ក្រុមហ៊ុនយក្សGrabកំពុងចរចាបោះផ្សាយមូលបត្រក្នុងកិច្ចព្រមព្រៀងតម្លៃជិត៤០ពាន់លានដុល្លារ

0

ដោយៈសុខុម

សិង្ហបុរី: ប្រភពបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១១ មីនា ថា ក្រុមហ៊ុន Grab Holdings កំពុងចរចាគ្នាជុំវិញការបោះផ្សាយ មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូង (Initial Public Offering- IPO) តាមរយៈការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនដ៏ធំមួយ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី១២ មីនា នេះឱ្យដឹងថា ការច្របាច់បញ្ចូលគ្នានេះ នឹងធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុនយក្សGrab កើនឡើងជិតដល់៤០ពាន់លានដុល្លារអាមេរិក។

កាសែត Wall Street Journal បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនសិង្ហបុរីGrab ដែលមានក្រុមហ៊ុនយក្សរបស់ជប៉ុនSoftBank ជាខ្នងបង្អែកកំពុងចរចាជាមួ​យក្រុមហ៊ុនសហរដ្ឋអាមេរិក Altimeter Capital Management ។

យោងតាមសារព័ត៌មានចុះផ្សាយឱ្យដឹងថា តាមការរំពឹងទុកក្រុមហ៊ុន Grab នឹងប្រ​មូលទុនពីបណ្ដាវិនិយោគិនឱ្យបានចន្លោះពី៣ ទៅ៤ពាន់លានដុល្លារ។

ដោយដកស្រង់ប្រភពនានា ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយដំបូងកាលពីខែមករា ដើមឆ្នាំនេះថា ក្រុមហ៊ុន Grab កំពុងស្វះស្វែងការចុះបញ្ជី ក្នុងទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា នៅពេលទីភ្នាក់ព័ត៌មានReuters សុំការបញ្ជាក់ជុំវិញរឿងនេះ ក្រុមហ៊ុន Altimeter បានបដិសេធមិនឆ្លើយបំភ្លឺឡើយ ហើយក្រុមហ៊ុនGrab ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here