ដោយស៊ីវ ម៉េង
ភ្នំពេញៈ ទេសចរណ៍ជាវិស័យមួយដ៏ផុយស្រួយ ប៉ុន្តែវាបានផ្តល់លំហូរលុយយ៉ាងច្រើនក្នុងសេដ្ឋកិច្ចមូលដ្ឋាននិមួយៗ ពេលភ្ញៀវទៅដល់ ប៉ុន្តែការជួបនូវកលយុគឬប្រធានស័ក្តផ្សេងៗ វិស័យនេះនឹងស្លាប់ដោយស្វ័យប្រវត្តិ។
ជាក់ស្តែងសេដ្ឋកិច្ចខេត្តសៀមរាបបានជាប់គាំង ដោយសារវិបត្តិកូវីដ១៩ ដែលមេរៀននេះ មិនមែនជារឿងថ្មីសម្រាប់កម្ពុជា និងពិភពលោកនោះទេ ប៉ុន្តែតើរដ្ឋាភិបាលគួរមានវិធីសាស្ត្របែបណា ដើម្បីឲ្យសេដ្ឋកិច្ចខេត្តនេះរសរវើក ជាជាងការពឹងផ្អែកតែលើវិស័យទេសចរណ៍តែមួយមុខ។
តាមពិត រដ្ឋាភិបាលបាន និងកំពុងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ខេត្តសៀមរាប ដើម្បីកាត់បន្ថយការពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានរងគ្រោះដោយជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្នរដ្ឋាភិបាលបាន និងកំពុងកសាងផ្លូវចំនួន៣៤ខ្សែ កែលំអស្ទឹងសៀមរាប ដើម្បីលើកកំពស់សោភ័ណភាពខេត្តនេះ ដែលបបញ្ហានេះត្រូវបានគេបំភ្លេចរាប់ឆ្នាំមកហើយ។
ជាមួយនឹងផែនការដាក់ចេញរបស់រដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគក្នុងស្រុកលំដាប់ជាតិ និងអន្តរជាតិជាច្រើនបាន និងកំពុងសម្លឹងឃើញសក្តានុពលនៅក្នុងខេត្តនេះ ដូចជាបុរីឡេងណាវ៉ាត្រា បុរីបាគង បុរីទេសចរណ៍ គំរោង Angkor Landmark និងការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត ដូចជា ក្រុមហ៊ុនយូណានរបស់ចិនបាន និងកំពុងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ក្រុមហ៊ុនវិនិយោគកោះសង្សារ កំពុងរៀបចំផែនការអភិវឌ្ឍន៍នៅស្រុកបន្ទាយស្រី ក្រុមហ៊ុន Naga Corp កំពុងរៀបចំបោះទុនវិនិយោគ ៣៥០លានដុល្លារ សាងសង់ផ្សារបណ្តែតទឹក សាងសង់រមណីយដ្ឋាន សាងសង់ទីក្រុងចិន (China Town) ជាដើម ក្រុមហ៊ុនជប៉ុនសាងសង់កន្ត្រកវិញដ៏ធំមួយ នៅក្បែរទីក្រុងសៀមរាប និងគំរោងវិនិយោគជាច្រើនទៀតរបស់ក្រុមហ៊ុនអន្តរជាតិនានា។
លោកយិន លាងគង់ សហស្ថាបនិកគេហទំព័រ Propertyarea.asia ដែលតែងតែឃ្លាំមើលការវិវត្ត នៃសេដ្ឋកិច្ចសង្គមកម្ពុជាបានមានប្រសាសន៍ថា តាមពិតវាជារឿងអស់សំណើចមួយ បើសិនជាអ្នកដឹងថា ប្រជាជនខេត្តសៀមរាប មានភាពក្រីក្រជាងប្រជាជនរស់នៅលើបណ្តារាជធានី ខេត្តទាំង២៤ទៀត។
លោកបន្តថា “ភាពក្រីក្ររបស់ប្រជាជនមូលដ្ឋាន មិនបានជួយធ្វើឲ្យអំណាចនៃការទិញអចលនទ្រព្យក្នុងខេត្តនោះទេ ត្បិតអ្នកអភិវឌ្ឍភាគច្រើន បានផ្តោតទីផ្សារលើប្រជាជននៅរាជធានីភ្នំពេញច្រើនជាង” ។ លោកបន្តថា “ការបង្កើតមូលដ្ឋានសេដ្ឋកិច្ច ដូចជាតំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មក្នុងខេត្តឲ្យបានច្រើន គួរជាជម្រើសថ្មីផ្សេងទៀត សម្រាប់ទាក់ទាញការវិនិយោគផង ផ្តល់ការងារដល់ពលរដ្ឋផង និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តឲ្យមានភាពរីកចម្រើនផង” ។
លោកយិន លាងគង់ បានបន្តថា ខេត្តសៀមរាបមានដីទំនេរច្រើន នៅតាមបណ្តាស្រុកមួយចំនួន ហេតុនេះសភាពាណិជ្ជកម្មខេត្ត គួរលើកសំណើរមករដ្ឋាភិបាល ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចធំៗ នៅតាមបណ្តាស្រុកនានា ដោយផ្តល់ឲ្យក្រុមហ៊ុននានាចូលទៅវិនិយោគដោយឥតគិតថ្លៃ ច្បាស់ណាស់នឹងមានអ្នកវិនិយោគច្រើន ស្វែងរកឳកាសបែបនេះ ដើម្បីបង្កើតផលិតផល សេវាកម្មរបស់ពួកគេ ដើម្បីនាំចេញទៅបរទេស ពិសេសនៅពេលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិត្រលប់មកវិញ ក្រោយពេលវិបត្តិកូវីដ១៩បញ្ចប់នាពេលខាងមុខ។
ជាមួយនឹងការដាក់គោលដៅទាក់ទាញទេសចរណ៍ក្នុងស្រុក ក្រសួងទេសចរណ៍ក៏បានរៀបចំផែនការមេ ដើម្បីលើកកំពស់វិស័យទេសចរណ៍ក្នុងខេត្តនេះឡើងវិញ តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្តល់សេវាកម្មបដិសណ្ឋារកិច្ចកាន់តែល្អប្រសើរ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍៍ដល់សហគមន៍ទេសចរណ៍ និងប្រជាពលរដ្ឋក្នុងខេត្តនេះ ដែលជាខេត្តមានប្រជាពលរដ្ឋក្រីក្រច្រើនជាងគេ ក្នុងចំណោមរាជធានីខេត្តទាំង២៥ ។
ក្រសួងទេសចរណ៍ក៏បានរៀបចំផែនការមេកសាងទីក្រុងថ្មីមួយ ដោយដាក់ឈ្មោះថា Grand Siem Reap City នៅក្បែរព្រលានយន្តហោះលំដាប់អន្តរជាតិខេត្តសៀមរាប ដែលអនុញ្ញាតឲ្យអ្នកវិនិយោគជាតិ អន្តរជាតិសាងសង់អាគារខ្ពស់ៗផងដែរ។
ជាមួយគ្នានេះ លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ បានផ្តល់មេរៀន និងឳកាសផងដែរសំរាប់ខេត្តសៀមរាប តាមរយៈការចាប់ផ្តើមកែលំអរ និងពង្រីកកសាងហេដ្ឋារចនាសម្ព័ន្ឋខេត្តនេះ ដែលមានការរៀបចំផ្លូវថ្មើជើង និងប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីលើកកំពស់សោភ័ណភាពខេត្តផង និងទាក់ទាញទេសចរណ៍ផង ហើយបើគ្មានជំងឺកូវីដ១៩ ប្រហែលជាគំរោងនេះមិនលេចរូបរាងនោះទេ។
លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ជាការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ ពិតជាការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត ហើយយើងរំពឹងថាខេត្តនេះ នឹងទាក់ទាញវិនិយោគិនបានច្រើនថែមទៀត” ។ លោកបន្តថា “បច្ចុប្បន្នមានគំរោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តច្រើន មានររោងចក្រ សហគ្រាសកើតថ្មីៗច្រើន ដែលជួយដល់សេដ្ឋកិច្ចមូលដ្ឋាន ហេតុនេះបើជំងឺកូវីដបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកបើកជើងហោះហើរឡើងវិញ ខេត្តសៀមរាបនឹងផ្តល់សក្តានុពលខ្លាំង ដល់វិស័យទេសចរណ៍ និងការវិនិយោគ” ។
ទោះជាយ៉ាងណាលោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាពកម្ពុជាបានមានប្រសាសន៍ថា ខេត្តសៀមរាបមានសក្តានុពលច្រើន ក្រៅពីវិស័យទេសចរណ៍គឺមានវិស័យកសិកម្ម សិប្បកម្មដែលត្រូវពង្រីក និងររៀបចំជាតំបន់កសិទេសចរណ៍ ប៉ុន្តែខេត្តនេះ នៅតែមិនអាចកាត់ផ្តាច់មូលដ្ឋាននៃការរីកចម្រើន និងមូលដ្ឋានសេដ្ឋកិច្ចចេញពីវិស័យទេសចរណ៍បាននៅឡើយទេ។
លោកបន្តថា “យើងឃើញមានការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្ត ប៉ុន្តែដំណើរការយឺតៗ ព្រោះវិស័យនេះរស់រវើក និងរីកចម្រើនបានទាល់តែវិស័យទេសចរណ៍មានភាពរីកចម្រើន ដែលធ្វើឲ្យប្រជាជនមានប្រាក់ចំណូលកើនឡើង ដើម្បីឲ្យពួកគេអាចចំណាយប្រាក់ទិញអចលនទ្រព្យនានា” ។
លោកយិន លាងគង់ បានបន្តថា ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ឲ្យកាន់តែសម្បូរបែប នឹងធ្វើឲ្យខេត្តនេះកាត់បន្ថយភាពងាយរងគ្រោះនៃវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងវវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខទៀត។
លោកបន្តថា “មានតែការត្រៀមខ្លួនជាមុនទេ ទើបយើងអាចត្រៀមខ្លួនបានល្អដើម្បីកាត់បន្ថយហានិភ័យ ហើយមានតែការធ្វើសកម្មភាពទេទើបបានផល ព្រោះទ្រឹស្តីឬឯកសារដែលបានចងក្រង មិនបង្កើតតម្លៃសេដ្ឋកិច្ចទេ” ៕