កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ​សរុប​ជិត ៧,៣លាន​ហិកតា និង​ទាញចំណូល​រាប់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់​ជា​ប្រទេស ដែល​សម្បូរ​ទៅដល់​ធនធានធម្មជាតិ​ចម្រុះ​យ៉ាង​សម្បូរបែប ជាក់ស្ដែង​គិត​ត្រឹម​ដើមឆ្នាំ២០២១នេះ តំបន់​ការពារ​ធនធានធម្មជាតិ នៅ​ទូទាំងប្រទេស​មាន​ចំនួន៧៣ទីតាំង ស្មើនឹង​ជិត ៧,៣លាន​ហិកតា។

ធនធានធម្មជាតិ​ទាំងនេះ កំពុង​បម្រើ​ផលប្រយោជន៍ ដល់​វិស័យ​ទេសចរណ៍​សង្គមជាតិ មនុស្សជាតិ និង​ជីវៈចម្រុះ ពិសេស​បាន​ទាញ​ចំណូល​រាប់លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ក្នុង​ការជួយ​បង្កើត​សេដ្ឋកិច្ច​គ្រួសារ​ប្រជាជន ដែល​អាស្រ័យ​ផល​ក៏ដូចជា​រដ្ឋាភិបាល​ផងដែរ។

លោក​នេត្រ ភក្ត្រា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹង​នៅក្នុង​សប្ដាហ៍​នេះ​ថា ពាក់ព័ន្ធ​នឹង​ចំនួន​តំបន់​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា រហូតមកដល់​ឆ្នាំ២០២១នេះ កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ​ចំនួន ៧៣ ដែលមាន​ផ្ទៃដី​សរុប ៧ ២៩៧ ៣១៤ ហិកតា ស្មើនឹង៤១ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល។

តំបន់​ការពារ​ធនធានធម្មជាតិ ដែលជា​ដែនដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ រួមមាន​ដែនដី​គោក ឬ​ដែនទឹក ឆ្នេរសមុទ្រ និង​សមុទ្រ ស្ថិតនៅក្នុង​តំបន់​ដែល​ទទួលស្គាល់ ដោយ​បញ្ញត្តិ​នៃ​ច្បាប់ ឬ​តំបន់​ដែល​បង្កើត​ថ្មី ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន ធានាបាន​នូវ​ការការពារ​ប្រភេទ​សត្វព្រៃ រុក្ខជាតិសំខាន់ៗ និង​សហគមន៍​ធម្មជាតិ។

លោក​នេត្រ ភក្ត្រា​បាន​បន្តថា តំបន់​ការពារ​ធនធានធម្មជាតិ​ចំនួន ៧៣ ទីតាំង​ស្ថិតនៅក្នុង​ប្រភេទ​តំបន់​ការពារធំៗចំនួន ៨ រួមមាន៖

ទី១-តំបន់​ឧទ្យាន​ជាតិ

តំបន់​ឧទ្យាន​ជាតិ​នេះ​មាន​ចំនួន១១តំបន់ផ្សេងៗគ្នា និង​មាន​ផ្ទៃដី​សរុប១,៧១៧ ,៦១៤ហិកតា​រួមមាន​ឧទ្យាន​ជាតិ​កែប ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត-កុស​មៈ «គិរី​រម្យ» ឧទ្យាន​ជាតិ​សីហនុ​រាម ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម «ភ្នំ​គូលែន» ឧទ្យាន​ជាតិ​វីរ​ជ័យ ឧទ្យាន​ជាតិ​វើ​ន​សៃ-សៀម​ប៉ាង ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង។ តំបន់​ឧទ្យាន​ជាតិ​ទាំងនេះ សម្បូរ​ទៅដោយ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ និង​សម្បត្តិ​ទៅដោយ​ព្រៃស្រោង ព្រៃរបោះ និង​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​ទស្សនា​បាន​យ៉ាងច្រើន​ផងដែរ។

ទី២-តំបន់​ដែនជម្រកសត្វព្រៃ

តំបន់​ដែនជម្រកសត្វព្រៃ​នេះ ត្រូវ​បែង​ចែកជា១៩តំបន់ផ្សេងៗគ្នា មាន​ផ្ទៃដី​សរុប ៣,៤៣៣,៣៣៦ហិកតា រួមមាន ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែនជម្រកសត្វព្រៃ​គូលែន-ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​បឹង​ពែរ ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែនជម្រកសត្វព្រៃ​ព្រះ​រកា ដែនជម្រកសត្វព្រៃ​ឆែប ដែនជម្រកសត្វព្រៃ​តា​តៃ ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត-ភ្នំ​ពក។

ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ ដែនជម្រកសត្វព្រៃ​សំបូរ និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង។ តំបន់​ដែនជម្រកសត្វព្រៃ​ទាំងនេះ​សម្បូរ​ទៅដោយ​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ សត្វព្រៃ​កម្រ សត្វព្រៃ​រង​ការគំរាមកំហែង ពពួក​មច្ឆា​ជាតិ​ជិត​ផុត​ពូជ និង​កម្រ ព្រមទាំង​ជា​ជម្រក​សត្វព្រៃ និង​ជីវចម្រុះ​ជាច្រើន​ប្រភេទ ពិសេស​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ព្រៃស្រោង និង​ព្រៃរបោះ​ជាដើម។

ទី៣-តំបន់​ទេសភាព

តំបន់​ទេសភាព​នេះ ត្រូវ​បែង​ចែកជា១៣តំបន់ផ្សេងៗគ្នា មាន​ផ្ទៃដី​សរុប១៥៣ ,៦០៤ ហិកតា រួមមាន​តំបន់​រមណីយដ្ឋាន​អង្គរ តំបន់​បន្ទាយឆ្មារ តំបន់​ព្រះវិហារ តំបន់​អ​ង្ល​ង់​ព្រីង តំបន់​ទំនាប​ខាងជើង​ទន្លេសាប តំបន់​បឹង​ព្រែក​ល្ពៅ តំបន់​អាង​ត្រពាំងថ្ម តំបន់​ប្រាសាទ​បាកាន «ព្រះខ័ន​កំពង់ស្វាយ» តំបន់​រនាមដូនសំ តំបន់​សំបូរ​ព្រៃ​គុក តំបន់​បឹង​លំ​កុ​ដ តំបន់ភ្នំ​ក្រាំង​ដី​មាស និង​តំបន់​បឹង​យ៉ាក​អោម-យ៉ាក​កា​រ៉ា។ សម្រាប់​តំបន់​ទេសភាព​នេះ គឺ​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ព្រៃឈើ និង​ធនធានធម្មជាតិ​ជាច្រើន​ទៀត។

ទី៤-តំបន់​ប្រើប្រាស់​ច្រើនយ៉ាង

តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ត្រូវ​បែង​ចែកជា៨តំបន់ផ្សេងៗគ្នា មាន​ផ្ទៃដី​សរុប៤១៥, ៧៩៦ ហិកតា រួមមាន​តំបន់​ដងព្រែក តំបន់​សំឡូត តំបន់​ទន្លេសាប តំបន់​ពញាក្រែក តំបន់​ព្រែក​ទឹកសាប​ក្បាលឆាយ តំបន់ភ្នំ​នា​ងក​ង្រី-ភ្នំ​ទូក​មាស តំបន់​សសរស្តម្ភ​សត្វ​តោ និង​តំបន់​បឹង​យក្ខ​ឡោម។

ទី៥-តំបន់​រ៉ា​ម​សារ

តំបន់​រ៉ា​ម​សារ​ត្រូវ​បែង​ចែកជា៥តំបន់ មាន​ផ្ទៃ​សរុប៦០,៩៩៥ ហិកតា រួមមាន​តំបន់​ស្ទឹងត្រែង តំបន់​កោះ​កាពិ បឹង​ទន្លេ​ឆ្មារ តំបន់​ព្រែក​ទាល់ និង​តំបន់​ស្ទឹងសែន។

ទី៦-តំបន់​ស្នូល​នៃ​ប​ឋ​នី​យ​ជីវ​មណ្ឌល

តំបន់​ស្នូល​នៃ​ប​ឋ​នី​យ​ជីវ​មណ្ឌល​នេះ ត្រូវ​បែង​ចែកជា៣តំបន់ផ្សេងៗគ្នា មាន​ផ្ទៃ​សរុប៤២,២៥៧ ហិកតា រួមមាន តំបន់​ព្រែក​ទាល់ តំបន់​ស្ទឹងសែន និង​តំបន់​បឹង​ទន្លេ​ឆ្មារ។

ទី៧-តំបន់​បេតិកភណ្ឌ​ធម្មជាតិ

តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នេះ ត្រូវ​បែង​ចែកជា១១តំបន់ផ្សេងៗគ្នា មាន​ផ្ទៃដី​សរុប ៣៣,៩៥១ ហិកតា រួមមាន​តំបន់ភ្នំ​ត្បែង តំបន់ភ្នំ​យ៉ា​ត តំបន់ភ្នំ​ប្រាំពីរ តំបន់​ជញ្ជាំង តំបន់​គិរី​យង់ តំបន់ភ្នំ​ទាក់​ទ្រាំង តំបន់ភ្នំ​ព្រះនេត្រព្រះ តំបន់ភ្នំ​ព្រះ-ភ្នំ​វែង តំបន់ភ្នំ​យាយ​សំ តំបន់ភ្នំ​បាក់ និង​តំបន់ភ្នំ​ស្វាយ។

ទី៨-តំបន់​ឧទ្យាន​សមុទ្រ

តំបន់​ឧទ្យាន​សមុទ្រ​នេះ​មាន​ផ្ទៃដី​សរុប ៥២,៤៤៨ហិកតា គឺ​តំបន់​សមុទ្រ​កោះរ៉ុង។ ក្រៅពីនេះ នៅមាន​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ ដែលមាន​ផ្ទៃដី​សរុប ១ ៦៣០ ហិកតា និង​របៀង​អភិរក្ស​ជីវចម្រុះ ដែលមាន​ផ្ទៃដី​សរុប ១៤២,៧៩៤០ហិកតា។

ការបង្កើតឱ្យមាន​តំបន់​ការពារ​ទាំងអស់ របស់​រាជរដ្ឋាភិបាល​នេះ គឺ​ក្នុង​គោល​បំ​ណ ង​កែប្រែ​តំបន់​នានា ឱ្យក្លាយ​ទៅជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ លើកស្ទួយ​តម្លៃ​ទៅលើ​ប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវចម្រុះ លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​វិស័យ​ទេសចរណ៍​នៅ​តំបន់​ទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here