ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យធំមួយ មានមូលដ្ឋាននៅក្រុងហុងកុង គឺGCC ដែលមានជំនាញក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ បានបង្ហាញពីគំរោងពង្រីកទំហំវិនិយោគរបស់ខ្លួន ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនមួយនេះបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនGCC បានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា លើផ្នែកអភិវឌ្ឍលំនៅឋាន ផ្សារទំនើបខ្នាតតូច នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ។
សេចក្តីប្រកាសបានបញ្ជាក់ថា ដើម្បីពង្រីកនូវការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតនោះ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធបន្ថែមទៀត ដើម្បីផ្ដល់សេវាកម្មថែទាំទ្រព្យសម្បត្តិរបស់អតិថិជន នៅក្នុងបុរីណាឌី ជ្រោយចង្វារ ។
លោកអេរិច ឆុងអគ្គនាយកនៃក្រុមហ៊ុនបុរីណាឌី បានឱ្យដឹងថា GCC ជាអ្នកអភិវឌ្ឍន៍គម្រោង ដែលមានការយកចិត្តទុកដាក់ និងមានទំនុកចិត្តខ្ពស់ ក្នុងការផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួន ។ការអភិវឌ្ឍរបស់ខ្លួន នៅក្នុងតំបន់ជ្រោយចង្វារនេះឡើង ដោយបានមើលឃើញ ពីសក្ដានុពលនៅក្នុងតំបន់នោះផ្ទាល់ ដែលជាទីតាំងមានគម្រោងអភិវឌ្ឍន៍ជាច្រើន ខ្លះបានបញ្ចប់ការសាងសង់ និងខ្លះទៀតកំពុងសាងសង់ ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ភ្នំពេញ សាហ្វារី វិមានឈ្នះឈ្នះ សួនដាយណូស័រ ក្លឹបវាយកូនហ្គោលហ្គាដិនស៊ីធី ទីក្រុងរណបជ្រោយចង្វារជាដើម ។
លោកបន្តថា បន្ថែមពីការអភិវឌ្ឍលំនៅឋានជូនពលរដ្ឋកម្ពុជាហើយ ការធ្វើឱ្យអតិថិជនរស់នៅស្រួល មានផាសុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺជាចក្ខុវិស័យរបស់ខ្លួនក្នុងអនាគត ។ការពង្រីកការវិនិយោគ ដើម្បីថែទាំទ្រព្យរបស់អតិថិជន គឺជាកត្តាចាំបាច់របស់ខ្លួន ។
យោងតាមអ្នកជំនាញ នៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើនព្យាករណ៍ថា តម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា នឹងនៅតែមានខ្ពស់នៅពេលអនាគត ដោយសារតែកំណើននៃប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងទាមទារឱ្យមានការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស។
ការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា គិតពីឆ្នាំ២០១៥ ដល់ត្រឹមឆ្នាំ២០៣០ខាងមុខ កម្ពុជាត្រូវការលំនៅដ្ឋានជាង៨០ម៉ឺនខ្នង ស្របពេលចំនួនប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនដល់៧លាននាក់៕