អ្នកសម្រុកទិញខុនដូក្នុងគម្រោងភូមិអូឡាំពិកនៅជប៉ុន ខកចិត្តយ៉ាងខ្លាំងក្រោយការប្រកួតអូឡាំពិកត្រូវពន្យារពេល

0

ដោយៈសុខុម

តូក្យូៈ នៅពេលទីក្រុងតូក្យូទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក មនុស្សជាច្រើនបានសម្រុកទិញខុនដូប្រណីតៗ ដែលជាផ្នែកមួយនៃគម្រោងបង្កើតភូមិអូឡាំពិក សម្រាប់ទទួលអត្តពលិកអំឡុងព្រឹត្តិការណ៍កីឡានេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១០ មីនា។

ទោះជាយ៉ាងណា ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវបានពន្យារពេល១ឆ្នាំដោយ​សារតែការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទូទាំងពិភពលោក និងភាពមិនប្រាកដប្រជាជុំវិញព្រឹត្តិការណ៍នេះ អ្នកទិញបានខកចិត្តយ៉ាងខ្លាំង។ អ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀតនោះ គឺក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ហាក់នៅស្ងាត់ស្ងៀម ធ្វើជាមិនដឹងមិនឮ។

ពេលនេះអ្នកទិញជាច្រើននាក់ នៅក្នុងគម្រោងខុនដូ Harumi Flag ដែលមាន ៥.៦០០ យូនីតកំពុងទាមទារសំណងជំងឺចិត្ត ពីក្រុមហ៊ុនអភិវឌ្ឍន៍ ចំពោះការពន្យារពេលនេះ។

លោក Hironobu Todoroki មេធាវីតំណាងអ្នកទិញ ដែលមានបំណងដោះស្រាយជម្លោះនេះដោយសន្តិវិធី តាមរយៈការចរចាបានលើកឡើងថា”ការកែប្រែចំណុចណាមួយគឺជាកត្តាសំខាន់បំផុត នៅក្នុងកិច្ចសន្យាលក់អចលនទ្រព្យ”។

លោកបានធ្វើការកត់សម្គាល់ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ គួរតែជួបជាមួយអ្នកទិញដើម្បីពន្យល់ពីស្ថានភាពនេះ។ លោកបន្តថា លោកនឹងពិចារណាដាក់ពាក្យប   ណ្តឹង ប្រសិនបើការចរចាបរាជ័យ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុន Mitsui Fudosan Residential ជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យទាំង១០ ដែលពាក់ព័ន្ធក្នុងគម្រោងភូមិអូឡាំពិកបាននិយាយថា ខ្លួនបានឆ្លើយតបរាល់ចម្ងល់ជុំវិញ គម្រោងអភិវឌ្ឍន៍នេះរួចហើយ ហើយបន្តធ្វើបែបនេះទៀត។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា “ក្រុមហ៊ុននឹងបន្តពន្យល់បកស្រាយជុំវិញស្ថានភាពនេះ ទៅដល់អ្នកទិញ ហើយឆ្លើយតបទៅនឹងការសម្រុះសម្រួល ឬបណ្ដឹងផ្លូវច្បាប់ផ្សេងទៀត”។

មានការជូនដំណឹងថា អ្នកទិញអាចបញ្ចប់កិច្ចសន្យាទិញលក់បាន ដោយសារតែការពន្យារពេលនេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍ Mitsui Fudosan Residential ដែលពាក់ព័ន្ធក្នុងគម្រោងភូមិអូឡាំពិក បានបដិសេធមិនឆ្លើយបំភ្លឺថា តើមានការលុបចោលកិច្ចព្រមព្រៀងទិញលក់ណាមួយនោះឡើយ។

រដ្ឋបាលក្រុងតូក្យូ បានចំណាយ៥៤ពាន់លានយ៉េន (៥០០ លានដុល្លារអាមេរិក) សម្រាប់គម្រោងនេះ រួមទាំងការស្ថាបនាផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ បន្ថែមពីលើនេះ  រដ្ឋបាលក្រុងតូក្យូ ក៏បានចំណាយ៤,២ពាន់លានយ៉េន (៣៨,៥ លានដុល្លារ) ទៅលើក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ដើម្បីជួលគម្រោងនេះរយៈពេល១ឆ្នាំ ដោយប្រើប្រាស់វាជាភូមិអូឡាំពិក សម្រាប់អត្តពលិកប្រមាណ១០.០០០នាក់។

ដោយសារការពន្យារពេលនេះ រដ្ឋបាលក្រុងតូក្យូ នឹងត្រូវចំណាយ៤,២ ពាន់លានយ៉េន (៣៨,៥ លានដុល្លារ)សម្រាប់ការជួលមួយឆ្នាំទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here