តម្លៃដីធ្លីនៅស្រុកស្អាងតាមផ្លូវជាតិលេខ២១បន្តកើនឡើងដល់តម្លៃប្រមាណ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

0

ដោយៈ រ៉ាណេត

ក្រុងតាខ្មៅៈជាមួយនឹងសកម្មភាព នៃការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្រុងតាខ្មៅ ឱ្យកាន់តែល្អប្រសើរ និងមានសោភ័ណភាព ក្នុងទិសដៅពង្រីកវិសាលភាពក្រុង បានធ្វើឱ្យមានការសាយភាពឥទ្ធិពលល្អ ទៅដល់បណ្តាតំបន់ដែលស្ថិតនៅជាយក្រុងមួយចំនួនមានការកើនឡើងនូវតម្លៃគួរឱ្យកត់សម្គាល់។

លោកធឿន វុទ្ធី ឈ្មួញទិញលក់ដីនៅក្នុងស្រុកស្អាងខេត្តកណ្តាល និងក្រុងតាខ្មៅបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ទីផ្សារដីធ្លីនៅភាគខាងត្បូងក្រុងតខ្មៅ នាពេលបច្ចុប្បន្នមានកំណើនខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩-២០២០ ខណៈដែលគម្រោងអភិវឌ្ឍន៍ធំៗកំពុងបង្ហាញវត្តមាន។

លោកបន្តថា ភាគច្រើនដីដែលស្ថិតនៅជាប់ផ្លូវជាតិលេខ២១ មិនសូវមានការទិញលក់នោះទេ ដោយសារតែឈ្មួញធំៗ និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនបានទិញទុកអនុវត្តគម្រោងរបស់ខ្លួន ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ក៏មានតម្លៃថ្លៃរហូតដល់ប្រមាណ២ម៉ឺនដុល្លារក្នុងមួយឡូតិ៍។

លោកបានបញ្ជាក់ថា “គិតត្រឹមតែក្នុងតំបន់ជិតភ្នំស្អាង តម្លៃដីដែលស្ថិតនៅជាប់ផ្លូវកៅស៊ូមានតម្លៃ មិនក្រោម២០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ ហើយដីដែលធ្លាប់ជាវាលស្រែជិតជើងភ្នំស្អាង ក៏ឡើងថ្លៃរហូតដល់៦០-៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនេះអាចនឹងបន្តឡើងថ្លៃ ក្រោយពេលគម្រោងសាងសង់លំនៅដ្ឋាន ក្នុងតំបន់មានការកើនឡើង”។

នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Focus Property លោក ប៉ូ អ៊ាវគង់ ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា មិនថាចំពោះតំបន់ ដែលស្ថិតនៅតាមបណ្តោ​យផ្លូវជាតិលេខ២១បាន និងកំពុងតែបង្ហាញពីភាពល្អប្រសើរ ជាងឆ្នាំកន្លងទៅនោះទៀត​។ លោកបានមានប្រសាសន៍បញ្ជាក់ថា នៅចម្ងាយប្រមាណ៥-៧ គីឡូម៉ែត្រ គិតចាប់ពីចំណុចតំបន់ទួលក្រសាំង ម្ដុំលំនៅដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់តំបន់ស្រុកស្អាង ពេលនេះគឺកាន់តែមានភាពល្អប្រសើរច្រើន ជាពិសេសតំបន់ដែលនៅជិតគម្រោងសាងសង់ផ្លូវល្បឿនលឿនតែម្ដង។

លោកបានបន្តទៀតថា “នៅតំបន់នេះសព្វថ្ងៃ គឺកំពុងតែចាប់ផ្តើមមានសកម្មភាពអភិវឌ្ឍទៅលើវិស័យសំណង់ ជាពិសេសវិស័យលំនៅដ្ឋានកម្រិតក្រោមមធ្យម សម្រាប់អ្នកដែលមានចំណូលទាប រួមជាមួយនឹងគម្រោងនៃការអភិវឌ្ឍលំនៅដ្ឋាន កម្រិតមធ្យមរបស់ម្ចាស់គម្រោងមួយចំនួនទៀតដែរ ដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែងនៅលើទីផ្សារ ខណៈដែលកំណើននៃកក្តាប្រជាសាស្ត្រក៏មានការកើនឡើង”។

លោកប៉ូ អ៊ាវគង់បានបន្តទៀតថា ធម្មតានៅពេលដែលមានតម្រូវការលើផ្នែកសំណ​ង់ វានឹងជម្រុញឱ្យតម្លៃដីមានការកើនឡើង។ ចំពោះតម្លៃដីដែលស្ថិតនៅតំបន់ដូចដែលបានលើកឡើងខាងលើនេះ ជាពិសេសដីដែលនៅជាប់ផ្លូវធំ គឺមានតម្លៃក្នុងចន្លោះពី១៥០-២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពីឆ្នាំកន្លងទៅដីនៅតំបន់ដដែលនេះមានតម្លៃត្រឹមតែប្រមាណ៨០ ទៅ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។ ដោយឡែកចំពោះដីធ្លាប់តែជាតំបន់វាលស្រែ តំបន់ទឹកលិច ដែលកាលពីឆ្នាំមុនមានតម្លៃត្រឹម១៥ -២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ពេលនេះបានកើនឡើងរហូតដល់ក្នុងចន្លោះចាប់ពី ៥០-៦០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

បើទោះជាយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា ចំពោះការកើនឡើងនូវតម្លៃទាំងនេះគឺនិយាយតែចំពោះតំបន់ខាងលើ ដែលបានលើកឡើងតែប៉ុណ្ណោះ។ ដោ​យឡែកចំពោះតំបន់ ដែលជាទីប្រជុំជនស្ថិតគៀកនឹងផ្សារស្រុកស្អាង ហាក់មិនមានអ្វីកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ដោយសារតែទីប្រជុំជនទាំងនេះ មានការអភិវឌ្ឍរួចរាល់ទៅហើយ។

នាយកក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វីរៈ បានទទួលស្គាល់ថា តំបន់ខាងលើនេះ ពិតជាមានភាពទាក់ក្នុងការអភិវឌ្ឍ ប៉ុន្តែវានៅមិនទាន់មានភាពពុះកញ្ជ្រោលខ្លាំង ដូចតំបន់មួយចំនួនដែលស្ថិតនៅជាយក្រុង តាមបណ្តាផ្លូវជាតិធំៗនោះនៅឡើយ។

លោកបានបន្តថា “បើប្រៀបធៀបតំបន់ជាយក្រុង ដែលស្ថិតនៅជាប់ផ្លូវជាតិធំនានា តំបន់ខាងលើដែលស្ថិតនៅជាប់ផ្លូវជាតិលេខ២១A ហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែយើងទទួលស្គាល់ថា ពិតជាមានការកើនឡើងនូវតម្លៃពិតប្រាកដមែន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here