អ្នកជំនាញប្រាប់ពីតំបន់អាទិភាពដែលគួរវិនិយោគអាចទទួលបានផលចំណេញ

0

ដោយៈ រ៉ាណេត
ភ្នំពេញៈ គ្រប់ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យទាំងអស់ សុទ្ធតែអាចមានឱកាសទទួលបានចំណេញ ប្រសិនបើការសម្រេចចិត្ត ស្ថិតនៅក្នុងកាលទេសៈត្រឹមត្រូវ និងចេះជ្រើសរើសប្រភេទអចលនទ្រព្យ រួមជាមួយនឹងទីតាំងដែលមានសក្ដានុពលល្អ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារចលនវត្ថុកម្ពុជាបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា ជាទូទៅការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងគ្នា និងមានទិសដៅខុសពីគ្នា ដោយអ្នកខ្លះចូលចិត្តវិនិយោគ ហើយអាចទទួលបានចំណេញត្រឡប់មកវិញ ក្នុងរយៈពេលដខ្លីនបើទោះជាមានចំនួនតិចក៏ព្រមទទួលយក ប៉ុន្តែអ្នកវិនិយោគមួយប្រភេទទៀត គឺប្រាថ្នាផលចំណេញក្នុងទ្រង់ទ្រាយច្រើន ដែលតម្រូវឱ្យមានការប្រើពេលវេលាយូរ។

លោកបានបន្តថា “យើងអាចនិយាយបានថាការវិនិយោគ មាន២ប្រភេទសំខាន់ៗ គឺទី១ ការវិនិយោគក្នុងរយៈពេលយូរ និងទី២ វិនិយោគនៅក្នុងរយៈពេលខ្លី ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលត្រូវសិក្សាមុនពេលសម្រេចចិត្ត បណ្តាក់ទុនវិនិយោគ គឺត្រូវកត្តាភូមិសា ស្ត្រ ឬអាចនិយាយបានតំបន់ដែលគួរវិនិយោគ”។ លោកបញ្ជាក់ថា “អ្នកខ្លះនិយាយថា ចង់ទិញដីទុកវិនិយោគត្រូវទិញនៅជាយក្រុង យើងអាចសួរថាតើជាយក្រុងនៅប៉ែកខាងណាឱ្យប្រាកដ? សម្រាប់ទស្សនៈរបស់ខ្ញុំ គឺស្ថិតនៅតំបន់ភាគខាងលិចឈៀងខាងជើង និងតំបន់ភាគខាងត្បូងក្រុង ព្រោះតំបន់ទាំង២នេះកំពុងមានសក្តានុពលខ្ពស់ ហើយនឹងបន្តទៅថ្ងៃខាងមុខទៀត”។

លោកសុខនីមបានពន្យល់ថា នៅតំបន់ទាំងនេះ នឹងមានការអភិវឌ្ឍន៍លឿន ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានកសាងឡើងស្រាប់ ពីសំណាក់រាជរដ្ឋាភិបាលហើយនៅមានដីទំហំធំៗ ដែលអាចអនុញ្ញាតឱ្យវិនិយោគិន ឬអ្នកអភិវឌ្ឍន៍ប្រភេទបណ្តុំលំនៅដ្ឋាន និងបុរីបានយ៉ាងគ្រប់គ្រាន់។

បន្ថែមពីនេះ នៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ក៏មានការអភិវឌ្ឍន៍ និងរីកចម្រើនលឿន ដោយសារមានគម្រោងធំបានទៅកាន់តំបន់នេះ ដូចមានគម្រោងជាច្រើនបាននឹងកំពុងមានវត្តមាននៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រ និងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។ ដូច្នេះ នៅពេលខាងមុខដ៏ខ្លី តំបន់ទាំង២នេះនឹងក្លាយទៅជាបណ្តុំទីប្រជុំជន ដែលវាមិនខុសគ្នាពីតំបន់ខណ្ឌសែនសុខ កាលពីប៉ុន្មានឆ្នាំមុននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here