ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ កំឡុងពេលមានវិបត្តិសេដ្ឋកិច្ចម្តងៗ វាជាពេលវេលាមាស ដែលអាចបង្កើតមាស សម្រាប់អ្នកមានធនធានច្រើន មិនមានបញ្ហាលំហូរសាច់ប្រាក់។
ការទិញអចលនទ្រព្យកំឡុងពេលនេះ អ្នកនឹងទទួលបានផលវិជ្ជមានច្រើន សម្រាប់ពេលអនាគត ឬពេលសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ លោក អ្នកនឹងមានឳកាសកើបលុយ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានតាមដានព៌តមាន និងការវិវត្តនៃវិស័យអចលនទ្រព្យ លោកយិន លាងគង់់ បានថ្លែងថា កំឡុងមានវិបត្តិសេដ្ឋកិច្ច មានបញ្ហា និងឳកាសនៅជាមួយគ្នា។ អ្នកមានបញ្ហាគឺស្ទះលំហូរសាច់ប្រាក់ ចំណែកអ្នកមានឳកាស គឺអ្នកមានធនធានច្រើន ដែលអាចចាប់ឳកាសវិនិយោគកំឡុងពេលនេះ។
ទិញបានតម្លៃល្អ
តាមធម្មតានៅពេលសេដ្ឋកិច្ចមានបញ្ហា ពិសេសកំឡុងវិបត្តិកូវីដ ដែលបានអូសបន្លាយនៅលើពិភពលោក និងកម្ពុជាជាង១ឆ្នាំនេះ បានធ្វើឲ្យមនុស្សជាច្រើនបាត់បង់លុយ ស្ទះលំហូរសាច់ប្រាក់។ ហេតុនេះ ពួកគេនឹងបញ្ចេញអចលនទ្រព្យរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាបំណុលជាមួយធនាគារ ឬជាមួយនឹងដៃគូអាជីវកម្មរបស់ខ្លួនផ្សេងៗទៀត។
បញ្ហាប្រឈមនេះហើយ ដែលពួកគេត្រូវលក់អចលនទ្រព្យរបស់ពួកគេបន្ទាន់ និងតម្លៃអាចទាបជាងទីផ្សារ ដើម្បីបង្វិលលុយដោះស្រាយបំណុលផ្សេង។
ងាយចចារ
នេះជាពេលវេលា ដែលអ្នកទិញមានឧត្តមភាពច្រើនជាងអ្នកលក់ ព្រោះកំឡុងពេលនេះ មានមនុស្សតុចតួចណាស់ហានវិនិយោគ និងមានលុយច្រើនសម្រាប់វិនិយោគ ដូច្នេះចំនួនអ្នកទិញមានតិចជាងអ្នកលក់ ដែលធ្វើឲ្យអ្នកទិញអាចចចាតម្លៃបានល្អ និងងាយស្រួលទាំងលក្ខខ័ណ្ឌបង់ប្រាក់ ក៏ដូចជា ទិញអចលនទ្រព្យបានតម្លៃល្អ និងទាបជាងទីផ្សារ។
ប៉ុន្តែយ៉ាងណាក៏ដោយ វាអាស្រ័យលើសមត្ថភាពនៃការវិនិច្ឆ័យរបស់អ្នកផងដែរថា អ្នកពិតជារកបានអចលនទ្រព្យល្អ និងមានតម្លៃទាបជាងទីផ្សារពិតមែនឬយ៉ាងណា?។
រកប្រភពពីណា
ការស្វែងរកអចលនទ្រព្យតម្លៃទាបជាងទីផ្សារ មិនមែនងាយស្រួលនោះទេ ប៉ុន្តែគ្រប់យ៉ាងសុទ្ឋតែមានដំណោះស្រាយ ដោយអ្នកអាចស្វែងរកមេភូមិ មេឃុំ អ្នកគួកជេនៅមូលដ្ឋាន ដែលលោកអ្នកអាចស៊ើបសួរស្វែងរកព៌តមានបាន។
ជាមួយគ្នានេះ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ជាប្រភពសំខាន់ផងដែរ បើសិនជាអ្នកស្គាល់អ្នកធ្វើការគ្រប់គ្រងផ្នែកឥណទាន ឬប្រធានសាខារបស់ធនាគារណាមួយ ព្រោះមានតែធនាគារិកនេះហើយ ដែលមានព៌តមាន និងទិន្នន័យអតិថិជនក្នុងដៃច្រើន ដោយសារចំនួនពលរដ្ឋបានប្រើប្រាស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើន ដើម្បីទទួលបានឥណទាន។
ហេតុនេះ អ្នកមានបញ្ហាដោះស្រាយមិនចេញ ពួកគេនឹងស្វែងរកជំនួយពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន។
១០ឆ្នាំមានម្តង
ឳកាសល្អៗបែបនេះ មិនមានច្រើនឡើយ ប៉ុន្តែវាតែងតែកើតមានស្ទើររៀងរាល់១០ឆ្នាំម្តង ដែលបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ នៅលើពិភពលោក តែងតែបង្កើតឲ្យមានបញ្ហាបែបនេះ ដើម្បីឲ្យពួកគេអាចគ្រប់គ្រងពិភពលោក និងទប់ស្កាត់កុំឲ្យប្រទេសមួយចំនួនមានសេដ្ឋកិច្ចងើបឡើងលឿនពេក ដែលធ្វើឲ្យមហាអំណាចធំៗពិបាកគ្រប់គ្រង។
វាជាប់ទាក់ទងនឹងបញ្ហាផលប្រយោជន៍ និងភូមិសាស្ត្រនយោបាយ ព្រោះជម្លោះរបស់មហាអំណាចធំៗលើពិភពលោក កើតមានដោសារបញ្ហាផលប្រយោជន៍ និងពង្រីកឥទ្ឋិពលលើពិភពលោកប៉ុណ្ណោះ៕