស្រូវរបស់កសិករដែលនាំមកលក់នៅតាមច្រកព្រំដែន នៅខេត្តព្រៃវែងនេះ មានមកពីខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក្នុងនោះស្រូវ OM ៥៤៥១ មានតម្លៃ១ ,០១០រៀល ក្នុងមួយគីឡូក្រាម និងស្រូវអីអ៊ែរ៥០៤ មានតម្លៃ១,០៩០រៀល ក្នុងមួយគីឡួក្រាម ៕