ហេដ្ឋាចរនាសម្ព័ន្ធថ្មីនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបចាប់ដំណើរការអនុវត្តជាបណ្តើរៗ

0

ដោយ ៖ រ៉ាណេត

សៀមរាប ៖ អនុវត្តតាមការណែនាំពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទៅលើការរៀបចំ និងដោះស្រាយផលប៉ះពាល់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប ក៏ដូចជាការរៀបចំស្ទឹងសៀមរាប បច្ចុប្បន្នរដ្ឋបាលខេត្តបាន និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ដែលជាទីតាំងដោះដូរថ្មីសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោង។

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់ប្រជាជនទូទាំងប្រទេសស្របពេលដែលកម្ពុជាក៏កំពុងព្យាយាមបង្កើននូវកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ។

លោកបានបន្ថែមថា ជាក់ស្ដែង ស្ថិតនៅក្នុងគម្រោងរៀបចំស្ថាបនា និងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប ដែលមានប្រជាពលរដ្ឋប្រមាណ៤០០គ្រួសាររងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅស្ទឹងសៀមរាប រដ្ឋាភិបាលបានរៀបចំ និងដោះដូរទីតាំងសម្រាប់លំនៅដ្ឋានជូនប្រជាពលរដ្ឋទាំងអស់មកកាន់តំបន់អភិវឌ្ឍន៍ថ្មីដែលស្ថិតនៅភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមយ៉ាងល្អប្រសើរ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារដែលត្រូវផ្លាស់ប្តូរទីតាំងរស់នៅពីមាត់ស្ទឹងសៀមរាប មកនៅភូមិធម្មជាតិរុនតាឯកនេះ មានប្រមាណ២០០គ្រួសារហើយបានមកធ្វើផ្ទះរស់នៅ និងបានដាំបន្លែចិញ្ចឹមសត្វ ព្រមទាំងបើកមុខរបរលក្ខណៈគ្រួសារ ខណ:ពេលនេះ រដ្ឋបាលស្រុកបានកំពុងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឱ្យកាន់តែមានភាពល្អប្រសើរ ដោយបច្ចុប្បន្ននេះយើងមានមេភូមិ និងប្រជាការពារភូមិដូចភូមិចាស់ៗផងដែរ។

លោកអភិបាលស្រុកបានបន្តទៀតថា អាជ្ញាធរស្រុក ក៏មានគម្រោងជួយរៀបចំផ្ទះប្រជាពលរដ្ឋណាដែលឧស្សាហ៍ព្យាយមឱ្យក្លាយទៅផ្ទះគំរូ គឺផ្ទះមានសោភ័ណភាពស្អាត មានដាំផ្កាលម្អ ដាំបន្លែ ចិញ្ចឹមសត្វ មានអនាម័យ និងភាពបៃតងដែលបច្ចុប្បន្ននេះ អាជ្ញាធរស្រុកកំពុងតែធ្វើការសិក្សាទៅលើប្រជាពលរដ្ឋណាដែលមករស់នៅជាប់លាប់ និងមានចិត្តចង់ធ្វើ ហើយក្រៅពីនេះរដ្ឋបាលស្រុកក៏មានគោលដៅរៀបចំភូមិនេះឱ្យមានការអភិវឌ្ឍន៍រីកចម្រើនផងដែរ។

បច្ចុប្បន្ននៅក្នុងភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក អាជ្ញាធរបានរៀបចំឱ្យមានប្រព័ន្ធភ្លើង និងអណ្តូងទឹកស្អាតសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ប្រើប្រាស់យ៉ាងស្រួល ព្រមទាំងបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ថ្មីសម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here