ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ដោយមើលឃើញពីវិសាលភាព និងការទទួលបានផលចំណេញយ៉ាងច្រើនពីវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លី បច្ចុប្បន្ននបានជំរុញឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងងាកមកប្រឡូកក្នុងមុខជំនួញជាអ្នកទិញ-លក់អចលនទ្រព្យយ៉ាងច្រើន។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance លោក ឡុង គីមសួគ៌ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះថា មិនមែនការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យសុទ្ធតែទទួលបានចំណេញ និងជោគជ័យទាំងអស់នោះទេ ដែលក្នុងនោះភាពបរាជ័យក៏កើតមានច្រើនដែរ ជាពិសេសសម្រាប់អ្នកដែលរកស៊ីតាមគ្នា ដោយគ្មានជំនាញច្បាស់ និងការស្វែងយល់ពីទីផ្សារមួយនេះ។
លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “ទោះជាអ្នកទាំងនោះបានសម្រេចចិត្តចេញមកប្រកបជំនួញមួយនេះក៏ដោយ តែភាពជាក់ស្តែងត្រូវបានគត់សម្គាល់ឃើញថា មានមួយចំនួនអាចសម្រេចបានភាពល្អប្រសើរ និងរីកចម្រើនទទួលបានប្រាក់ចំណេញពីការវិនិយោគ ហើយក៏មានមនុស្សមួយក្រុមទៀត ជួបភាពបរាជ័យលើការធ្វើជំនួយក្នុងវិស័យមួយនេះទៅវិញ ដែលភាពបរាជ័យ និងភាពជោគជ័យ គឺមានការជាប់ព័ន្ធទៅនឹងចំណុចធំៗចំនួន៣ ដែលប្រៀបបានជាគ្រឹះក្នុងការប្រកបជំនួញទិញ-លក់អចលនទ្រព្យ”។
គោលការណ៍គ្រឹះទាំង៣ ដែលចាំបាច់ត្រូវតែដឹងមុនពេលចេញប្រឡូកក្នុងវិស័យអចលនទ្រព្យរួមមានដូចជា ៖
ទី១ ៖ ស្វែងយល់ឱ្យបានច្បាស់ពីតម្លៃទីផ្សារ និងតម្រូវការជាក់ស្ដែង ៖ នេះជាកិច្ចការដំបូងដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យជាក់ស្ដែង នៅក្នុងតំបន់នីមួយៗ ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍។ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ ។
ទី២ ៖ សម្លឹងទៅតំបន់ជាយក្រុងដែលមានសក្ដានុពល ៖ ជាការពិតណាស់ នៅពេលការអភិវឌ្ឍ តំបន់ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍនៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យមួយនេះ។
ទី៣ ៖ តាមដានព័ត៌មានដែលពាក់ព័ន្ធ ៖ ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬ ស្ថាប័នរដ្ឋ ដើម្បីទទួលបានព័ត៌មាននានាពាក់ព័ន្ធទៅវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ពិតប្រាកដ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។ មួយវិញទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកក៏អាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នកដឹងក៏ថាបានដែរ ៕