តម្លៃផលិតផលសរុបក្នុងវិស័យឧស្សាហកម្មកម្ពុជាធ្លាក់មកនៅត្រឹម ជាង៩៦០០លានដុល្លារ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងបរិបទដែលកម្ពុជា ទទួលរងនូវការគំរាមកំហែងពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺឆ្លងកូវីដ១៩ សម្រាប់តម្លៃនៃផលិតផលសរុប នៅក្នុងវិស័យឧស្សា​ហកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅស្រុកសម្រេចបានជាង៩៦០០លានដុល្លារក្រោមដំណើរប្រតិបត្តិការបណ្តារោងចក្រ សហគ្រាសតូចធំសរុបជិត២០០០ទីតាំងនៅទូទាំងប្រទេស។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហេង សុខគង់ បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា តម្លៃផលិត​ផលសរុបនៃរោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ឆ្នាំ២០២០ មានទំហំទឹកប្រាក់ជាង៩៦០០លានដុល្លារ ដោយក្នុងនោះមានតម្លៃនៃការផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកមានចំនួនជាង៣២០០លានដុល្លារ ខណៈដែលតម្លៃនៃការផ្គត់ផ្គង់ទីផ្សារនាំចេញ លើផលិតផលផ្នែកកម្មន្តសាលនេះមានទំហំជាង៦៣០០លានដុល្លារអាមេរិក។

លោកបន្តថា “តម្លៃដែលបានថមថយចុះនេះ ដោយសារតែនៅក្នុងឆ្នាំ២០២០ ពិភពលោក បានជួបនឹងវិបត្តិនៃការរីករាលជម្ងឺកូវីដ-១៩ ដោយក្នុងនោះប្រទេសចិនបានផ្អាកការនាំវត្ថុធាតុដើម ព្រោះចិនជាទីផ្សារបម្រើផលិតផល និងវត្ថុធាតុដើមពិភពលោក”។លោកបន្តថា “ដោយឡែកសម្រាប់កម្ពុជា ដោយសារមានទំនាក់ទំនងល្អជាមួយប្រទេសចិន ទើបយើងក៏ទទួលបានការនាំចូលវត្ថុធាតុដើមមុនគេ សម្រាប់បម្រើទីផ្សារក្នុងស្រុក ដូច្នេះនៅក្នុងឆ្នាំ ២០២១នេះរំពឹងថា តម្លៃបរិមាណផលិតផលនឹងមានការកើនឡើង”។

លោកហេង សុខគង់ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ ២០២០ ការអភិវឌ្ឍន៍វិស័យរោងចក្រ សហគ្រាស ក្នុងនោះរោងចក្រធុនធ្ងន់ដែលបានដំណើរការ មានចំនួន១ ៨៦៤ រោងចក្របានកើនឡើងជាង៧ភាគរយ បើធៀបទៅឆ្នាំ២០១៩ រោងចក្រកកើតថ្មីមានចំនួន២៣៥រោងចក្រ ថយចុះជាង១២ភាគរយ រោងចក្របិទទ្វារមានចំនួន១០១រោងចក្រ កើនឡើងជាង៥០ភាគរយ និងរោងចក្រដែលបានផ្អាក និងព្យួរការងារក្រោមឥទ្ធិពលជំងឺកូវីដ១៩ទាំងក្នុងរយៈពេលខ្លី និងវែងមានចំនួន៣៩២រោងចក្រ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here