ដោយៈ ប៊ី
ភ្នំពេញៈ ឆ្នាំ២០២១ ត្រូវបានមើលឃើញថា ទីផ្សារអចលនទ្រព្យនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការផ្គត់ផ្គង់ក្នុងអំឡុងពេល១២ខែ ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងចំនួន២៧៩ កំពុងដំណើរការសាងសង់នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី១៦ ខែមីនា ២០២១។
ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២១ មិនមែនគ្រាន់តែជាឆ្នាំថ្មីទេ ប៉ុន្តែហាក់ដូចជាឆ្នាំដ៏សំខាន់មួយ ដែលមានសញ្ញាវិជ្ជមានជាច្រើន ជាពិសេសវ៉ាក់សាំងកូវីដ១៩ ត្រូវបានចែកចាយជាបណ្តើរៗនៅទូទាំងពិភពលោក និងចាប់ផ្តើមមានការផ្លាស់ប្តូរលើសេដ្ឋកិច្ច និងស្ថាប័ននានា។
នៅប្រទេសកម្ពុជា ការចែកចាយវ៉ាក់សាំងបង្ហាញពីការបញ្ចប់នៃជំងឺរាតត្បាត ដែលកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ២០២០ ហើយជាមួយនេះយើងរំពឹងថានឹងមានការកើនឡើងជារួមនៅក្នុងទីផ្សារអចលនទ្រព្យ។
ជាមួយគ្នានេះដែរវិបត្តិកូវីដ១៩ បានដាក់សម្ពាធកាន់តែខ្លាំងឡើង សម្រាប់ប្រតិបត្តិការសាងសង់។ វិបត្តិនេះមានន័យថា មានតម្រូវការលើការសំអាតកាន់តែច្រើន សន្តិសុខតឹងរឹង ការធ្វើអនាម័យជាប្រចាំនៃគម្រោងអចលនទ្រព្យ និងបង្កើនការគ្រប់គ្រងភ្ញៀវ និងនីតិវិធីរដ្ឋបាលជាដើម។
ការកើនឡើងនូវតម្រូវការទាំងនេះ បង្កើតបានជាបញ្ហាប្រឈម សម្រាប់វិស័យនេះ ជាពិសេសការផ្គត់ផ្គង់កម្លាំងពលកម្ម និងធនធានដើម្បីគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយវិជ្ជាជីវៈ និងថ្លៃដើមសមរម្យ។
លោក Shivali Chaman ប្រធានផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា“ យើងពិតជាមើលឃើញថា មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវតម្រូវការ នៃការគ្រប់គ្រងអចលនទ្រព្យ”។ លោកបន្តថា “អ្នកអភិវឌ្ឍន៍ និងវិនិយោគិនដឹងកាន់តែច្បាស់ពីផលប៉ះពាល់ ដែលសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលមានគុណភាព អាចមានលើការរក្សាទុកកិច្ចសន្យាជួល និងក្នុងការថែរក្សាគម្រោងរបស់ពួកគេ”៕