ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
ភ្នំពេញៈ នៅសល់រយៈពេលជាង៩ខែទៀតប៉ុណ្ណោះ ឆ្នាំ២០២២ នឹងចូលមកដល់ហើយ ហើយប្រទេសកម្ពុជា ក៏នឹងទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣។ តួនាទីនេះអាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផងដែរ។
អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយការបរទេសរបស់កម្ពុជា។ ទោះបីជាកម្ពុជា ជាអ្នកមកយឺតក្នុងកិច្ចការអាស៊ានក្តី កម្ពុជាតែងតែបានបង្ហាញថា ខ្លួនជាអ្នកគាំទ្រដ៏សកម្ម និងមានលក្ខណៈស្ថាបនា សម្រាប់ការកសាងសហគមន៍អាស៊ាន។ ភាពក្លាហានរបស់កម្ពុជា ក្នុងការទទួលធ្វើជាប្រធានអាស៊ាន ជាលើកដំបូងក្នុងឆ្នាំ២០០២ បន្ទាប់ពីចូលជាសមាជិកបានរយៈពេល៣ឆ្នាំ ទៅក្នុងសមាគមតំបន់មួយនេះបានបង្ហាញនូវឆន្ទៈនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តឥតងាករេ របស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាចំពោះសមាហរណកម្មតំបន់ និងពហុភាគីនិយម។ ការប្តេជ្ញាចិត្តទាំងនេះនៅតែស្ថិតស្ថេរជានិច្ច ហើយកាន់តែខ្លាំងក្លាជាងមុន។
យើងមានមោទនភាព ដែលបានក្លាយជាតួអង្គសកម្មម្នាក់ នៅក្នុងសហគមន៍អាស៊ានដែលជាស្ថាប័នដែលមានការពាក់ព័ន្ធ និងចូលរួមខ្លាំងនៅក្នុងសហគមន៍អន្តរជាតិ។ ទោះបីមានការរិះគន់ថា អាស៊ានគ្រាន់តែជា “វេទិកាព្រោកប្រាជ្ញ” ក្តី ក៏ប្រទេសនៅក្រៅតំបន់ជារឿយៗ តែងតែចង់ប្រើប្រាស់វេទិកាអាស៊ាន ដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់នៅក្នុងតំបន់ ស្វែងរកគោលដៅវិនិយោគ និងដៃគូពាណិជ្ជកម្ម និងផលប្រយោជន៍ផ្សេងទៀតដែលវេទិកាពហុភាគីនិយមអាចផ្តល់ជូន។
ជាការពិតចំពោះមុខ នៃបញ្ហាប្រឈមពីការរីករាលដាល នៃជំងឺកូវីដ១៩ អាស៊ានប្រហែលជាស្ថាប័នតំបន់ដែលសកម្មបំផុតមួយ ដែលកំពុងខិតខំប្រឹងប្រែង ដើម្បីផ្តល់នូវដំណោះស្រាយ ដែលមានការច្នៃប្រឌិត និងជំរុញការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមដែលមិនធ្លាប់មាន។
ការបង្កើតមូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបចំពោះកូវីដ១៩ ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF), ក្របខ័ណ្ឌការរៀបចំច្រកធ្វើដំណើរអាស៊ាន (TCAF) និងការស្នើបង្កើតឱ្យមានមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់សុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) និងការអភិវឌ្ឍប្រព័ន្ធសម្របសម្រួលបន្ទាន់ ផ្នែកសុខភាពសាធារណៈអាស៊ាន (APHECS) ជាដើម គឺជាភ័ស្តុតាងសំខាន់ ដែលបញ្ជាក់ពីការងារសម្របសម្រួលគោលនយោបាយ ដែលមានលក្ខណៈបុរេសកម្មរបស់អាស៊ាន ហើយដែលសកម្មភាពសម្របសម្រួល ជាលក្ខណៈតំបន់បែបនេះ យើងស្ទើរតែពុំឃើញមាន នៅក្នុងតំបន់ផ្សេងទៀតទូទាំងពិភពលោក។
ក្នុងនាមជាពលរដ្ឋអាស៊ាន យើងគួរតែមានមោទនភាពចំពោះស្នាដៃទាំងនេះ ជាជាងការទទួលយកការដាក់ឈ្មោះថា “អាស៊ានជាវេទិកាព្រោកប្រាជ្ញ”។
តើអ្វីទៅដែលនឹងក្លាយជាកិច្ចការសំខាន់ សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំ ២០២២?
ជាដំបូង និងសំខាន់ជាងគេ គឺយើងត្រូវកំណត់និន្នាការសកលសំខាន់ៗ (mega trends) ដែលមានឥទ្ធិពលលើតំបន់។
បញ្ហាជំងឺរាតត្បាតកូវីដ១៩ នឹងនៅតែជាបញ្ហាប្រឈម សម្រាប់គ្រប់ប្រទេសនៅជុំវិញពិភពលោក ដែលកំពុងតែស្វិតស្វាញស្វែងរកវិធីសាស្ត្រស្តារសេដ្ឋកិច្ច និងធុរកិច្ចដែលស្ទើរតែដួលរលំ។ យើងដឹងថា លទ្ធភាពនៃការធ្វើដំណើរមកចូលរួមប្រជុំ ដោយផ្ទាល់នៅកម្ពុជា នៅតែមានបញ្ហានៅឡើយ ទោះបីជាកម្ពុជាមានបំណងរៀបចំកិច្ចប្រជុំ នៅក្នុងឆ្នាំ ២០២២ ដោយមានវត្តមានផ្ទាល់ក៏ដោយ។
ការប្រកួតប្រជែងរវាងមហាអំណាច នឹងនៅតែបន្តមានភាពតានតឹង ហើយការបែងចែកពិភពលោកជា២ ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម លម្ហឌីជីថល និងបច្ចេកវិទ្យាគឺជាសេចក្តីកង្វល់ដ៏ធំមួយ។
នៅក្នុងតំបន់របស់យើង សេចក្តីកង្វល់អំពីសន្តិសុខជាប្រពៃណី ដូចជា ការកើតមាននូវជម្លោះផ្ទៃក្នុងរបស់ប្រទេសសមាជិក បញ្ហាដ៏ស្មុគស្មាញនៃព្រំដែនគោក និងព្រំដែន
សមុទ្រជាដើមនឹងនៅតែបន្តមាន។ ចំពោះបញ្ហាសន្តិសុខមិនប្រពៃណី មានដូចជាគ្រោះមហន្តរាយធម្មជាតិ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជនបាត់បង់ទីលំនៅក្នុងស្រុក ការផ្លាស់ប្តូរអាកាសធាតុ ជាដើមនឹងបន្តក្លាយជាបញ្ហាប្រឈមដែលកាន់តែស្មុគស្មាញឡើង។
ជាការពិតប្រទេសកម្ពុជាមិនអាចសម្តែងថា យើងនឹងមានលទ្ធភាពទទួលជោគជ័យក្នុងការផ្លាស់ប្តូររបត់ សម្រាប់និន្នាការសកលធំៗទាំងនោះទេ នៅពេលដែលតួនាទីជាប្រធានរបស់យើងនឹងបញ្ចប់។ យើងដឹងច្បាស់ថា អ្វីទៅគឺជាការអនុវត្តប្រកបដោយភាពប្រាកដនិយម និងសេចក្តីស្រមៃដែលយើងចង់បាន។
កម្ពុជានឹងបោះជំហានឆ្ពោះទៅរកសេចក្តីស្រមៃ ប្រកបដោយភាពប្រាកដនិយម
កម្ពុជាដឹងថា ភាពជាប្រធានអាស៊ានប្តូរវេនរបស់កម្ពុជា មិនមែនជាជោគជ័យឬបរាជ័យ ដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ។ ភាពជាប្រធានរបស់កម្ពុជា គឺជាការប្តូរវេនជាមួយនឹងប្រធានមុនៗ ដូច្នេះរាល់សមិទ្ធផល ឬវឌ្ឍនភាពទាំងឡាយគឺជាស្នាដៃរួមរបស់សមាជិកអាស៊ានទាំង១០។
នេះគឺជាសារៈសំខាន់នៃ “មាគ៌ាអាស៊ាន” ក្នុងការថែរក្សាមជ្ឈភាពអាស៊ាន និងសារៈសំខាន់របស់អាស៊ាន នៅពេលប្រឈមនឹងនិន្នាការសកលដែលលំបាក និងប្រកបដោយការរើសអើងបែងចែក។
ការណ៍ដែលស្ថាប័នអាស៊ាន នៅតែមានភាពស្អិតល្មួតផ្ទៃក្នុងមិនប្រេះឆា គឺដោយសារតែយើងរក្សាបាននូវគោលការណ៍ ប្រតិបត្តិមូលដ្ឋានដែលជា“មាគ៌ាអាស៊ាន” ដែលផ្តល់តម្លៃ ទៅលើការឯកភាពគ្នានៅក្នុងភាពចម្រុះ ការគោរពគោលការណ៍កុងសង់ស៊ីស ការខិតខំជំរុញការសន្ទនា និងពិគ្រោះយោបល់ ដែលមានលក្ខណៈស្ងាត់ស្ងៀម ដែលគោរពអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសសមាជិកនៅរាល់ពេលដែលយើងជួបប្រទះបញ្ហាលំបាក ពីព្រោះថាអាស៊ានតែងតែលើកកម្ពស់ការឯកភាពគ្នាដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប៉ុន្តែអាស៊ានមិនជំរុញឱ្យមានការឯកភាពគ្នា ដើម្បីជំរុញការប្រឈមមុខដាក់គ្នានោះទេ។
ជាមួយនឹងនិន្នាការសកលធំៗខាងលើ អាទិភាពសំខាន់បំផុតរបស់កម្ពុជា ក្នុងឆ្នាំ ២០២២ គឺយើងត្រូវបន្តរក្សា និងគ្រប់គ្រងស្ថានភាព/បរិស្ថាន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។
ដូចប្រធានអាស៊ានទាំងអស់ផ្សេងទៀតដែរ កម្ពុជានឹងខិតខំជំរុញរបៀបវារៈទាំងឡាយណា ដែលចងភ្ជាប់យើងទាំងអស់គ្នា ជាជាងបញ្ហាដែលបែងចែកយើងទាំងអស់គ្នា។ នេះមិនមែនមានន័យថា អាស៊ានកំពុងគេចវេះពីបញ្ហានោះទេ ប៉ុន្តែអាស៊ានតែងតែប្រកាន់ជំហរជាក់ស្តែងនិយម នៅពេលដែលយើងជួបប្រទះ នូវបញ្ហាប្រឈមណាមួយ។
ឧទាហរណ៍ ជាការអនុវត្តជាក់ស្តែង អាស៊ានពុំអាចធ្វើអ្វីបានច្រើនឡើយ ចំពោះបញ្ហាការប្រកួតប្រជែងរវាងមហាអំណាច។
ដូច្នេះ ប្រសិនបើមហាអំណាចទាំង២អាចស្វែងរក ឬជួយអាស៊ានក្នុងការស្វែងរករបៀបវារៈទាំងឡាយណា ដែលជំរុញកិច្ចសហប្រតិបត្តិការ រវាងមហាអំណាចទាំង២ ជំនួសឱ្យការចោទប្រកាន់ និងការលាបពណ៌ដាក់គ្នាឥតឈប់ឈរ នោះប្រហែលជាប្រធានអាស៊ានទាំងអស់ នឹងមានភាពធូរស្រាលក្នុងចិត្ត។ ប៉ុន្តែនេះប្រហែលបានត្រឹមតែជាក្តីស្រមៃប៉ុណ្ណោះ។
អ្វីដែលសំខាន់ដែរនោះ គឺយើងត្រូវព្យាយាមលើកកម្ពស់ “ភាពជាក់ស្តែង”(tangibility) នៃផលប្រយោជន៍សម្រាប់ប្រជាជន។
នេះគឺជាការខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបទៅនឹងសំណួរដែលសាមញ្ញ ប៉ុន្តែ ពិបាកឆ្លើយចំពោះពលរដ្ឋអាស៊ានថា តើសហគមន៍អាស៊ានមានផលប្រយោជន៍អ្វីខ្លះ សម្រាប់ពួកគេ?។
ក្នុងការកំណត់អាទិភាព សម្រាប់ការធ្វើជាប្រធានឆ្នាំ២០២២ យើងព្យាយាមផ្តោតលើវិធីសាស្ត្រ ដែលយើងអាចផ្តល់នូវផលប្រយោជន៍ ជាក់ស្តែងសម្រាប់ពលរដ្ឋអាស៊ាន។ ផលប្រយោជន៍ដែលអាចប៉ះបាន និងអាចដឹងឮបាន ដើម្បីឱ្យយើងអាចផ្តល់ឱ្យពលរដ្ឋអាស៊ាននូវមោទនភាព និងក្តីសង្ឃឹមសម្រាប់អនាគត និងទំនុកចិត្តសម្រាប់សុខុមាលភាពរបស់មនុស្សជំនាន់ក្រោយរបស់អាស៊ាន ដោយគ្មានបោះបង់នរណាម្នាក់ឡើយ។
ក្នុងស្មារតីនេះ យើងកំពុងព្យាយាមពិនិត្យមើលវិធី ដែលយើងអាចលើកកម្ពស់ “ភាពជាក់ស្តែង” នៃផលប្រយោជន៍សម្រាប់ប្រជាជន តាមរយៈសកម្មភាពរបស់យើងទៅលើជំងឺកូវីដ១៩ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន សេដ្ឋកិច្ចឌីជីថល ការពង្រឹងការការពារពលករចំណាកស្រុក ការពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ ការផ្លាស់ប្តូរអាកាសធាតុ ការតភ្ជាប់ផ្លូវដែក ការតភ្ជាប់រវាងតំបន់ឧស្សាហកម្មជាដើម។
បន្ថែមទៅលើអត្ថប្រយោជន៍ជាក់ស្តែង ដែលកំពុងមានស្រាប់ ដូចជាការធ្វើដំណើរដោយគ្មានទិដ្ឋាការរវាងសមាជិកអាស៊ាន ការតភ្ជាប់ផ្លូវហាយវ៉េអាស៊ាន ឱកាសផ្លាស់ប្តូរយុវជន និងអាហារូបករណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគដោយផ្ទាល់ពីបរទេស,ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពីដៃគូជាដើម។ល។
យើងក៏ព្យាយាមធ្វើឱ្យមានតុល្យភាពផងដែរ រវាងសសរស្តម្ភទាំង៣របស់អាស៊ាន នោះគឺសហគមន៍សន្តិសុខ នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌។ ជាទិដ្ឋភាពក្នុងប្រទេស យើងមានបំណងធានាថា យើងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការទទួលធ្វើជាប្រធានអាស៊ាន ជាប្រវត្តិសាស្ត្រនេះ។
ជាទិដ្ឋភាពក្នុងតំបន់ យើងចង់ធានាថា រាល់អត្ថប្រយោជន៍ទាំងអស់ ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍ ត្រូវបានចែករំលែកដល់គ្រប់កម្រិត និងគ្រប់វិស័យ និងជាពិសេសបានទៅផ្ទាល់ដល់ប្រជាជនអាស៊ាន ដែលយើងមានកាតព្វកិច្ចបម្រើ៕