សហគមន៍អឺរ៉ុបត្រៀមផ្តល់ជំនួយជាង៥០០លានដុល្លារដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ សហគមន៍អឺរ៉ុបគ្រោងនឹងផ្តល់ជំនួយ ចំនួន៥១០លានដុល្លារបន្ថែមទៀត ដើម្បីជួយប្រទេសកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងរយៈពេលពីឆ្នាំ២០២១ ទៅដល់២០២៧។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

លោកស្រីCarmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានឱ្យដឹងថា សហភាពអឺរ៉ុបបាន រៀបចំសេចក្តីព្រាងបឋមនៃយុទ្ធសាស្ត្ររួមរបស់ខ្លួន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧។

លោកស្រីបានថ្លែងបន្តថា “កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ ដែលទើបត្រូវបានបញ្ចប់និងគ្រោងដាក់ពិភាក្សា និងប្រមូលធាតុចូលក្នុងកិច្ចពិ​គ្រោះយោបល់រវាងកម្ពុជា និងសហភាពអឺរ៉ុប- ដៃគូអឺរ៉ុបបន្ទាប់ពីការអនុម័តពីគណៈកម្មា​ធិការអឺរ៉ុបនៅទីក្រុងព្រូចសែល”។

លោកស្រីរំពឹងថា ទំហំហិរញ្ញប្បទានកម្មវិធីណែនាំពហុឆ្នាំ របស់សហភាពអឺរ៉ុបឆ្នាំ ២០២១-២០២៧នេះ នឹងមានទំហំប្រហាក់ ប្រហែលនឹងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០១៤-២០២០កន្លងទៅផងដែរ។

ភាគីកម្ពុជា និងសហភាពអឺរ៉ុប និងដៃគូអឺរ៉ុប បានឯកភាពជាគោលការណ៍លើ អាទិភាពសម្រាប់យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧ ដែលបានតម្រឹមជាមួយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ គឺ៖ ១) ការអភិវឌ្ឍធនធាន មនុស្ស, ២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ៣) ការលើកស្ទួយវិស័យឯកជន និងការងារ និង ទី៤) ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ដោយឡែក ចំពោះកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ ២០២១-២០២៧ ដែលជាឧបករណ៍ប្រតិបត្តិរវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានគាំទ្រ និងឯកភាព លើវិស័យអាទិភាពចំនួន៣ រួមមាន៖ ១) កំណើនបៃតង និងការងារ ២) វិស័យអប់រំ និងបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និង ទី៣) វិស័យអភិបាលកិច្ច។

លោកឈៀង យ៉ាណារ៉ារដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា អឺរ៉ុបគឺជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។

កន្លងមកសហភាពអឺរ៉ុបបានអនុវត្តន៍បានយ៉ាងល្អ នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាក់ស្ដែងក្នុងយុទ្ធសាស្ត្រឆ្នាំ២០១៤ -២០២០សហភាពអឺរ៉ុប បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here