តើ​សេដ្ឋកិច្ច​ខេត្តសៀមរាប​ត្រូវ​ពឹង​ផ្អែកលើ​វិស័យ​ផ្សេង​ក្រៅពី​ទេសចរណ៍

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ទេសចរណ៍​ជា​វិស័យ​មួយ​ដ៏​ផុយស្រួយ ប៉ុន្តែ​វា​បានផ្តល់​លំហូរ​លុយ​យ៉ាងច្រើន​ក្នុង​សេដ្ឋកិច្ច​មូលដ្ឋាន​និមួយៗ ពេល​ភ្ញៀវ​ទៅដល់ ប៉ុន្តែ​ការជួប​នូវ​កល​យុគ​ឬ​ប្រធាន​ស័​ក្តផ្សេងៗ វិស័យនេះ​នឹង​ស្លាប់​ដោយ​ស្វ័យប្រវត្តិ។

ជាក់ស្តែង​សេដ្ឋកិច្ច​ខេត្តសៀមរាប​បាន​ជាប់គាំង ដោយសារ​វិបត្តិ​កូ​វីដ១៩ ដែល​មេរៀន​នេះ មិនមែនជា​រឿង​ថ្មី​សម្រាប់​កម្ពុជា និង​ពិភពលោក​នោះទេ ប៉ុន្តែ​តើ​រដ្ឋាភិបាល​គួរ​មាន​វិធីសាស្ត្រ​បែបណា ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ខេត្ត​នេះ​រស​រវើក ជាជាង​ការពឹងផ្អែក​តែ​លើ​វិស័យ​ទេសចរណ៍​តែមួយ​មុខ។

តាមពិត រដ្ឋាភិបាល​បាន និង​កំពុង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ខេត្តសៀមរាប ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ដែល​បាន​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ១៩យ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន​រដ្ឋាភិបាល​បាន និង​កំពុង​កសាង​ផ្លូវ​ចំនួន៣៤ខ្សែ កែលំអ​ស្ទឹង​សៀមរាប ដើម្បី​លើក​កំពស់​សោភ័ណភាព​ខេត្ត​នេះ ដែល​ប​បញ្ហា​នេះ​ត្រូវបាន​គេ​បំភ្លេច​រាប់​ឆ្នាំ​មកហើយ។

ជាមួយនឹង​ផែនការ​ដាក់ចេញ​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​លំដាប់​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន និង​កំពុង​សម្លឹង​ឃើញ​សក្តានុពល​នៅក្នុង​ខេត្ត​នេះ ដូចជា​បុរី​ឡេង​ណា​វ៉ា​ត្រា បុរី​បាគង បុរី​ទេសចរណ៍ គំរោង Angkor Landmark និង​ការវិនិយោគ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ទៀត ដូចជា ក្រុមហ៊ុន​យូ​ណាន​របស់​ចិន​បាន និង​កំពុង​សាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ នៅក្នុង​ស្រុក​សូទ្រនិគម ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​នៅ​ស្រុក​បន្ទាយស្រី ក្រុមហ៊ុន Naga Corp កំពុង​រៀបចំ​បោះទុន​វិនិយោគ ៣៥០លាន​ដុល្លារ សាងសង់​ផ្សារ​បណ្តែត​ទឹក សាងសង់​រមណីយដ្ឋាន សាងសង់​ទីក្រុង​ចិន (China Town) ជាដើម ក្រុមហ៊ុន​ជប៉ុន​សាងសង់​កន្ត្រក​វិញ​ដ៏​ធំ​មួយ នៅក្បែរ​ទីក្រុង​សៀមរាប និង​គំរោង​វិនិយោគ​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន​អន្តរជាតិ​នានា។

លោក​យិន លាង​គង់ សហ​ស្ថាបនិក​គេហទំព័រ Propertyarea.asia ដែល​តែងតែ​ឃ្លាំមើល​ការវិវត្ត នៃ​សេដ្ឋកិច្ចសង្គម​កម្ពុជា​បាន​មានប្រសាសន៍ថា តាមពិត​វា​ជា​រឿង​អស់សំណើច​មួយ បើសិនជា​អ្នក​ដឹងថា ប្រជាជន​ខេត្តសៀមរាប មាន​ភាពក្រីក្រ​ជាង​ប្រជាជន​រស់​នៅលើ​បណ្តា​រាជធានី ខេត្ត​ទាំង២៤ទៀត។

លោក​បន្តថា “ភាពក្រីក្រ​របស់​ប្រជាជន​មូលដ្ឋាន មិនបាន​ជួយ​ធ្វើ​ឲ្យ​អំណាច​នៃ​ការទិញ​អចលនទ្រព្យ​ក្នុង​ខេត្ត​នោះទេ ត្បិត​អ្នក​អភិវឌ្ឍ​ភាគច្រើន បាន​ផ្តោត​ទីផ្សារ​លើ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ច្រើនជាង” ។ លោក​បន្តថា “ការបង្កើត​មូលដ្ឋាន​សេដ្ឋកិច្ច ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន គួរ​ជា​ជម្រើស​ថ្មី​ផ្សេងទៀត សម្រាប់​ទាក់ទាញ​ការវិនិយោគ​ផង ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ផង និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ឲ្យ​មាន​ភាព​រីកចម្រើន​ផង” ។

លោក​យិន លាង​គង់ បាន​បន្តថា ខេត្តសៀមរាប​មាន​ដី​ទំនេរ​ច្រើន នៅតាម​បណ្តា​ស្រុក​មួយចំនួន ហេតុនេះ​សភាពាណិជ្ជកម្ម​ខេត្ត គួរ​លើកសំណើរ​មករ​ដ្ឋា​ភិ​បាល ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ចធំៗ នៅតាម​បណ្តា​ស្រុក​នានា ដោយ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នានា​ចូលទៅ​វិនិយោគ​ដោយ​ឥតគិតថ្លៃ ច្បាស់​ណាស់​នឹងមាន​អ្នកវិនិយោគ​ច្រើន ស្វែងរក​ឳ​កាស​បែបនេះ ដើម្បី​បង្កើត​ផលិតផល សេវាកម្ម​របស់​ពួកគេ ដើម្បី​នាំចេញ​ទៅ​បរទេស ពិសេស​នៅពេល​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ត្រលប់​មកវិញ ក្រោយពេល​វិបត្តិ​កូ​វីដ១៩បញ្ចប់​នាពេលខាងមុខ។

ជាមួយនឹង​ការដាក់​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក ក្រសួងទេសចរណ៍​ក៏បាន​រៀបចំ​ផែនការមេ ដើម្បី​លើក​កំពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​ឡើងវិញ តាមរយៈ​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ផ្តល់​សេវាកម្ម​បដិសណ្ឋារកិច្ច​កាន់តែ​ល្អប្រសើរ និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ ដើម្បី​ផ្តល់​ផលប្រយោជន៍៍​ដល់​សហគមន៍​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ដែលជា​ខេត្ត​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ច្រើនជាងគេ ក្នុងចំណោម​រាជធានី​ខេត្ត​ទាំង២៥ ។

ក្រសួងទេសចរណ៍​ក៏បាន​រៀបចំ​ផែនការមេ​កសាង​ទីក្រុង​ថ្មី​មួយ ដោយ​ដាក់ឈ្មោះថា Grand Siem Reap City នៅក្បែរ​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ខេត្តសៀមរាប ដែល​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​សាងសង់​អាគារខ្ពស់ៗផងដែរ។

ជាមួយគ្នានេះ លោក​ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មានប្រសាសន៍ថា ជំងឺ​កូ​វីដ១៩ បានផ្តល់​មេរៀន និង​ឳ​កាស​ផងដែរ​សំរាប់​ខេត្តសៀមរាប តាមរយៈ​ការចាប់ផ្តើម​កែលំអរ និង​ពង្រីក​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ខេត្ត​នេះ ដែលមាន​ការរៀបចំ​ផ្លូវ​ថ្មើ​ជើង និង​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប ដើម្បី​លើក​កំពស់​សោភ័ណភាព​ខេត្ត​ផង និង​ទាក់ទាញ​ទេសចរណ៍​ផង ហើយ​បើ​គ្មាន​ជំងឺ​កូ​វីដ១៩ ប្រហែលជា​គំរោង​នេះ​មិន​លេច​រូបរាង​នោះទេ។

លោក​បន្តថា “ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ជាការ​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ពិតជា​ការចូលរួម​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខេត្ត ហើយ​យើង​រំពឹងថា​ខេត្ត​នេះ នឹង​ទាក់ទាញ​វិនិយោគិន​បាន​ច្រើន​ថែមទៀត” ។ លោក​បន្តថា “បច្ចុប្បន្ន​មាន​គំរោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុង​ខេត្ត​ច្រើន មានរ​រោងចក្រ សហគ្រាស​កើតថ្មីៗច្រើន ដែល​ជួយ​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន ហេតុនេះ​បើ​ជំងឺ​កូ​វីដ​បញ្ចប់ កម្ពុជា​ក៏ដូចជា​ពិភពលោក​បើក​ជើងហោះហើរ​ឡើងវិញ ខេត្តសៀមរាប​នឹង​ផ្តល់​សក្តានុពល​ខ្លាំង ដល់​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ” ។

ទោះជា​យ៉ាងណា​លោក​បណ្ឌិត​ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាព​កម្ពុជា​បាន​មានប្រសាសន៍ថា ខេត្តសៀមរាប​មាន​សក្តានុពល​ច្រើន ក្រៅពី​វិស័យ​ទេសចរណ៍​គឺមាន​វិស័យ​កសិកម្ម សិប្បកម្ម​ដែល​ត្រូវ​ពង្រីក និងរ​រៀបចំ​ជា​តំបន់​ក​សិ​ទេសចរណ៍ ប៉ុន្តែ​ខេត្ត​នេះ នៅតែ​មិនអាច​កាត់ផ្តាច់​មូលដ្ឋាន​នៃ​ការរីកចម្រើន និង​មូលដ្ឋាន​សេដ្ឋកិច្ច​ចេញពី​វិស័យ​ទេសចរណ៍​បាន​នៅឡើយ​ទេ។

លោក​បន្តថា “យើង​ឃើញ​មានការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្ត ប៉ុន្តែ​ដំណើរការយឺតៗ ព្រោះ​វិស័យនេះ​រស់​រវើក និង​រីកចម្រើន​បាន​ទាល់តែ​វិស័យ​ទេសចរណ៍​មាន​ភាព​រីកចម្រើន ដែល​ធ្វើ​ឲ្យ​ប្រជាជនមាន​ប្រាក់ចំណូល​កើនឡើង ដើម្បី​ឲ្យ​ពួកគេ​អាច​ចំណាយ​ប្រាក់​ទិញ​អចលនទ្រព្យ​នានា” ។

លោក​យិន លាង​គង់ បាន​បន្តថា ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ឲ្យ​កាន់តែ​សម្បូ​រ​បែប នឹងធ្វើ​ឲ្យ​ខេត្ត​នេះ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ និង​វ​វិបត្តិ​សេដ្ឋកិច្ច​នាពេលខាងមុខ​ទៀត។

លោក​បន្តថា “មានតែ​ការត្រៀមខ្លួន​ជាមុន​ទេ ទើប​យើង​អាច​ត្រៀមខ្លួន​បានល្អ​ដើម្បី​កាត់បន្ថយ​ហានិភ័យ ហើយ​មានតែ​ការធ្វើសកម្មភាព​ទេ​ទើបបាន​ផល ព្រោះ​ទ្រឹស្តី​ឬ​ឯកសារ​ដែល​បាន​ចងក្រង មិនបង្កើត​តម្លៃ​សេដ្ឋកិច្ច​ទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here