ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ទោះបីជាមានវិបត្តិកូវិដ១៩ បាននិងកំពុងរីរាលដាលខ្លាំងនៅកម្ពុជា សកម្មភាពអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅតំបន់ជាយក្រុងរាជធានីភ្នំពេញ ពិសេសតំបន់ប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញ មានសកម្មភាពយ៉ាងមមាញឹកនៅដើមឆ្នាំនេះ។
លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate Company បានប្រាប់ក្នុងសប្តាហ៍នេះថា វិស័យអចលនទ្រព្យ ត្រូវបានមើលឃើញថា ការអភិវឌ្ឍគម្រោងអចលនទ្រព្យ តម្រូវការលំនៅដ្ឋាន និងការវិនិយោគ នៅតែមានសកម្មភាពនៅតំបន់ជាយក្រុងភ្នំពេញ ព្រោះការវិនិយោគលំនៅដ្ឋាន និងធ្លីគឺការវិនិយោគរយៈពេលវែង។
លោកបានថ្លែងបន្តថា តំបន់ប៉ែកខាងត្បូង និងខាងលិច មានខាងទំនប់កប់ស្រួវ ផ្លូវជាតិលេខ៤ លេខ៣ លេខ២សព្វថ្ងៃនេះ វាមានសន្ទុះជាងតំបន់ជាយក្រុងផ្សេងៗ ដូចជា ប៉ែកខាងកើត និងខាងជើង ដោយសារប៉ែកខាងកើត និងខាងជើងមានភាពល្អប្រសើរស្រាប់ហើយ។ ក៏មានអ្នកអភិវឌ្ឍន៍មួយចំនួន បានចុះទៅមើលទីតាំង ដើម្បីអភិវឌ្ឍន៍ជាបុរីតម្លៃជាមធ្យម ឬឃ្លាំងជាដើម នៅតាមផ្លូវក្រវ៉ាត់ក្រុង។
លោកបានបន្តទៀតថា នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣មានសន្ទុះ ដោយសារតែមានតម្រូវការច្រើននៅតំបន់បន់នោះ ដូចជាលំនៅដ្ខាន ការសាងសង់ឃ្លាំងសម្រាប់ផ្ទុកទំនិញ និងទីតាំងរោងចក្រជាដើម។ ចំពោះតម្លៃដីនៅតំបន់ដូចជាខាងកប់ស្រូវ និយាយជារួមសម្រាប់ដីអភិវឌ្ឍធំៗ កន្លែងខ្លះមានតម្លៃចន្លោះពី៣០០ ទៅ៥០០ដុល្លា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមធ្លាប់ថ្លែងប្រាប់ថា ការរីកសាយនៃការអភិវឌ្ឍន៍លំនៅឋានតម្លៃថ្លៃ ទៅកាន់ជាយរាជធានី ដោយសារតែតម្លៃដីនៅក្បែរៗ ឬកណ្ដាលរាជធានីមានការឡើងថ្លៃខ្ពស់ ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។
លោកបានថ្លែងថា “ដូច្នេះពួកគេត្រូវការតម្លៃដីទាប ល្មមដែលអាចឱ្យពួកគេចំនេញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានីក៏មិនមានដីទូលាយសម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ” ។ លោកបន្តថា “នៅតំបន់ជាយរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុង សម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន” ។
លោកច្រឹក សុខនីមបានថ្លែងថា តាមផែនការមេរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់៕