ហេដ្ឋារចនាសម្ព័ន្ធ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដើរតួ​យ៉ាងសំខាន់​ដូចម្តេច​ក្នុងវិស័យ​អចលនទ្រព្យ

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ដូចជា ទីក្រុង​រណប ផ្សារ​ទំនើប ផ្លូវថ្នល់ អាកាសយានដ្ឋាន​ជាដើម អាច​ជះឥទ្ធិពល​ធំ​ទៅលើ​តម្លៃ និង​សក្ដានុពល​សម្រាប់​ភាពជោគជ័យ ក្នុងការ​វិនិយោគ​អចលនទ្រព្យ។

ហេតុនេះ វិនិយោគិន​ចាំបាច់​គួរ​តាមដាន​ព័ត៌មាន​ពាក់ព័ន្ធ នឹង​គម្រោង​អភិវឌ្ឍន៍​នានា​ចក្ខុវិស័យ​និង​ផែនការ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​រប​ស់​រដ្ឋាភិបាល​ជាប់​ជានិច្ច។

គម្រោង​អភិវឌ្ឍន៍​មួយចំនួន​នាពេល​បច្ចុប្បន្ន រួមមាន​ដូចជា គម្រោង​ផ្លូវ​ល្បឿន​លឿន គម្រោង​ព្រលានយន្ដហោះ​ជាដើម ដែល​អាច​ញ៉ាំងឱ្យ​ដី​ឡើងថ្លៃ ឬ​មាន​ឥទ្ធិពល​វិជ្ជមាន​ឬ​អវិជ្ជមាន​ដល់​ដំណើរការ​សេដ្ឋកិច្ច ។ ដោយហេតុថា​នេះ ទើប​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​មួយចំនួន មិនត្រូវ​បានបង្ហាញ​ទូលំទូលាយ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ដី​និង​អចលនទ្រព្យ ។

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​រដ្ឋាភិបាល​ប្រកាស​គម្រោង​អភិវឌ្ឍ​អ្វីមួយ នៅ​តំបន់​ណាមួយ​នោះ វា​បានធ្វើឱ្យ​តម្លៃ​ដីធ្លី​ងើប​រួចទៅហើយ ទោះជា​តំបន់​នោះ​មិនទាន់​អភិវឌ្ឍន៍​ក្ដី តែ​គម្រោង​អភិវឌ្ឍន៍​មួយចំនួន វា​បានធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ​ទៅវិញ ជាក់ស្ដែង​គម្រោង​សង់ស្ពាន​អាកាស។

លោក​បន្តថា “ផ្ទះ​និង​ដី ដែល​នៅក្រោម​ស្ពាន​អាកាស នឹងមិន​អាច​ហក់​ឡើង​បានទេ តែ​វា​មានតែ​ថយចុះ​វិញ​ព្រោះ​នៅពេល​សង់ស្ពាន​រួច មនុស្ស​នឹងធ្វើ​ដំណើរ​តាម​លើ​ស្ពាន” ។ លោក​បន្តថា “ក្រោម​ស្ពាន​នឹង​មិនសូវមាន​អ្នក​ឆ្លងកាត់​ដូច​មុន​នោះឡើយ” ។

ជាមួយគ្នានេះ លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏បាន​លើកឡើង​ផងដែរ​ថា ទីណា​មានការ​អភិវឌ្ឍ​គម្រោង​របស់​រដ្ឋ​ទីនោះ​នឹង​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន ជាពិសេស​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ព​ន ជាដើម។

លោក​បន្តថា “ដោយសារ​កត្តា​នេះហើយ ទើប​រដ្ឋាភិបាល​លោក​បាន​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ពី​ទីក្រុង​ទៅកាន់​តំបន់​ជាយក្រុង ដើម្បីឱ្យ​វិ​និ​យោ​គិ​ទៅ​អភិវឌ្ឍ​នៅ​តំបន់​ទាំងនោះ​ជា​បន្តបន្ទាប់” ។ លោក​បន្តថា “ជាការ​កត់សម្គាល់​តំបន់​ជាយ​រាជធានី​ភ្នំពេញ ស្ទើរតែ​គ្រប់ផ្នែក ទទួលបាន​ការអភិវឌ្ឍ ពី​គម្រោង​អភិវឌ្ឍន៍​នានា​របស់​វិនិយោគិន គ្រាន់​តែមាន​សន្ទុះ​ខុសគ្នា​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here