ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាព្រះរាជាណាចក្រនៃវប្បធ៌ម និងធនធានធម្មជាតិ ដោយប្រទេសនេះមានឧទ្យានជាតិជាច្រើន ដែលមានរ៉ាយប៉ាយនៅ តាមបណ្តាខេត្តជាច្រើនទាំងភាគខាងជើង ភាគខាងលិច និងភាគខាងកើតឆៀងខាងជើងប្រទេស។
បច្ចុប្បន្នកម្ពុជាមានឧទ្យានជាតិសំខាន់ៗចំនួន១៤ ដែលត្រូវបានប្រើប្រាស់សម្រាប់រក្សាគំរបព្រៃឈើផង ទាញយកសក្តានុពលពីវិស័យទេសចរណ៍ផង ទាញយកផលប្រយោជន៍សេដ្ឋកិច្ចបៃតងផង និងរក្សាអាកាសធាតុឲ្យមានភាពអំណោយផលផងដែរ។
ឧទ្យានសំខាន់ៗទាំង១២នោះរួមមាន៖
១. ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គីរីរម្យ) មានទីតាំង ភូមិសាស្ត្រក្នុងខេត្ត៣គឺ៖ខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ មានផ្ទៃក្រលា៣៥.២៣២ហិកតា បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ១៧១ អនក្រ.កបថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០ ។
២. ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) មានទីតាំងភូមិសាស្ត្រ ក្នុងខេត្តកំពត និងខេត្តព្រះសីហនុ។ មានផ្ទៃក្រលា១៥៤.៤៥៨ហិកតា បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ១៧១អនក្រ. បក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០ ។
៣. ឧទ្យានជាតិកែប មានទីតាំងភូមិសាស្ត្រក្នុងខេត្តកែប មានផ្ទៃក្រលា១.១៥២ហិកតាបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ១៣៨អនក្រ. បក ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៣ ។
៤. ឧទ្យានជាតិព្រះសីហនុ (រាម) មានទីតាំងនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ។ មានផ្ទៃក្រលា១៥.០០០ហិកតា បង្កើតឡើងដោយព្រះរាជក្រឹត្យលេខខស/រកត/០៧ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។
៥. ឧទ្យានជាតិបុទុមសាគរ មានទីតាំងភូមិសាស្ត្រក្នុងខេត្តកោះកុង។មានផ្ទៃក្រលា១៧១.២៥០ហិកតា បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/ ០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។
៦. ឧទ្យានជាតិព្រះជយវរ្ម័ន- នរោត្តម (ភ្នំគូលែន) មានទីតាំងភូមិសាស្ត្រក្នុងខេត្តសៀរាប។មានផ្ទៃក្រលា៣៧.៥០០ហិកតា បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រតក/០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។
៧. ឧទ្យានជាតិវិរៈជ័យ មានទីតាំងភូមិសាស្ត្រខេត្តរតនគីរី និងស្ទឹងត្រែង។ មានផ្ទៃក្រលា៣៣២.៥០០ហិកតា បង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រតក/០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។
៨. ឧទ្យាមជាតិវើនសៃ- សៀមប៉ាង មានទីតាំងភូមិសាស្តខេត្តស្ទឹងត្រែង និងរតនៈគីរី ។ មានផ្ទៃក្រលា៥៧.៤៦៥ហិកតា បង្កើតឡើងដោយអនុក្រឹត្យលេខ ៧៧អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ ។
៩. ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល មានទីតាំងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។មានផ្ទៃក្រលា៤០១.៣១៣ហិកតា បង្កើតឡើងដោយអនុក្រឹត្យលេខ៨១ អនក្រ. បកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ ។
១០. ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង មានទីតាំងភូមិសាស្ត្រខេត្តកោះកុង ពោធិសាត់ កំពង់ស្ពឺ និងព្រះសីហនុ មានផ្ទៃក្រលា៤១០.៣៩២ហិកតា បង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩ អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ ។
១១. ឧទ្យានជាតិអូយ៉ាដាវ មានទីតាំងភូមិសាស្ត្រក្នុងខេត្តរតនគីរី ។ មានផ្ទៃក្រលា ១០១.៣៤៨ហិកតា បង្កើតឡើងដោយអនុក្រឹត្យលេខ៨២ អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។
១២.ឧទ្យានជាតិកោះរុង មានទីតាំងភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ។ ឧទ្យាននេះមានផ្ទៃក្រលា២.៦៥៥, ៣៥ហិកតា និងបង្កើតឡើងដោយអនុក្រឹត្យលេខ១៨៨ អនក្រ.បក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ ៕