អ្នកជំនាញៈ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបាននិងកំពុងរីកសាយភាយទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបាននិងកំពុងរីកសាយភាយទៅគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ ហើយទីផ្សារលំនៅដ្ឋានតម្លៃចន្លោះពី៣ម៉ឺន ទៅដល់១០ម៉ឺនដុល្លារ នៅតែមានកំណើន និងពេញនិយមសម្រាប់ទីផ្សារក្នុងស្រុក នៅដើមឆ្នាំ២០២១នេះ ។

លោកស្រីអាន សុធីតានាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់Propertyarea.asiaកាលពីថ្មីៗនេះថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យបាននិងកំពុងរីកសាយភាយទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ ពិសេសតំបន់ភាគខាងត្បូងទីក្រុងភ្នំពេញទទួលបានគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។

លោកស្រីបាននិយាយថា “ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩ នៅបន្តប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែដោយសារកម្លាំងទិញស្រុក បានធ្វើឱ្យទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ មិនសូវជាទទួលរងផលប៉ះពាល់ខ្លាំងនោះទេ”។

លោកស្រីបានថ្លែងថា តម្រូវការលំនៅដ្ឋានតម្លៃចន្លោះពី៣ម៉ឺន ទៅដល់១០ម៉ឺនដុល្លារ ដែលជាតម្លៃសមរម្យមួយ សម្រាប់ប្រជាជនអាចមានលទ្ធភាពវិនិយោគ ឬទិញសម្រាប់រស់នៅ នៅតែមានកំណើន ធៀបនឹងលំនៅដ្ឋាន ដែលមានតម្លៃចាប់ពី១០ម៉ឺន ឡើងទៅ។

លោកស្រីបានរំពឹងថា ទីផ្សារអចលនទ្រព្យត្រូវការរយៈពេលពី៦ ដល់៩ខែទៀត ទើបវិស័យអាចវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ព្រោះវាទាមទារឱ្យមានទំនុកចិត្តវិនិយោគឡើងវិញពីទាំងក្នុង និងក្រៅស្រុក។

អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍កាលពីថ្មីៗនេះថា នៅដើមឆ្នាំ២០២១គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋានប្រភេទកម្រិតមធ្យមសម្រាប់ដាក់លក់នៅលើទីផ្សារនាចុងឆ្នាំ២០២១ខាងមុខនេះ ខណៈពេលដែលតម្រូវការទីផ្សារលំនៅដ្ឋានចាប់ផ្តើមឡើងខ្ពស់វិញ។

អ្នកឧកញ៉ាបន្តថា “ខ្ញុំគិតថា យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ទីផ្សារលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនឹងកើនឡើងវិញខ្លាំង ដោយសារតែកំណើននៃចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងស្រុកនៅមានច្រើន ដូច្នេះទីផ្សារមួយនេះនឹងងើបឡើងជាក់ជាមិនខាន។ នេះបើតាមការមើលឃើញរបស់ខ្ញុំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here