រដ្ឋបាលខេត្តកែប កំពុងពន្លឿនសកម្មភាពសាងសង់តំបន់កម្សាន្ត និងរូបសំណាក មច្ឆានុព្វនៅឆ្នេរអង្កោល

0

ដោយៈ រ៉ាណេត

កែបៈ រដ្ឋបាលខេត្តកែបបាន និងកំពុងពន្លឿនការរៀបចំតំបន់ឆ្នេរឆ្នេរអង្កោល ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ថ្មី ដ៏ទាក់ទាញប្រចាំខេត្តកែប ជាមួយនឹងការសាងសង់រូបសំណាកបុច្ឆានុព្វនៅក្នុងសមុទ្រ ដោយតភ្ជាប់ចេញពីឆ្នេរដីគោកប្រវែង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ ក្នុងនាមជាសមិទ្ធផលថ្មីប្រចាំឆ្នាំ២០២១នេះ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឱ្យនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ឆ្នេរអង្កោលត្រូវបានក្រុមអ្នកទេសចរណ៍ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីក្រុមការងារបានបំផុសដល់ប្រជាពលរដ្ឋ នៅតំបន់នោះឱ្យយកចិត្តទុកដាក់លើផ្នែកបរិស្ថាន ពិសេសការធ្វើអនាម័យជាប្រចាំ ជាពិសេសកំពុងត្រូវបានរៀបចំជាតំបន់ឆ្នេរទេសចរណ៍ដ៏ទាក់ទាញប្រចាំខេត្តកែប។

លោកបន្តថា  “គម្រោងសាងសង់រូបសំណាក់មច្ឆានុព្វនេះ គឺជាគោលដៅទេសច​រណ៍មួយក្រោយចប់ជំងឺកូវីដ១៩ ហើយគម្រោងនេះ ក៏នឹងដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញគោលដៅទេសចរណ៍ ឲ្យទៅដល់ទីជនបទតាមតំបន់ឆ្នេរ និងពង្រីកសក្តានុពលតំប​ន់ឆ្នេរ ហើយទីនេះនឹងក្លាយទៅជាទីកន្លែង សម្រាប់លំហែកាយសាធារណៈ របស់ភ្ញៀវទេសចរជាតិ អន្តរជាតិទូទៅ”។

លោកអភិបាលបញ្ជាក់ថា ក្រៅតែពីរូបសំណាកមច្ឆនុព្វនេះ យើងក៏នឹងរំលេចនូវរូបសំណាក់ធនធានជលផលកម្រមួយចំនួន របស់ខេត្តកែបនៅទីតាំងជុំវិញ ដើម្បីទុកបង្ហាញភ្ញៀវទេសចរឲ្យស្គាល់នូវធនធានកម្រទាំងនោះ។ គម្រោងរូបសំណាក់មច្ឆានុព្វនេះ ក៏ជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់ខេត្តផង និងជាកេរតំណែលទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានដឹង និងស្គាល់ពីធនធានជលផលដែលខេត្តកែបមាន។

លោក ខេង យ័ន្ត នាយករងទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តកែបបានឲ្យដឹងដែរថា ស្របពេលដែលប្រទេសយើងកំពុងមានបញ្ហា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩បានធ្វើឲ្យយើងមានបញ្ហាថវិកា ហើយការសាងសង់រូបសំណាក់នាងមច្ឆានុព្វនេះ យើងធ្វើឡើងក្នុងបីដំណាក់កាល ក្នុងរយៈពេល៣ឆ្នាំ ដោយពេលនេះយើងកំពុងសាងសង់ផ្ទៃខាងក្រោម។

លោកបន្តថា “រូបសំណាក់មច្ចានុព្វនេះ យើងសាងសង់ចូលក្នុងផ្ទៃសមុទ្រប្រវែង ១៥០ម៉ែត្រ ដោយគិតទាំងផ្លូវចូលនិងទីធ្លារូបសំណាក់ ដោយឡែកសម្រាប់រូបសំណាក់យើងសាងសង់ក្នុងកំពស់រហូតជាង៤ម៉ែត្រ”។

ឆ្នេរអង្កោលគឺជាគោលដៅទេសចរណ៍មួយ ប្រកបដោយទេសភាពទាក់ទាញបំផុតដែលមិនអាចមើលរំលង ហើយក្រោយពេលធ្វើការអភិវឌ្ឍបានរួចរាល់ ភ្ញៀវច្បាស់ជាសម្រុកទៅលំហែកម្សាន្តនៅទីនោះច្រើន ក្រោយភាពស្ងប់ស្ងាត់ជំងឺឆ្លងកូវីដ ក្នុងសហគមន៍។ ដោយឡែកផ្លូវទៅកាន់រមណីយដ្ឋានឆ្នេរអង្កោល ទេសចរអាចធ្វើដំណើរតាមផ្លូវមួយខ្សែចេញពីឆ្នេរកែប ប្របតាមឆ្នេរសមុទ្រប្រវែងប្រមាណ១០គីឡូម៉ែត្រ។

ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុ​លបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពល ដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដើម្បីក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់កម្រិតខ្ពស់ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here