អាជ្ញាធរ និង​អ្នកជំនាញ មាន​សុទិដ្ឋិនិយម​ពី​គំរោង​អភិវឌ្ឍន៍ និង​កំនើន​តម្លៃ​ដីធ្លីនៅ​ជើងភ្នំ​បូកគោ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្តែង​សុទិដ្ឋិនិយម​ថា គំរោង​ទីក្រុង​ឆ្លាត​វៃ​នៅ​ជើងភ្នំ​បូកគោ​កាលពី​ឆ្នាំមុន នឹងមាន​ដំណើរ​ការល្អ​និង​រលូន​បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩បញ្ចប់។

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​កាលពីពេលថ្មីៗនេះ​ថា ជើងភ្នំ​បូកគោ ជា​តំបន់​មាន​ទីតាំង​ល្អ អាកាសធាតុ​ល្អ និង​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​មាន​ភាពអំណោយ​ផល ប៉ុន្តែ​ដោយសារ​វិបត្តិ​កូ​វីដ១៩បានធ្វើ​ឲ្យ​គំរោង​នេះ​ដំណើរការ​យឺត ហេតុនេះ​យើង​ត្រូវការ​ពេលវេលា​ដែល​កូ​វីដ១៩បញ្ចប់ នឹងធ្វើ​ឲ្យ​តំបន់​នេះ​មានការ​អភិវឌ្ឍ និង​រីកចម្រើន​លឿន។

លោក​បន្តថា “ដើម្បី​ធ្វើ​ឲ្យ​ដី​តំបន់​នេះ​ឡើងថ្លៃ អ្នកវិនិយោគ​ដែលមាន​ដី គេ​រៀបចំ​ការអភិវឌ្ឍន៍​នៅ​តំបន់​នោះ ព្រោះ​ដី​នឹងមិន​ឡើងថ្លៃ​ទេ បើ​ផែនការអភិវឌ្ឍន៍​មិនបាន​រៀបចំ​បានល្អ” ។ លោក​បន្តថា “ឧទាហរណ៍​អ្នកវិនិយោគ​ម្នាក់​មាន​ដី១០០ហិកតា គេ​បាន​យក៥ហិកតា​សាងសង់​រោងចក្រ ដោយ​ជួល​ឲ្យ​ឯកជន​មិន​គិត​ប្រាក់ អ្នកវិនិយោគ​នឹង​ហូរ​ចូលទៅ​តំបន់​នោះ បន្ទាប់​គេ​នឹង​យក​ដី១ហិកតា​សាងសង់​ផ្សារ ដែល​ការរៀបចំ​បែបនេះ​នឹងធ្វើ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ច្រើន មាន​សកម្មភាព​សេដ្ឋកិច្ច នឹងធ្វើ​ឲ្យ​ដី​តំបន់​នោះ​ឡើងថ្លៃ​ជា​ស្វ័យប្រវត្តិ” ។

លោក​បណ្ឌិត​គីម ហ៊ាង បាន​បន្តថា សម្រាប់​ផែនការ​អភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល​ប្រកាស​នៅ​តំបន់​ណាមួយ ដី​នៅ​តំបន់​នោះ​តែងតែ​ឡើងថ្លៃ ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​វិនិយោគ​ច្រើន​ទេ គឺ​វិស័យ​ឯកជន​ជា​អ្នកវិនិយោគ ហេតុនេះ​មានតែ​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​ចូលមក​ទេ ទើប​ធ្វើ​ឲ្យ​ដី​ឡើងថ្លៃ និង​ការអភិវឌ្ឍ​នៅ​តំបន់​ណាមួយ​ដី​នឹង​ឡើងថ្លៃ​លឿន។

លោក​បន្តថា “សំរាប់​ការរៀបចំ​ទីក្រុង​នៅ​ជើងភ្នំ​បូកគោ វា​ត្រូវការ​ពេលវេលា​ដែល​កូ​វីដ១៩បញ្ចប់ ទើប​តំបន់​នេះ​មានការ​អភិវឌ្ឍ​លឿន ដោយសារ​លក្ខ​ខ័​ណ្ឌ​មួយចំនួន​ដែល​បានលើកឡើង​ខាងលើ” ។

លោក​បណ្ឌិត​គីម ហ៊ាង បាន​បន្ត​ដោយ​លើក​ឧទាហរណ៍​ជាក់ស្តែង មក​បញ្ជាក់ថា តំបន់​បឹងកក់ អ្នកវិនិយោគ​គម្រោង​នេះ បាន​លក់​ដី​ក្នុងតម្លៃ​ទាប​នៅពេល​ដំបូង ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ ចូលទៅ​វិនិយោគ​គំរោង​ច្រើន​នៅ​ទីនោះ។

ជាមួយគ្នានេះ អភិបាលខេត្ត​កំពត​លោក​ជាវ តា​យ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១០ មិនា​កន្លងមក​ថា គំរោង​អភិវឌ្ឍន៍​ទាំងអស់​នៅក្នុង​ខេត្តកំពត​មិនបាន​ផ្អាក​ដោយសារ​ជំងឺ​កូ​វីដ១៩នោះទេ គឺ​នៅតែ​បន្តសកម្មភាព​អភិវឌ្ឍន៍​ជាធម្មតា ហើយ​ខេត្ត​កំពុង​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩បានល្អ ដោយ​រហូត​មកទល់ពេលនេះ មិនទាន់មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ណា​ម្នា​ក់បាន​ឆ្លង​ជំងឺ​នេះ​ទេ។

លោក​បន្តថា “ខេត្ត​កំពុង​ទាក់ទាញ​ការវិនិយោគ​ច្រើន ពី​សំណាក់​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ ពិសេស​តំបន់​ជើងភ្នំ​បូកគោ​កំពុងមាន​ការអភិវឌ្ឍ​លឿន​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here