សមាគមសណ្ឋាគារកម្ពុជារៀបចំយុទ្ឋនាការ “អង្គរ ជីវិតមួយដង”

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈសមាគម​សណ្ឋាគារ​កម្ពុជា (CHA) សាខា​ខេត្ដ​សៀមរាប បង្កើត​យុទ្ធនាការ «អង្គរ​មួយ ជីវិត​មួយ​ដង» ឬក៏ #AngkorLikeNeverBefore និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​នៅ​កម្ពុជា មក​កម្សាន្ដ​ក្នុង​ខេត្ដ​សៀមរាប។

លោកដេវីដ ចាយ៉ាពីយ៉តធ៍ ប្រធាន (CHA) សាខា​ខេត្ដ​សៀមរាបបាន​មានប្រសាស​ន៍ឱ្យ​ដឹង​ថា នេះ​ជា​យុទ្ធនាការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​បង្ហាញ​ពី​ឱកាស​ដំណើរ​កម្សាន្ដ​បែប​ធម្មជាតិ​អំឡុង​ពេល​ជួប​វិបត្ដិ​កូវីដ។ វីដេអូ​ឃ្លីប​រយៈពេល៣០វិនាទី បង្ហាញ​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន ​នៅខេត្ត​សៀមរាប ដោយ​ចាប់​ផ្ដើម​ពី​នារី​ម្នាក់​លម្ហែ​ ក្នុង​បរិវេណ​ប្រាសាទ​យ៉ាង​ស្ងប់​សុខ បន្ដ​ទៅ​ទិដ្ឋភាព​លើ​ខ្នង​ភ្នំ​គូលែន របាំ​ប្រពៃណី ការ​សម្ដែង​សៀក ស្នាដៃ​សិប្បកម្ម ភូមិឋាន វាលស្រែ បឹង​ទន្លេសាប មុន​ពេល​បញ្ចប់​ត្រឹម​ស្នាម​ញញឹម​របស់​ពលរដ្ឋ​ខ្មែរ។

វីដេអូ​ត្រូវ​បាន​ផលិត​បំណង​ផ្សព្វផ្សាយ​ នៅ​លើ​បណ្ដាញ​សង្គម​អំពី​បទពិសោធ​ដ៏​វិសេស​ក្នុង​កាល​វេលា​ដែល​អង្គរវត្ដ​គ្មាន​ភាព​អ៊ូអរ។

លោកដេវីដ ជា​អ្នក​គ្រប់គ្រង​សម្ព័ន្ធ​សណ្ឋាគារ​ភូមិ​អង្គរ និង​សហស្ថាបនិក Kulen Elephant Forest បានបន្តថា សៀមរាប​សម្បូរ​សកម្ម​ភាព​កម្សាន្ដ​ជាច្រើន និង​តែងតែ​ទទួលភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន។ វា​ធ្វើឱ្យ​ពួក​គេ​ទទួល​បាន​ភាព​រីករាយ។

លោកដេវីដ ជា​កូនកាត់​ខ្មែរ- បារាំង ដែល​ក្រុម​គ្រួសារ​បាន​ធ្វើ​ការ​វិនិយោគ ​លើ​វិស័យ​បដិសណ្ឋារកិច្ច​តាំង​ពី​ឆ្នាំ១៩៩៣ ដែល​ជា​ផលិតករ​សណ្ឋាគារ​ដំបូង​បំផុត​មួយ ​នៅ​សៀ​មរាប។

យុវជនដែល​ក្លាយជា​ប្រធាន​សមាគម​សាខា​សៀមរាប ក្នុង​ឆ្នាំ២០២០នេះបាន​ឱ្យ​ដឹង​ថា “សៀមរាប និង​វិស័យ​ទេសចរណ៍​ក្លាយ​ជា​ជីវិត​របស់​យើង និង​ជា​អ្វីដែល​ខ្ញុំ​យក​ចិត្ដ​ទុក​ដាក់​បំផុត។ បច្ចុប្បន្ន​នេះ​ជា​ឱកាស​ដ៏​មាន​កំណត់​ក្នុង​ការ​រីករាយ​នូវ​សកម្មភាព​ដ៏​ស្ងប់​សុខ”។

ជា​ផ្នែក​សំខាន់​មួយ​នៃ​បណ្ដាញ​សង្គម និង​អនុញ្ញាត​ឱ្យ​មនុស្ស​ជុំវិញ​ពិភព​លោក​មើល​ឃើញ និង​ទាក់ទង​គ្នា​តាមរយៈ​ប្រធាន​បទ​នានា។

លោក ដេវីដ ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ បាន​ពន្យល់​ប្រាប់​អំពី​ឥទ្ធិពល​នៃ​សញ្ញា​ហាសថេក #OpenInSiemReap ដែល​ជូន​ដំណឹង​ថា សៀមរាប​នៅតែ​បើក​ដំណើរការ​ជំនួញ​ក្រោយពី​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​យ៉ាងច្រើន។

លោក​និយាយ​ថា​ យុទ្ធនាការ «អង្គរ​មួយ ជីវិត​មួយ​ដង» ឬ #AngkorLikeNeverBefore បាន​ផ្ដល់​ឱកាស​ដ៏​វិសេស​សម្រាប់​ទេសចរ​ក្នុង​ស្រុក”។

សហស្ថាបនិក​ជំរំ​ដំរី​អាយុ២៤ឆ្នាំ​រូប​នេះ បាន​និយាយ​ទៀត​ថា “នេះ​ជា​ឱកាស​តែម្ដង​គត់​ក្នុង​មួយជីវិត​របស់​អ្នក ដែល​អាច​មក​ទស្សនា​ប្រាសាទ​ទាំង​អស់ ​ក្នុង​ភាព​ស្ងប់ស្ងាត់ បើ​គ្មាន​មនុស្ស​ទេ​នោះ ប្រាសាទ​នឹង​ទទួល​បាន​មន្ដអាគម​ម្យ៉ាង ​ដែលគេ​មិន​អាច​ពន្យល់​បាន”។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា កាល​កុមារភាព ការ​ទស្សនា​ប្រាង្គប្រាសាទ​អង្គរវត្ដ មាន​លក្ខណៈ​ខុស​ប្លែក ​ពី​អំឡុង​ពេល​សម្បូរ​ភ្ញៀវ​មុន​វិបត្ដិ​កូវីដ។ ប្រាសាទ​មិន​សូវ​មាន​មនុស្ស​អ៊ូអរ ហើយ​អ្នក​អាច​ស្ដាប់ឮ​សំឡេង​ធម្មជាតិ។

លោក​និយាយ​ថា ភ្ញៀវ​អាច​ទទួល​បាន​នូវ​បទពិសោធន៍ ​ស្រស់ស្រាយ​ពី​ធម្មជាតិ។ ដោយ​ធ្លាប់​តែ​មាន​វត្ដមាន​ភ្ញៀវ​ច្រើន​សន្ធឹក ​ដែល​បាន​កែប្រែ​ទីឋាន​ធម្មជាតិ វា​ជា​ឱកាស​ដ៏​វិសេស​ដែល​ភ្ញៀវ​ទេសចរ​ បាន​រីករាយ​ជាមួយ​នឹង​សម្រស់​ប្រាសាទ ​បែប​ធម្មជាតិ​ពិតៗ​នាពេល​នេះ។

សមាគម​សណ្ឋាគារ​កម្ពុជា CHA បាន​បង្កើត​យុទ្ធនាការ​នេះ​ឡើង និង​បាន​សហការ​ជាមួយ​នឹង​សៀក​របស់​អង្គការ​ហ្វា និង​ក្រុមហ៊ុន Grasshopper Adventures ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​វីដេអូ​រយៈពេល៣០វិនាទី​នោះ​នៅ​ជុំវិញ​ពិភព​លោក។

លោកដេវីដ បាន​បន្ដ​ថា “យើង​អាច​សង្ឃឹម​ថា គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ទាក់ទាញ​អ្នក​ដែល​ចាប់​អារម្មណ៍ ​នឹង​គោលដៅ​ទេសចរណ៍​លំដាប់​ពិភព​លោក ​ក្នុង​សភាព​ស្ងប់ស្ងាត់”។ លោកបន្តថា “ក្នុងនាម​ជា​អ្នក​ប្រកប​អាជីវកម្ម​សណ្ឋាគារ យើង​មិន​ខ្វះ​សកម្មភាព​កម្សាន្ដ និង​រង់ចាំ​ស្វាគមន៍​វត្ដ​មាន​ភ្ញៀវ​ជានិច្ច”។

ក្នុង​អំឡុង​ពេល​ពិភព​លោក​ កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ លោក ដេវីដ ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មក​បង្កើត​គម្រោង​ជំរំ​ដំរី ក្នុង​ឆ្នាំ ២០១៧ បាន​និយាយ​ថា ទេសចរណ៍​នៅ​សៀមរាប មិន​ខុស​អំពី​គោលដៅ​ទេសចរណ៍​លំដាប់​ពិភព​លោក​ដទៃ​ទៀត នឹង​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​ព្រមៗ​គ្នា។

លោក​និយាយ​ថា “យើង​មិន​ដឹង​ពី​ពេលវេលា​ច្បាស់​ទេ តែ​យើង​អាច​សង្ឃឹម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ទូទាំង​ពិភព​លោក និង​ការ​គ្រប់គ្រង​ជំងឺឆ្លង​របស់​កម្ពុជា​បាន​យ៉ាង​ល្អ​នេះ នឹង​ជួយ​ឱ្យ​យើង​មើលឃើញ​នូវ​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ”។

សមាគម​សណ្ឋាគារ​កម្ពុជា បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ ដែល​មាន​តួនាទី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ព្រះរាជាណាចក្រ​កម្ពុជា​លំដាប់​ពិភព​លោក។ បច្ចុប្បន្ន​សមាគម​មាន​សមាជិក១១៥ ដែល៣៧សមាជិក ស្ថិត​ក្នុង​ខេត្ដ​សៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here