ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ការវិនិយោគនាពេលនេះ ជាកំឡុងពេលមានវិបត្កិ ប៉ុន្តែជាឳកាសមាស ដែលអាចទទួលបានផលចំណេញច្រើន ហើយឳកាសបែបនេះមាន១០ឆ្នាំម្តងប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុនERA Cambodiaលោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគខុនដូនាកំឡុងពេលនេះ គឺជាឳកាសកំរ៉ ហើយវាជាការវិនិយោគ ដែលមើលឃើញផលចំណេញភ្លាមៗ ព្រោះម្ចាស់គំរោងនិមួយៗបានបញ្ចុះតម្លៃចន្លោះពី២០ទៅ៣០ភាគរយ ដើម្បីលក់ចេញគំរោងរបស់ខ្លួន ក្នុងកំឡយុងពេលមានវិបត្តិសេដ្ឋកិច្ចសាកលនេះ។
លោកបន្តថា “អ្នកទទិញខុនដូនាពេលនេះ មើលឃើញឳកាសចំណេញភ្លាម ហើយពួកគេអាចលក់ចេញបានលឿន និងចំណេញច្រើននៅពេលសេដ្ឋកិច្ចវិលមករកភាពល្អប្រសើរវិញ”។លោកបន្ថែមថា “ឳកាសបែបនេះ ១០ឆ្នាំមានតែម្តងប៉ុណ្ណោះ”។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការវិនិយោគកំឡុងពេលនេះ សំរាប់អ្នកមានធនធានច្រើន ពួកគេបានប្រមូលទិញដី ខុនដូ ឬអចលនទ្រព្យដទៃទៀតទុក ដើម្បីទទួលបានផលចំណេញខ្ពស់ ពិសេសអ្នកទិញដី គឺពួកគេប្រមូលទិញ ដើម្បីសាងសង់គំរោងលំនៅដ្ឋាន ឬគំរោងផ្សេងៗនាពេលអនាគត។
លោកបន្តថា “សំរាប់អ្នកមានលទ្ឋភាពខ្ពស់ ពួកគេនៅតែបន្តវិនិយោគដើម្បីប្រមូលទុក ព្រោះពេលនេះអ្នកទិញមានអំណាចក្នុងការចចា”៕