ដោយៈ រ៉ាណេត
ភ្នំពេញៈ ទោះជាស្ថិតនៅក្នុងបរិបទ នៃការគំរាមកំហែងពីវិបត្តិនៃជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់វិស័យនានាជាច្រើននោះ នៅត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានដល់អតិថិជនប្រមាណ២២៧លានដុល្លារ ខណៈដែលការដាក់ប្រាក់បញ្ញើ ក្នុងរយៈពេលដូចគ្នានេះមានទំហំជិត៤០០លានដុល្លារ។
ប្រធានសមាគមធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងមកថា វិបត្តិកូវីដបានជះឥទ្ធិពលអាក្រក់ដល់វិស័យជាច្រើន និងធ្វើឱ្យសេដ្ឋកិច្ចសាកលមានការធ្លាក់ចុះ ហើយក្នុងនោះកម្ពុជាក៏មានចំណែកផងដែរ។
លោកបានបន្ត “ឥណទានរបស់គ្រឹះស្ថានធនាគារ ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ យើងសង្កេតឃើញថា ចាប់តាំងពីដើមឆ្នាំ២០២១រហូតមកដល់ពេលនេះ គ្រឹះស្ថានធនាគារបានបញ្ចេញឥណទានថ្មី ជូនអតិថិជនប្រមាណ២២៧លានដុល្លារ”។
លោកបណ្ឌិតបានបន្តឲ្យដឹងទៀតថា ស្របពេលការផ្តល់ឥណទានដល់អតិថិជននូវចំនួនដូចបានបង្ហាញខាងលនេះ ប្រាក់បញ្ញើ ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ ក្នុងរយៈពេលដូចគ្នានេះ បានហក់ឡើងក្នុងរង្វង់៣៧៧លានដុល្លារអាមេរិក ក្នុងនោះបើគិតក្នុងរយៈពេលមួយខែៗ មានអតិថិជនមកដាក់ប្រាក់បញ្ញើ មានទំហំប្រមាណ១២៥លានដុល្លារអាមេរិក។
លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រាសន៍បញ្ជាក់ថា ពីមុនម្ចាស់សហគ្រាសភាគច្រើនតែងទុកថវិកាដើម្បីវិនិយោគ ឬទុកជាប់ខ្លួនជាដើម ប៉ុន្តែស្របពេលដែលប្រព័ន្ធប ច្ចេកវិទ្យាឌីជីថលមានការរីកច្រើន បានជំរុញនិងការកាត់បន្ថយពេលវេលា និងសុវត្ថិភាពពួកគាត់នោះ បច្ចុប្បន្នអ្នកកំពុងប្រតិបត្តិក្នុងអាជីវកម្ម ភាគច្រើនគឺទូទាត់ចូលគណនីធនាគាររបស់ខ្លួន។
លោកបន្តថា មូលហេតុមួយទៀត វិនិយោគិនខ្លះ ដែលធ្វើអាជីវកម្មមិនដំណើរល្អ ឬលក់មិនសូវដាច់ ពួកគាត់ច្រើនទូទាត់ចូលគណនីសន្សំ ដើម្បីរក្សាប្រាក់ទុកជាបណ្តោះអាសន្នជាដើម។ ជាងនេះទៅទៀតអតិថិជនដែលកក់ ឬទិញផលិតផលពីរោងចក្រ សហគ្រាស ពួកគេច្រើនទូទាត់តាមកុងធនាគារ ដែលបញ្ហាទាំងនេះ ធ្វើឱ្យប្រាក់បញ្ញើបានហក់ឡើង៕