ដោយៈ រ៉ា ណេត
ភ្នំពេញៈ អ្នកជំនាញបង្ហាញសុទ្ធិដ្ឋិនិយមថា ទីក្រុងបូកគោថ្មី ដែលប្រមុខនៃរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ វានឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ កាន់តែមានសន្ទុះរីកចំរើនកាន់តែខ្លាំងបន្ថែមទៀត។
លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី៣០ មិនាកន្លងមកថា ក្រៅតែអំពីការបង្កើតប្រព័ន្ធគ្រប់គ្រង់រដ្ឋបាលថ្មី នៅក្នុងទីក្រុងថ្មីនេះ វានឹងជួយជំរុឱ្យមានការអភិវឌ្ឍន៍នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ហើយវាក៏នឹងធ្វើឱ្យវិស័យអលចនទ្រព្យរីកចំរើនផងដែរ។
លោកបន្តថា “នៅក្នុងទីក្រុងបូកគោថ្មីនេះ ក៏ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ ហើយជាស្វ័យប្រវត្តិវិស័យអចលនទ្រព្យ នឹងមានសន្ទុះរីកចំរើន និងមានការចាប់អារម្មណ៍ជាងមុនពេលដែលមិនទាន់បង្កើត។លោកថ្លែងថា« យើងមានសុទិដ្ឋិនិយមថា អ្វីៗ វានឹងល្អជាងមុន ទាំងតម្លៃដីក៏វាអាចថានឹងកើនឡើង ប៉ុន្តែក៏វាអាស្រ័យលលើការរៀបចំ និងអភិវឌ្ឍន៍របស់មន្ត្រី ដែលនឹងទៅគ្រប់គ្រងនៅទីនេះដែរ។ បើមានតែទីក្រុង ប៉ុន្តែអត់មានការអភិវឌ្ឍន៍ វាក៏នៅទ្រឺងដែរ” ។
លោកវិត វឌ្ឍនា អ្នកនាំពាក្យរដ្ឋបាលខេត្តកំពតថ្លែងថា ការសម្រេចបង្កើតក្រុងបូកគោនេះ គឺជាការល្អមួយសម្រាប់ខេត្តកំពត ដែលវានឹងបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងភូមិកសាស្ត្រ និងជំរុញល្បឿននៃការអភិវឌ្ឍន៍។
លោកបន្តថា “គោលដៅដែលថ្នាក់ដឹកនាំបង្កើតក្រុងនេះ ក្នុងកគោលដៅអភិវឌ្ឍន៍ ព្រោះតំបន់នេះ មានការវិនិយោគច្រើន និងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងតំបន់នេះ មានរីកចំរើនលឿនទៅមុខ” ។
លោកវិត វឌ្ឍនាបានថ្លែងថា រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក៏បានត្រៀមបំរ៉ុងរួចហើយនូវកញ្ចប់ថវិកា សម្រាប់យកទៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្រុង និងសាលាក្រុង នៅក្នុងក្រុងថ្មីមួយនេះ។ ទោះជាយ៉ាងណា លោក មិនបានបញ្ជាក់ពីទំហំកញ្ចប់ថវិកាប៉ុន្មាសម្រាប់អភិវឌ្ឍន៍នោះទេ។
លោកបញ្ជាក់ទៀតថា “នៅពេលដែលចប់កូវីដ តំបន់នេះនឹងមានការរីកចំរើនច្រើន ព្រោះវាទៅជាក្រុង ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ មិនទាន់សូវមានការលូតលាស់ខ្លាំងទេ។លោកបន្ថែមថា “ប៉ុន្តែរដ្ឋបាលខេត្តមានថវិកាហើយ សូម្បីថវិការបស់ក្រសូងក៏ត្រៀមរួចហយដែរ សម្រាប់ការរៀបចំសាលាក្រុង និងការរៀបចំផ្សេងៗទៀត មានដី” ។
លោក វិត វឌ្ឍនា នៅក្នុងមូលដ្ឋានខេត្តកំពត កាលពីមុននេះ មាន៨ក្រុង ស្រុក (ក្រុង១ និងស្រុក ៧) ប៉ុន្តែបច្ចុប្បនេះ ខេត្តមានក្រុងចំនួន២ និងស្រុកចំនួន ៦ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ លេខ ៣៨.អនក្រ. បក ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១សម្រេច បង្កើត ក្រុងបូកគោ នៃខេត្ត ដោយកាត់យកឃុំចំនួន ៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការអភិវឌ្ឍន៍ ឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត៕