វិភាគៈ តើខេត្តជាប់តំបន់K4កំពុងពង្រីកសក្តានុពលដូចម្តេចដើម្បីទាក់ទាញវិនិយោគិន

0

ដោយៈ យិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ តើបណ្តាខេត្តជាប់តំបន់ឆ្នេរកម្ពុជាបាន និងកំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមឧត្តមភាពរៀងៗខ្លួន? ខណៈផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលបាន និងកំពុងចាត់ទុកតំបន់ឆ្នេរ “ជាតារារះនាទិសនារតី”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកតំបន់ឆ្នេរ ពិសេស​ខេត្តព្រះសីហនុ ជាក្បាលនាគ រាជធានីភ្នំពេញនាខ្លួននាគ និងតំបន់ភូមិភាគឥសាន្តជាកន្ទុយនាគ។

ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឲ្យជឿ ដោយសារគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល។

វិស័យសំណង់ និងអចលនទ្រព្យ

ជាក់ស្តែងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ លំហូរទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ បានកើនឡើងរហូតដល់ជាង៧ពាន់លានដុល្លារ ទៅគម្រោងសាងសង់សរុបចំនួន១៣៥៥គម្រោង។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះថា ការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យនេះបានរហូតដល់ជាង៧ពាន់លានដុល្លារ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើនគម្រោងសាងសង់នៅទូទាំងខេត្ត ដែលទទួលបានលិខិតអនុញ្ញាតមានចំនួន១៣៥៥គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុប១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបជាង៧០៩៩លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់សំណង់អាគារខ្ពស់ៗនៅទូទាំងខេត្ត គិតចាប់ពីឆ្នាំ២០០៥ – ២០២០ត្រឹមខែឧសភា មានកម្ពស់ចាប់ពី៥ដល់៥៣ជាន់ មានចំនួន៥២៩គម្រោង។

កំលាំងចលករជម្រុញ

ដោយដាក់ចេញនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ខេត្តព្រះសីហនុបាន និងកំពុងពង្រីកល្បឿននៃការអភិវឌ្ឍលឿន និងក្លាយជាតំបន់អភិវឌ្ឍន៍ពហុបំណង និងស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់រដ្ឋាភិ​បាលចិន។

តាមរយៈគោលនយោបាយនេះ ផ្លូវរថភ្លើងត្រូវបានសាងសង់ និងដាក់ឲ្យដំណើរការយ៉ាងលឿន ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ និងកំពុងសាងសង់ ដូចជាព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានពង្រីករហូតដល់២៣០០ម៉ែត្រ សំរាប់ផ្លូវរត់របស់យ​ន្តហោះ ដែលអនុញញ្ញាត្តឲ្យយន្តហោះខ្នាតធំអាចចុះចតបាន និងផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តភ្នំពេញ ខេត្តព្រះសីហនុបាននិងកំពុងសាងសង់យ៉ាងសកម្ម។

អ្វីកាន់តែពិខសេសរដ្ឋាភិបាល ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិន សិក្សាលទ្ឋភាពដើម្បីស្ថាបនាផ្លូវរត់ភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តនេះផងដែរ។

កំពង់ផែទឹកជ្រៅតែមួយគត់ ក៏បាននិងកំពុងពង្រីកក្រោមជំនួនរបស់ដៃគូអភិវឌ្ឍន៍ជប៉ុន ដើម្បីអាចឲ្យកម្ពុជាដឹកទំនិញឆ្ពោះទៅកាន់ប្រទេសធំៗបាន ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

តារារះនាទិសនារតី

ក្រៅពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការគាំទ្ររបស់វិស័យឯកជន ខេត្តព្រះសីហនុក៏មានគ្រាប់ពេជ្រដ៏អស្ចារ្យដូចខេត្តជាប់តំបន់ឆ្នេរដទៃទៀត គឺឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប “ឆ្នេរស្អាតជាងគេលើពិភពលោក”ផងដែរ ដោយ​សារតំបន់ឆ្នេរកម្ពុជា ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម កោះសន្យា កោះក្របី កោះតាគៀវ កោះឬស្សីជាដើម សុទ្ឋតែស្ថិតក្នុងបញ្ជីរឆ្នេរស្អាត និងល្បីល្បាញលើពិភពលោក។

សម្បត្តិធម្មជាតិ ដែលចាយមិនចេះអស់នេះ មិនទាន់ប្រើប្រាស់អស់លទ្ឋភាពនៅឡើយ ដោយសារការផ្សព្វផ្សាយនិងធនធានមនុស្សនៅមានកម្រិត។

ខេត្តកំពត

ជាមួយនឹងភាពអំណោយផល នៃភូមិសាស្រ្តអំណោយផលនៃធនធានធម្មជាតិ តំបន់ឆ្នេរ ព្រៃភ្នំ ដងព្រែក និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តបានធ្វើឲ្យខេត្តកំពត មានការអភិវឌ្ឍយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អាគារពាណិជ្ជកម្មកប់ពពក

ក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំមកនេះ ខេត្តកំពតមិនដែលមានវត្តមានអាគារកប់ពពកនោះទេ ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់អាគារពាណិជ្ជកម្មលំដាប់​អន្តរជាតិ​កំពស់​កម្ពស់៤២ជាន់ ក្រោម​ទុនវិនិយោគ​ប្រមាណ៩៥លាន​ដុល្លារ បាននិងកំពុង​ចាប់ផ្តើម​សាងសង់​ហើយ ដែល​វត្តមាន​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ នឹង​រួមចំណែ​ក​លើក​កំពស់​ការអភិវឌ្ឍ ​ក្នុង​ក្រុង​នេះ​កាន់​តែមាន​សក្តានុពល​ថែមទៀត។

វត្តមានអាគារនេះ នឹងផ្លាស់ប្តូរមុខមាត់របស់ខេត្តកំពត និងជម្រុញ ហើយទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនទៀតទៅកាន់ខេត្តនេះ។

អភិបាល​ខេត្តកំពត លោក ជាវ តា​យ ធ្លាប់បាន​មានប្រសាសន៍ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បានបង្ហាញ​ពី​កំណើន​យ៉ាងខ្លាំង នៃ​ប្រភព​អចល​នទ្រព្យ​ក្នុងស្រុក ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច លូតលាស់​លឿន ដែល​វិស័យ​ឧស្សាហកម្ម សំណង់ និង​សេវាកម្ម នៅតែ​ជា​កម្លាំងចលករ​យ៉ាងសំខាន់។

លោក​បាន​បញ្ជាក់ថា “គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង នាពេលនេះ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ សំណង់​អគារ​លំដាប់​អន្តរជាតិ​ជា​លើកដំបូង និង​ខ្ពស់​ជាងគេ​នៅ​ខេត្តកំពត ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្តកំពត ហើយ​សម្រាប់​បំពេញតម្រូវការ​របស់​វិនិយោគិន ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើការ​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្តកំពត”។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អនុវត្ត​នូវ​កម្មវិធី យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល និតិ​កាល​ទី៦ នៃ​រដ្ឋសភា ដើម្បី​ជា​គន្លឹះ​ត្រីវិស័យ​ក្នុងការ ទ្រទ្រង់​និង​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

វិស័យទេសចរណ៍

ជាមួយភាពអំណោយផលនៃតំបន់ឆ្នេរ ព្រៃភ្នំ ពិសេសភ្នំបូកគោ ដងព្រែក ធូរ៉េនដ៏មានឳជារស និងផលិតផលកសិកម្មជាច្រើនទៀត ពិសេសស្រែអំបិល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនា ខេត្តកំពតក៏មិនទាន់ប្រើប្រាស់អស់ធនធាន និងសក្តានុពលរបស់ខ្លួនដែរ។

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ក្នុងអំឡុងពេលនៃការគ្របដណ្តប់ដោយវិបត្តិជំងឺរាតត្បាត វិស័យទេសចរណ៍បានផ្លាស់ប្តូរយ៉ាងច្រើន។ ភ្ញៀវទេសចរភាគច្រើនកំពុងស្វែងរកគោលដៅទេសចរណ៍ធម្មជាតិ ដែលក្នុងនោះ ខេត្តកំពតគឺ ជាខេត្តមានអំណោយផលល្អបំផុត សម្រាប់សកម្មភាពទេសចរណ៍ជាច្រើនទីតាំង និងផ្តល់ឱកាសដល់ការបង្កើតអាជីវកម្មថ្មីៗ ដើម្បីបំពេញតម្រូវការទេសចរណ៍ក្នុងស្រុក។

យោងតាមមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា គិតត្រឹមដើមឆមាសទី២ ឆ្នាំ២០២០ ខេត្តកំពតបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៨៣៨.០០០នាក់ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន១,០៩ លាននាក់។ ចំនួននេះគឺជាការបង្ហាញយ៉ាងច្បាស់ថា ខេត្តកំពតមិនមានឧបសគ្គច្រើនទេ បើប្រៀបធៀបជាមួគោលដៅទេសចរណ៍ផ្សេងទៀតដូចជា ខេត្តសៀមរាប។

វិស័យអចលនទ្រព្យ

ក្រៅពីវត្តមានអាគារកប់ពពក ខេត្តកំពតក៏ទាក់ទាញគំរោងអភិវឌ្ឍន៍ធំៗជាច្រើនផងដែរ ពិសេសការវិនិយោគលើរមណីយដ្ឋានលំហែរកាយ ដូចជាគំរោងនៅតាមដងស្ទឹងព្រែកកំពង់បាយ ការពង្រីកឆ្នេរ និងគំរោងកំពតឋានសួគ៌ជាដើម។

ជាមួយនឹងកំនើននៃការវិនិយោគអចលនទ្រព្យ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសនៅពេលបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៣ នឹងធ្វើឲ្យខេត្តកំពតក្លាយជាមេដែកឆក់មួយ ដែលស្រូបទាញកំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ខេត្តកំពតគឺជា ខេត្តដែលមានសក្តានុពលទេសចរធម្មជាតិ ដែលខេត្តដទៃទៀតមិនមាន ហើយក៏ជាទិសដៅនៃអ្នកទេសចរនៅក្នុងស្រុក ផងដែរ ព្រោះពួកគាត់មិនសូវចង់ទៅខេត្តផ្សេងប៉ុន្មានទេ ជាពិសេសទេសចរដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។

លោកបន្តថា “នៅក្នុងមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានចាប់ផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈទ្រង់ទ្រាយធំ នៅតាមខេត្តគោលដៅជាខេត្តដែលមានសក្តានុពលខ្ពស់។លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងដើរតាមModel Pickup  ដោយជ្រើសរើសខេត្តធំៗ និងមានសក្តានុពលសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ហើយខេត្តបន្ទាប់អាចជាខេត្តកំពត និងមានខេត្តបន្តបន្ទាប់ទៀត”។

អនុសាសន៍របស់ប្រមុខរដ្ឋាភិបាល

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗ​នេះ បានស្នើដល់រដ្ឋបាលខេត្តកំពត សិក្សាទៅលទ្ធភាពនៃការរៀបចំជាតំបន់រដ្ឋបាលប្រមូលផ្តុំ រួមជាមួយគម្រោងសាងសង់ជាពហុកីឡាដ្ឋានថ្មីមួយ ប្រចាំនៅក្នុងខេត្តបន្ថែមពីលើគម្រោងសិក្សាពីការសាងសង់ស្ពានចំនួន២ផ្សេងទៀត។

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា យោងតាមការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើទៅឱ្យរដ្ឋបាលខេត្តកំពតសិក្សាពីលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរអង្គភាពពាក់ព័ន្ធមានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា “ក្រៅពីនេះ បច្ចុប្បន្ន គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិបានប្រមាណជា៧០ភាគរយ ដោយក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចហើយនឹងយកសំណើគម្រោងនេះដាក់ស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេច”។

ជាមួយគ្នានេះ ខេត្តកំពតក៏មានកំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតផងដែរ ដែលកំពង់ផែនេះ អាចពង្រីកការតភ្ជាប់ច្រករបៀងទេសចរណ៍ ជាមួយប្រទេសវៀតណាម ថៃនាពេលអនាគតផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយកំពង់ផែនេះ ត្រូវបានពន្យាពេលលើការសាងសង់។

ខេត្តកែប

ជាខេត្តដ៏តូចច្រឡឹង តែប្រៀបដូចជាកូនក្រមុំមួយដែលលាក់ខ្លួន ខេត្តកែបមានលក្ខណៈពិសេសបំផុត ដោយវាជាខេត្តទី១នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាលក្រុងតែមួយគត់។

គោលនយោបាយរបស់រដ្ឋាភិបាល

ខេត្តនេះត្រូវបានទទួលស្គាល់ពីគណកម្មការ វាយតម្លៃទីក្រុងស្អាតរបស់អាស៊ាន ដែលបានផ្តល់ពានរង្វាន់ជាខេត្តមាន “ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។

លើសពីនេះរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ក៏បានរៀបផែនការមេ ដើម្បីប្រែក្លាយខេត្តនេះជា “តំបន់វិស្សមកាលកម្រិតខ្ពស់”មួយនៅកម្ពុជា តាមរយៈការមិនឲ្យ​មានរោងចក្រ សហគ្រាស និងកាស៊ីណូ ដើម្បីប្រែក្លាយខេត្ត ដែលមានតែស្រុកមួយ និងក្រុងចំនួន១នេះ ជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋ។

អភិបាលខេត្តកែប  លោកសោម ពិសិដ្ឋ បានជំរុញ  និងលើកទឹកចិត្ត  ដល់អាជីវករ វិនិយោគិនលើវិស័យទេសចរណ៍ សណ្ឋាគារ  ដើម្បី ចូលរួមអភិវឌ្ឍន៍ខេត្តកែបឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងមានភាពទាក់ទាញលើវិស័យទេសចរណ៍។

លោកបានបន្តថា ដោយមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់សណ្ឋាគារ  ផ្ទះសំណាក់  អ្នកវិនិយោគគិន  រួមជាមួយនូវភ្ញៀវជាតិ  អន្តរជាតិជាច្រើនរូប។

លោកបន្តថា ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ  និងអន្តរជាតិអោយមកសម្រាកកំសាន្ត  នៅខេត្តកែប  ទីក្រុងទេសចរណ៍កាន់តែច្រើនថែមទៀត  ខេត្តកែបមានសក្តានុពលសំខាន់ៗ  ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍  ទាំងធនធានធម្មជាតិ លើគោក  ធានធានធម្មជាតិក្នុងសមុទ្រ  ឩទ្យាជាតិកែប  កោះ  ឆ្នេរ សមុទ្រ  ស្អាតៗ  ជាច្រើនកន្លែង ។

លោកបន្តថា  ថ្នាក់ដឹកនាំខេត្តកែប  បានកំណត់ចក្ខុវស័យរួចហើយថា  ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះខេត្តកែប ក៏កំពុងរៀបចំឆ្នេរថ្មីៗ ដើម្បីបំរើដល់ការកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

មានគ្រឿងសមុទ្រឆ្ងាញ់ជាងគេ

ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំងអស់ ខេត្តកែបជាខេត្តដែលមានគ្រឿងសមុទ្រឆ្ងាញ់ជាងគេទាំងអស់ ដោយអ្នកជំនាញបានពន្យល់ថា ដោយសារខេត្តនេះមានលក្ខណៈអំណោលផលពីធនធានធម្មជាតិ ព្រោះទឹកសមុទ្រខេត្តនេះមានសារ៉ាយសមុទ្រច្រើន និងមានជីវៈចម្រុះសម្បូរបែប។

លោកសោម ពិសិដ្ឋបានឲ្យដឹងផងដែរថា ដើម្បីសម្រេចចក្ខុវិស័យនេះ  រដ្ឋបាលខេត្តបាន រៀបចំហេដ្ឋារចនាសម្ពន្ធ  ដូចជាពង្រីកប្រព័ន្ធផ្លូវគមនាគមន៍ អោយបានធំទូលា​យ  រៀបចំអោយមានចំណតរថយន្តត្រឹមត្រូវ  រក្សាសុវត្ថិភាព  សណ្តប់ធ្នាប់សាធារណៈ បានយ៉ាងល្អ  មានប្រព័ន្ធភ្លើងអគ្គីសនី២៤/២៤ម៉ោង  ជាពិសេសមានប្រព័ន្ធទឹកស្អាតដែ​លកំពុងប្រើប្រាស់ទូទាំងខេត្ត។

ខេត្តកោះកុង

ធ្លាប់ជាខេត្តដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ តែគេនឹកឃើញបទចំរៀង​របស់លោកស៊ីន ស៊ីសាមុត “បុប្ឆាកោះកុង”បានធ្វើឲ្យខេត្តនេះនៅតែដក់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ហេដ្ឋារចនាសម្ព័ន្ឋ

ប៉ុន្តែជាមួយនឹងការដាក់ចេញគោលនយោបាយត្រឹមត្រូវ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុងមានការអភិវឌ្ឍយ៉ាងលឿនស្លេវ ដោយបច្ចុប្បន្នខេត្តនេះមានព្រលាន​យន្តហោះអន្តរជាតិថ្មីមួយ ដែលនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះក្រុមហ៊ុនBangkok Airwayបាននិងកំពុងសហការជាមួយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប ដើម្បីរៀបចំព្រលានយន្តហោះថ្មីមួយទៀត នៅតំបន់កោះប៉ោ ដែល​មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងយោធពលខេមរភូមិន្ទ។

លើសនេះនេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជម្រុញការពង្រីផ្លូវជាតិលេខ៤៨ ជាពីរគន្លងសំរាប់រថយន្តទៅមកផងដែរ ជាពិសេសការតភ្ចាប់ជាប្រវត្តិសាស្រ្តនូវភូមិភាគពាយ័ព្យ មកកាន់តំបន់នារតី តាមរយៈការស្ថាបនាផ្លូវជាតិលេខ១០ ដោយចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកមួយចំនួននៃខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដែលផ្លូវនេះនឹងពង្រីកការដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជា ទៅកាន់ក្រៅប្រទេស តាមរយៈកំពង់ផែទឹកជ្រៅនៅតំបន់សារាសាគរ ក្នុងខេត្តកោះកុងផងដែរ។

នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីពេលថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដើម្បីពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ។

គោលបំណងនៃបេសកម្មចុះ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន ទី១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group ទី២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់ ទី៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៍មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង៤-បញ្ហាផ្សេងៗ។

អាកាសយានដ្ឋានះអន្តរជាតិ ដែលអាចទទួលការចុះចតនេះ នឹងពង្រីកមុខមាត់និងលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង និងសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរថែមទៀត ដែល​តាមផែនការព្រលានយន្តហោះនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនអាកាសចរណ៍នានាហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ខាងមុខនេះ។

គំរោងអភិវឌ្ឍន៍តារាសាគរ

ទោះជារងទណ័្ឌកម្មពីសហរដ្ឋអាមេរិក ក៏គម្រោងតារាសាគរក្នុងខេត្តកោះកុង មិនបង្អង់ល្បឿននៃផែនការអភិវឌ្ឍន៍របស់ខ្លួននោះទេ។

គំរោងដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ជាង៤០,០០០ហិកតានេះកំពុងបំពេញតម្លៃឲ្យខេត្តនេះយ៉ាងធំសម្បើម ដែកគម្រោងនេះ​មានផែនការអភិវឌ្ឋន៍តំបន់កម្សាន្ដ និងលំហែរបែបធម្មជាតិកម្រិតខ្ពស់ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោន(Dara Sakor Stardream Lake Tourism Town)របស់ក្រុមហ៊ុនUnion City Development Group បានចាប់ផ្ដើមប្រកាសបើកដំណើរការ ព្រមទាំងជំរុញការអភិវឌ្ឍ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក សុខុម បានមានប្រសាសន៍ថា គម្រោងនឹងនេះមានលក្ខខណៈពិសេស និងអំណោយផលសម្រាប់ទូរគមនាគមន៍ ពោលគឺ អាចធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញ ដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅ ខេត្តព្រះសីហនុត្រឹមតែ២ម៉ោង នៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច។

លោកបន្ថែមថា “នៅពេលខាងមុខនេះ ភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរ និងតាមការចុះចតយានដ្ឋានតារាសាគរ ដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ”។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានស្នើសុំដល់ក្រុមហ៊ុន Union City Development Groupឲ្យក្រុមហ៊ុនបណ្តុះបណ្តាលជនជាតិខ្មែរឲ្យបានច្រើនក៏ដូជាបង្កើនសកម្មភាពពង្រីករមណីយដ្ឋាន ឲ្យកាន់តែច្រើនថែមទៀតដើម្បីបំម្រើវិស័យទេចរណ៍។

តំបន់ទេសចរណ៍ដ៏អាថ៌កំបាំង

ជាមួយនឹងអំណោយផលនៃផែនការអភិវឌ្ឍន៍ពីរដ្ឋាភិបាល វិស័យឯកជន ខេត្តកោះកុងមានធនធានធម្មជាតិដ៏អាថ៌កំបាំង និងមានសក្តានុពលដ៏ធំសម្បើមផ្នែកអេកូទេសចរណ៍ ដោយមានកោះ ទឹកជ្រៅ ព្រៃភ្នំ ដងព្រែក ដៃសមុទ្រត្រពាំងរូងដ៏ស្រស់ស្អាត ខេត្តនេះក៏មិនទាន់ទាក់ទាញការវិនិយោគលើធនធានធម្មជាតិ និងប្រើប្រាស់ធនធានធម្មជាតិឲ្យអស់សក្តានុពលនៅឡើយទេ។

អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកស្រីភូថង មិថុនាធ្លាប់បានមាន​ប្រ​សាសន៍ថា ខេត្តកោះកុង ជាខេត្តមួយមានសក្តាពនុពលធម្មជាតិ ដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ និងឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគួអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តកោះកុង ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិដែលបាននឹងកំពុងសាងសង់ ហើយនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនាពេលឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារតែមានទំនាក់ទំនងល្អ ជាមួយប្រទេសចិននោះកាលពីឆ្នាំ២០១៩កន្លងមក នេះខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរវាងមន្ទី ទេចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌ និងទេចរណ៍ខេត្តជីលីន នៅក្នុងទឹកដីខេត្តកោះកុង។

លោកស្រីអភិបាលខេត្តក៏បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុង បានកំពុងទាក់ទងនិងបានរៀបចំឯកសារស្តីពី អនុស្សរណៈនៃយោគយល់គ្នារវាងខេត្តកោះកុងជាមួយ នឹងខេត្តយូណាន និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តកោះកុង និងក្រុងវៃណាន ខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីជំរុញនិងលើកស្ទួយឲ្យមានការរីកចម្រើនច្រើនផងដែរ។

ឧស្សាហកម្មល្បែង

ដោយសារមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ខេត្តកោះកុងមានអំណោយផលមួយទៀតលើការធ្វើពាណិជ្ជកម្ម ទេសចរណ៍និងល្បែងកំសាន្ត ដូចជាកាស៊ីណូជាដើម។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិនិយោគកាស៊ីណូរបស់ហុងកុង Century Entertainment International Holdings បានបង្ហាញព័ត៌មានច្បាស់ការណ៍ថា ក្រុមហ៊ុនសម្រេចចិត្តប្តូរទិសដៅវិនិយោគរបស់ខ្លួនពីក្រុងព្រះសីហនុ សម្តៅទៅខេត្តកោះកុងជំនួសវិញ។

ក្រុមហ៊ុន Century Entertainment នឹងផ្លាស់ប្ដូរតំបន់ប្រតិបត្តិការតុល្បែងពីទីតាំងកំណើតរបស់ខ្លួនស្ថិតនៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់សណ្ឋាគារមួយនៅក្នុងស្រុកតារាសាគរ ខេត្តកោះកុងវិញ។

ជាមួយនឹងគោលបំណងនៃការផ្លាស់ប្តូរនេះ ប្រធានក្រុមហ៊ុន និងជាស្ថាបនិកក្រុមហ៊ុន Century Entertainment លោក Ng Man Sun ធ្លាប់បានបង្ហាញពីផែនការផ្លាស់ប្តូរទីតាំងពីសណ្ឋាគារ Sunshine Bay Hotel នៅក្នុងខេត្តព្រះសីហនុ ទៅកាន់សណ្ឋាគារ Ming Guan ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដូចគ្នា។

ម្ចាស់កាស៊ីណូរូបនេះ ទទួលបានការផ្តល់ជូនដ៏ពិសេស ពីអចលនទ្រព្យនៅស្រុកតារាសាគរ ខេត្តកោះកុងជំនួសវិញ។ ទីតាំងថ្មីនេះមានផ្ទៃក្រឡាសរុប ១០,៥០០ ម៉ែត្រការ៉េ ដែលអាចតម្លើងតុល្បែងចំនួន ៤០ តុ លំដាប់វីអាយភីចំនួន ៥៥ និងស្លុតម៉ាស៊ីន ៨០ ដោយក្នុងនោះក៏មានការបង្កើតភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រី។ កាស៊ីណូនេះគ្រោងនឹងបើកដំណើរការនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ខាងមុខនេះ។

តំបន់ឆ្នេរកម្ពុជា ឬតំបន់K4 ដែលអ្នកជំនាញក្នុងវិស័យទេសចរណ៍និយមហៅ បាននិងកំពុងរះយ៉ាងត្រចះត្រចង់ ក្រោមដំបូលនៃគោលនយោបាយដ៏ត្រឹមត្រុវ ចក្ខុវិស័យច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា ពិសេសតំបន់ “តារារះនាទិសនារតីនេះ”បាននិង កំពុងចូលរួមលើកកំពស់កិត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងកំពុងក្លាយជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here