កម្ពុជានិងប្រទេសចំនួន៥ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការកសាងខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង

0

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជា និងប្រទេសចំនួន៥ក្នុងតំបន់មេគង់-ឡានឆាង បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការកសាងខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដើម្បីធានាឱ្យបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូរឹត-១៩។

លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងលិខិតអបអរសាទរ ក្នុងឱកាស “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២១” កាលពីម្សិលមិញថា ក្នុងអំឡុងរយៈពេល៥ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានបង្ហាញយ៉ាងច្បាស់ នូវគុណតម្លៃនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ។

លោកបានថ្លែងថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការជំរុញឱ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង ប្រទេសតាមដងទន្លេទាំង៦ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ដោយឈរលើស្មារតីបើកចំហ បរិយាប័ន្ន និងបំពេញបន្ថែមជាមួយយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ផ្សេងទៀត។

ក្នងគោលបំណងធានាឱ្យបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គមប្រកបដោយក្តីសង្ឃឹមខ្ពស់ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូរឹត-១៩ត្រូវបានបញ្ចប់ នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងលើកទី៣ កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ-ឡានឆាង បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពី ជំងឺរាតត្បាតកូវដ-១៩ ដោយបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ តាមរយៈការបង្កើត សហគមន៍សុខភាពសាធារណៈនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោកប្រាក់ សុខុនបានថ្លែងទៀតថា ថ្នាក់ដឹកនាំទាំងអស់បានប្តេជ្ញាចិត្ត ដើម្បីដោះស្រាយបញ្ហាពិភពលោក និងតំបន់ផ្សេងៗទៀត ដោយធានានូវប្រភពកំណើនថ្មី តាមរយៈការកសាងខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និងការជំរុញការធ្វើសហកម្មជាមួយច្រករបៀង ពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ។

សម្រាប់កិច្ចសហប្រតិបត្តិការធនធានទឹក ថ្នាក់ដឹកនាំទាំងអស់ បានសម្រេចចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើទិន្នន័យជលសាស្ត្រ និងការចែករំលែកព័ត៌មាន ដើម្បីធានា និរន្តរភាពធនធានទឹក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងបន្ទាន់គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗទៀត។

ក្នុងចំណោមគម្រោងទាំងនេះ ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៥៥ ដែលបានគាំទ្រដល់សកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យ អភិវឌ្ឍន៍ជនបទ ការបង្កើតអាជីវកម្មសហគមន៍ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ និងបេតិកភណ្ឌវប្បធម៌ជាដើម។

ឆ្នាំ២០២០ត្រូវបានគ្របដណ្តប់ដោយជំងឺរាតត្បាតកូវ៥-១៩ ហើយផលប៉ះពាល់ដ៏ធំធេងរបស់វា បានបង្កបញ្ហាប្រឈមជាច្រើនទៅលើសុវត្ថិភាពសុខភាពសាធារណៈ ការបំលាស់ទីរបស់ប្រជាជន និងខ្សែ ច្រវាក់ផ្គត់ផ្គង់សកល។ ស្ថិតក្រោមវិបត្តិជាសកលនាពេលបច្ចុប្បន្ននេះ យើងត្រូវតែបន្តបង្ហាញនូវសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហា ដែលជាក្តីកង្វល់រួម តាមរយៈកិច្ចសហប្រតិបត្តិការ និងសកម្មភាពជាក់ស្តែងក្នុង ការផ្តល់នូវវ៉ាក់សាំង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រឱ្យបានពេញលេញ ដែលប្រទេសមេគង្គ-ឡានឆាងអាច សម្រេចបាននូវគោលដៅរួមគ្នានៃសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់អនុតំបន់ របស់យើង និងក្រៅតំបន់។

មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here