ដោយ: គង់ សូរិយា
ភ្នំពេញ: ជាមួយការរំពឹងពីលំហូរទុនវិនិយោគពីក្រៅប្រទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក អនុវិស័យសំណង់នឹងងើបឡើងវិញ ក្នុងអត្រាកំណើនទាបក្នុងរង្វង់២,៩ភាគរយ ក្នុងឆ្នាំ២០២១ និង៧,៨ភាគរយក្នុងឆ្នាំ២០២២ខាងមុខ។
យោងតាមសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២បានឲ្យដឹងងថា បើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើអនុវិស័យសំណង់បានឲ្យដឹងថា ការងើបឡើងវិញក្នុងវិស័យខាងលើនេះ ដោយសារការរំពឹងទុកនូវការត្រឡប់មកវិញ នៃរំហូរទុនវិនិយោគពីបរទេស ការងើបឡើងវិញនូវតម្រូវការក្នុងស្រុក និងការបន្តរីកធំនៃឥណទានផ្តល់ទៅអនុវិស័យនេះ ដែលអាចជួយប៉ះប៉ូវមួយផ្នែកតូច ពីការរំពឹងទុកនូវការរឹតត្បិតរំហូរទុនវិនិយោគពីប្រទេសចិន តាមរយៈការកើនឡើងនូវហិរញ្ញប្បទានក្នុងស្រុក។
ជុំវិញបញ្ហានេះ ពាក់ព័ន្ធក្របខណ្ឌសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ ត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើនទាបប្រមាណ ៤,០ភាគរយ ខណៈក្នុងឆ្នាំ២០២០ មានអត្រាកំណើនអវិជ្ជមាន-៣,១ភាគរយ ក្រោមបរិបទ នៃការអូសបន្លាយនៃជំងឺកូវីដ-១៩ ដោយរំពឹងទុកនូវការងើបឡើងវិញ ក្នុងកម្រិតយឺតនៃតម្រូវការសកល។
ដោយឡែកនៅឆ្នាំ ២០២២ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៧ភាគរយ ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងសកល ទាំងសកម្មភាពផលិតកម្ម តម្រូវការ ការវិនិយោគ និងរំហូរមនុស្ស ដែលនឹងជំរុញដល់ការងើបឡើងវិញ នូវអនុវិស័យជំរុញកំណើនសំខាន់ៗ ដូចជាអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន អនុវិស័យកាត់ដេរ អនុវិស័យសំណង់ និងអចលនទ្រព្យ និងអនុវិស័យគាំទ្រផ្សេងទៀត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា វិស័យសំណង់កម្ពុជា ពិសេសក្នុងវិបត្តិកូវីដ១៩ ការអភិវឌ្ឍន៍វិស័យសំណង់ទាំងគម្រោងតូច-ធំ គឺនៅដំណើរការជាធម្មតា ដោយសង្កេតឃើញថា ដូចជាមិនមានគម្រោងណាជាប់គាំង បើមានគឺតិចតូចប៉ុណ្ណោះ។ ចំពោះការទិញលក់ក្នុងវិស័យសំណង់វិញ មានការធ្លាក់ចុះច្រើន ហើយដំណើការនេះបើបន្តអូសបន្លាយយូរ ដែលអាចប្រឈមបញ្ហាខ្លះៗផងដែរ៕