ដោយៈគង់ សូរិយា
ភ្នំពេញៈ អាគារការិយាល័យចំនួន៤ទៀត នឹងដាក់ចូលទីផ្សារនៅក្រុងភ្នំពេញនាដំណាច់ឆ្នាំនេះ ដែលធ្វើឲ្យទំហំការិយាល័យរួម នៅក្នុងទីផ្សារកើនជិតដល់៨០ម៉ឺនម៉ែត្រការ៉េ។
លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ជាមួយនឹងការឈានទៅបញ្ចប់ត្រីមាសទី១ឆ្នាំនេះ យើងសង្កេតឃើញថា ទីផ្សារការិយាល័យមានភាពល្អប្រសើរ បើធៀបនឹងចុងត្រីមាសទី៤ឆ្នាំមុន។ ជាមួយនឹងទំហំការិយាល័យសរុបកើនដល់៦០ម៉ឺនម៉ែតត្រការ៉េ គិតត្រឹមដំណាច់ឆ្នាំមុន ទំហំការិយាល័យជិត២០ម៉ឺនម៉ែត្រការ៉េទៀត នឹងដាក់ដំណើរការនៅឆ្នាំនេះ។
លោកស្រីបន្តថា “អាគារការិយាល័យដែលនឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ រួមមានអាគារការិយាល័យធនាគារស្ថាបនា អាគារGIA TOWER, Platiron TowerនិងអាគារCEO Kt Pacific”។ លោកស្រីបន្តថា “ទោះជាមានភាពប្រសើរឡើងក្តី ប៉ុន្តែតម្លៃជួលការិយាល័យរួមនៅក្នុងទីផ្សារបានថយចុះចន្លោះពី៥ទៅ១០ភាគរយ”។
បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានអាគារការិយាល័យសរុបចំនួន៧៨កំពុងដំណើរការនៅលើទីផ្សារជួល ដែលចំនួននេះរួមបញ្ចូលនូវអាគារការិយាល័យកម្រិតA កម្រិតB និងការិយាល័យកម្រិតC ប៉ុន្តែក្នុងចំណោមអាគារការិយាល័យទាំងនោះ អាគារការិយាល័យកម្រិតBមានចំនួនច្រើនជាងគេ ដោយសារការិយាល័យកម្រិតB មានតម្លៃសមរម្យ និងសមស្របនឹងលក្ខខ័ណ្ឌចំណាយរបស់ក្រុមហ៊ុនថ្មិៗ។
អ្នកជំនាញបាននិយាយថា ការជួលការិយាល័យ នៅតាមអាគារការិយាល័យផ្សេងៗ បានផ្តល់នូវភាពល្អប្រសើរសម្រាប់ក្រុមហ៊ុននិមួយៗ ដោយពួកគេអាចកសាងបណ្តាញជាមួយក្រុមហ៊ុន នៅក្នុងអាគាររួមដើម្បីពង្រីកឬទំនាក់ទំនងអាជីវកម្មរបស់ពួកគេ ហេតុនេះទើបនិន្នាការជួលការិយាល័យនៅតាមផ្ទះល្វែង និងវីឡាបានថយចុះនៅកម្ពុជា៕