ដំណឹងល្អៈកម្ពុជា-ចិនពិចារណាប្រើប្រាស់លិខិតបញ្ជាក់សុខភាពដើម្បីជំរុញការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ

0

ដោយៈ ប៊ី

ភ្នំពេញៈ លោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃនេះថា កម្ពុជា និងប្រទេសចិនបានពិចារណា ក្នុងការដាក់ឱ្យប្រើប្រាស់លិខិតបញ្ជាក់សុខភាពទម្រង់ជា «QR Code» សម្រាប់ការធ្វើដំណើរចេញចូលរវាង ប្រទេសទាំងពីរ។

ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ របស់ចិន ដែលកម្ពុជាបានបញ្ជាទិញ ដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកវ៉ាង វិនធានបានថ្លែងថា ការធ្វើបែបនេះ ដើម្បីពន្លឿនដល់ការស្តារឡើងវិញ នូវទំនាក់ទំនង និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលបានយាយីដោយជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយនោះ។

ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ត្រូវបានគេមើលឃើញមានសកម្មភាពយ៉ាងមមាញឹក នៅមុនពេលកើតមានជំងឺកូវីដ១៩។ ប៉ុន្តែនៅពេលជំងឺកូវីដ១៩ កើតមាននៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩ និងកើតមាននៅកម្ពុជាឆ្នាំ២០២០ បានធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនាក់ទំនង នៃប្រជាជនប្រទេសទាំងពីរ ក៏ដូចជាប៉ះពាល់ទៅលើវិស័យទេសចរ និងការធ្វើពាណិជ្ជកម្មផងដែរ។

កម្ពុជា និងចិន បានបង្កើតកិច្ចសហប្រតិបត្តិការនឹងគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ជាពិសេសកំពុងបង្កើនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដោយរំពឹងថា វ៉ាក់សាំងនេះធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរអាចវិលរកភាពប្រក្រតីឡើងវិញ។

លោកវ៉ាង វិនធាន បានទម្លាយពីគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជិនពីង ប្រធា​នាធិបតីចិន លើការទទួលស្គាល់ទៅវិញទៅមកជាអន្តរជាតិ នូវលិខិតបញ្ជាក់សុខភាពដោយឈរលើមូលដ្ឋានតេស្តរកមេរោគក្រោមទម្រង់ QR Code។

បើតាមលោកឯកអគ្គរដ្ឋទូត យន្តការនេះ ក៏កំពុងពិចារណាអនុវត្តរវាងកម្ពុជា និងចិនផងដែរ។ លោក វ៉ាង វិនធាន បានបញ្ជាក់ថា “យើងក៏មានកិច្ចសហការជាមួយប្រទេសកម្ពុជា ក្នុងការគិតពិចារណាធ្វើការងារទ្វេភាគី ដើម្បីជំរុញការធ្វើដំណើរទៅវិញទៅមកមានភាពងាយស្រួលប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់សិស្សនិស្សិត អ្នកវិនិយោគ អ្នកទេសចរ និងបុគ្គលដទៃទៀត”។

លោកវ៉ាង វិនធាន ក៏បានអះអាងផងដែរថា ការធ្វើបែបនេះ ដើម្បីជំរុញការស្តារឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រក្រតី លើគ្រប់វិស័យនៃប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here