ក្រុមហ៊ុនកូរ៉េបោះទុន២០លានដុល្លារលើរោងចក្រដំឡើងរោងងចក្រផលិត ម៉ូតូកង់បីនៅកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ បន្ទាប់ពីក្រុមហ៊ុន Onion Mobility Co., Ltd បោះទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក បង្កើតរោងចក្រដំឡើងកង់បីអគ្គិសនី នៅក្នុងខេត្ដកណ្ដាល កង់បីអគ្គិសនី ONiON ដែលរចនាបង្កើតឡើងនៅកូរ៉េ បានបង្ហាញរូបរាងជាផ្លូវការហើយនៅក្នុងទីផ្សារកម្ពុជាហើយកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Khmerinkorea កាលពីថ្មីៗនេះ។

ឆ្លងកាត់ការតំឡើង និងសាកល្បងដ៏ជោគជ័យ ក្នុងរយៈពេល១០ថ្ងៃកន្លងទៅ កង់បីអគ្គិសនីONiON នឹងចាប់ផ្ដើមបង្ហាញទីតាំងបង្ហាញ (ONiON Showroom) និងសា្ថនីយ៍សាកអាគុយ (ONiON Station) របស់ខ្លួន ជាបន្ដបន្ទាប់ទៀតតាមការគ្រោងទុក។

កង់បីអគ្គិសនី ONiON ត្រូវបានតម្លើងនៅក្នុងខេត្ដកណ្ដាល មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ដោយមានទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។

លោក Kay Woo ជានាយកប្រតិបត្ដិ របស់ក្រុមហ៊ុន Onion Mobility Co., Ltd បានបង្ហាញឆន្ទៈរបស់ខ្លួនថា នេះជាការនាំយកមកនូវភាពពេញនិយមក្នុងការប្រើប្រាស់ កង់បីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផលិតយានជំនិះ ដែលមានសេវាកម្មប្រកួតប្រជែង ភ្ជាប់ជាមួយមធ្យោបាយកក់ការធ្វើដំណើរ TADA។

ក្នុងពេលជាមួយគ្នានោះផងដែរ យើងក៏បង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយផ្នែកសេដ្ឋកិច្ច ដល់អ្នកបើកកង់បីផងដែរ។

លោកនាយកប្រតិបត្តិបានបន្តទៀតថា “ការបង្ហាញរូងរាងកង់បីអគ្គិសនីOnion ជាផ្លូវការនៅលើទីផ្សារកម្ពុជា នឹងរួមចំណែកបង្កើនប្រាក់ចំណូលជូនដល់អ្នកបើកបរ បង្កើតការធ្វើដំណើរដោយផាសុកភាព សម្រាប់អ្នកដំណើរ បង្កើតការងារក៏ដូចជាគុណភាពក្នុងការរស់នៅរបស់សហគមន៍ទាំងមូល”។ លោកបន្តថា “ពួកយើងនឹងព្យាយាមក្លាយខ្លួនជាយានជំនិះ ដែលអាចជួយអ្នកទាំងអស់គ្នា កំឡុងពេលនៃការរាតត្បាតសកលនៃមេរោគ Covid19 នេះ”។

កង់បីអគ្គិសនីដំបូងគេនេះ បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ ជាពិសេសគឺ អ្នកបើកបរកង់បីនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ដោយសារកង់បីនេះ ជាកង់បីដំបូងដែលប្រើប្រាស់អគ្គិសនី ជួយកាត់បន្ថយការចំណាយរបស់អ្នកបើក ផ្ដោតលើគុណភាពយូរអង្វែង មានរូបរាងទំនើប មានសម្លេងស្ងាត់ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

ចំនុចដែលគួរឱ្យចាប់អារម្មណ៍អំពីកង់បីអគ្គិសនី ONiON ម៉ូតថ្មីក្នុងទីផ្សារកម្ពុជានេះ គឺវាត្រូវបានរចនាឡើង និងបញ្ចេញគំនិតឡើង (Develop) នៅប្រទេសកូរ៉េ។ លើសពីនេះទៀត ដោយប្រើប្រាស់អគ្គិសនី កង់បីនេះអាចធ្វើដំណើរបានដល់១០០ គីឡូម៉ែត្រសម្រាប់ការសាកអាគុយអគ្គិសនីពេញម្តង ដែលតម្រូវការចំណាយប្រៀបទៅនឹងប្រភេទកង់បីប្រើប្រាស់ហ្គាស LPG គឺចំណេញជាងដល់ទៅ២០%ឯណោះ។

បើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ការចំណាយលើការធ្វើដំណើរដល់១០០គីឡូម៉ែត្រ គឺត្រឹមតែ២ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុនផ្តល់ការធានារហូតដល់៨ម៉ឺនគីឡូ​ម៉ែត្រ ឬរយៈពេល៣ឆ្នាំទៀតផង។

កង់បីអគ្គិសនី ONiON នេះជាផលិតផលរបស់ក្រុមហ៊ុន Onion Mobility Co., Ltd ជាបុត្រសម្ព័ន្ធមួយជាមួយ នឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ MVL TADA (Cambodia) Co., Ltd ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផ្ដល់សេវាកម្មកក់យានជំនិះ ធ្វើដំណើរនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (TADA App)។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ ជាផ្នែកមួយនៃក្រុមហ៊ុន MVLLABS Pte Ltd (MVL) របស់ប្រទេសសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here