ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អ្នកជំនាញក៏ដូចជាវិនិយោគិន នៃវិស័យអចលនទ្រព្យរំពឹងថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈឆ្នាំនេះ នឹងត្រូវបញ្ចប់នៅពេលឆាប់ៗ ឬអាចយ៉ាងយូរត្រឹមពាក់កណ្ដាលឆ្នាំ ២០២១នេះ ហើយនឹងអាចឱ្យវិនិយោគិន ចាប់ផ្ដើមគម្រោងវិនិយោគរបស់ខ្លួនឡើងវិញ។
លោកប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១២ មិនានេះថា កាលពីឆ្នាំ២០២០ កម្ពុជាក៏ជួបប្រទះនឹងជំងឺកូវីដ១៩នេះដែរ តែកាលនោះ រដ្ឋាភិបាលទប់ស្កាត់ការចម្លង និងរក្សាបរិមាណមួយដែលអាចគ្រប់គ្រងបាន តែចូលដល់ឆ្នាំ២០២១ អំឡុងខែកុម្ភៈ២០២១ នេះ ក៏ស្រាប់តែកម្ពុជាជួបនឹងបញ្ហាឆ្លងសហគមន៍ និងមានទ្រង់ទ្រាយកាន់តែធំ ដែលអាចធ្វើតំបន់ជាច្រើនបានឆ្លងនឹងជំងឺកូវីដក្នុងសហគមន៍ ។
លោកបន្តថា “ព្រឹត្តិការណ៍នេះ លោកជឿថាវានឹងបញ្ចប់ នៅត្រឹមខែដំណាច់ខែនេះឬដើមខែក្រោយ ដូច្នេះយ៉ាងយូរពាក់កណ្ដាលឆ្នាំ២០២១ អាជីវកម្មនានានឹងចាប់ផ្ដើមកម្រើកឡើងវិញ” ។ លោកបន្តថា “បន្ទាប់ពីវិបត្តិនេះ វិនិយោគិននានានឹងចាប់ផ្ដើមដាក់ទុនឡើងវិញ ពីព្រោះថាវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ក៏បានចាក់ជូនពលរដ្ឋបន្តបន្ទាប់ ហើយវានឹងបញ្ចប់ការវ៉ាក់សាំងនៅពេលខាងមុខដែរ ដែលអាចកាត់បន្ថយការចម្លងបានផងដែរ” ។
ជាមួយគ្នានេះ កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍នេះ វានឹងលឿនពេក ដូច្នេះទើបបណ្ដាលឱ្យមានឆ្លងរាលដាលក្នុងសហគមន៍ តែយ៉ាងណាកញ្ញារំពឹងថា រដ្ឋាភិបាលនឹងអាចបញ្ចប់ការឆ្លងនេះបានឆាប់ ដែលនឹងជំរុញឱ្យមានសកម្មភាពវិនិយោគឡើងវិញទាំងក្នុងនិងក្រៅស្រុក។
កញ្ញាបន្តថា“ក្នុងឆ្នាំ២០២១នេះការវិនិយោគពីក្រៅស្រុក អាចនឹងបន្តធា្លក់ចុះទៀត តែការវិនិយោគពីខាងក្នុងស្រុក នឹងចាប់ផ្ដើមបន្តបន្ទាប់ឡើងវិញ នៅពេលចប់ព្រឹត្តិការណ៍សហមន៍២០កុម្ភៈនេះ ជាមួយនឹងគម្រោងតូច” ។
គិតមកដល់ថ្ងៃទី១២ខែមីនា ២០២១នេះ អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍មានចំនួនជាង៧០០នាក់ ធ្វើឱ្យអ្នកឆ្លងកូវីដ១៩នៅកម្ពុជាសរុបហក់ឡើង ដល់ជាង១២០០នាក់ ។ ដោយឡែកគិតត្រឹមព្រឹកថ្ងៃទី១២ មីនា ២០២១ កម្ពុជាប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២នាក់ ក្នុងនោះដែរ៦០នាក់ជាអ្នកពាក់ព័ន្ធ នឹងសហគមន៍២០កុម្ភៈ២០២១ ហើយក៏មានអ្នកស្លាប់១នាក់ផងដែរ កាលពីថ្ងៃទី១១មីនា ២០២១ ។
ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា ការរីករាលដាលជំងឺនេះចូលសហគមន៍ នៅពេលយើងចាប់ផ្តើមចាក់វ៉ាក់សាំង ដែលយើងមិនអាចទាយទុកមុនបាន។លោកបន្តថា ការរីករាលដាលជំងឺនេះបានធ្វើឲ្យអ្នកវិនិយោគមួយចំនួននៅរង់ចាំមើល ស្ថានភាពជាក់ស្តែង ប៉ុន្តែសកម្មភាពសាងសង់គំរោងចាស់ៗមិនបានផ្អាកសកម្មភាពនោះឡើយ៕